ខេត្តព្រះសីហនុ ៖ ក្នុងឱកាសជួបពិភាក្សាការងាររវាង ភារៈធារី នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា និងថ្នាក់ដឹកនាំខេត្តព្រះសីហនុ កាលីពីថ្ងៃចន្ទ ១១កើត ខែទុតិយាសាឍ ឆ្នាំច ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ លោក ជា លី ភារៈធារី នៃស្ថានទូតចិន ប្រចាំនៅកម្ពុជា បានមានប្រសាសន៏ថា កម្ពុជានិងចិនគឺជាមិត្តល្អជាមួយគ្នា។
លោក ជា លី បានកោតសរសើរថា អភិបាលខេត្តព្រះសីហនុ បានដឹកនាំអភិវឌ្ឍខេត្តអោយមានការប្រែប្រួលរីកចំរើនលឿនគួរអោយកត់សំគាល់។ថ្មីៗនេះវត្តមានអាគារខ្ពស់ៗបាននឹងកំពុងរីកព្រោងព្រាតនៅក្នុងក្រុងព្រះសីហនុ។
លោក លី បញ្ជាក់ថា ក្នុងនាមស្ថានទូតចិននិងប្រទេសចិន សូមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្តេជ្ញាជម្រុញអោយមានការអភិវឌ្ឍថែមទៀតលើវិស័យវិនិយោគនិងសន្តិសុខផងដែរ។
លោក បានបញ្ជាក់ថា ប្រសិនបើមានជនជាតិចិនណាបានមកបង្កបញ្ហានៅខេត្តព្រះសីហុ សូមអាជ្ញាធរខេត្តព្រះសីហនុ ជួយផ្តល់ដំណឹងទៅស្ថានទូតផងដើម្បីជួយសហការដោះស្រាយ ធ្វើយ៉ាងណាអោយសាធារណៈជនទូទៅអាចផ្តល់សេចក្តិទុកចិត្តបាន។លោក លី បន្ថែមថា តាមរយៈទំានាក់ទំនងល្អរវាងកម្ពុជានិងចិនដែលមានស្រាប់ភាគីទាំងពីរគឺជាមិត្តល្អជាមួយគ្នាជានិច្ច។
ជាការឆ្លើយតប ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា ខេត្តព្រះសីហនុ ស្វាគមន៏អ្នកវិនិយោគនិងទេសចរគ្រប់សញ្ជាតិដោយមិនកាន់ថាសាសន៏ឡើយ។ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោក បញ្ជាក់ថា៖ សូមធានាចំពោះសន្តិសុខ សុវត្ថិភាពជូន ទាំងពលរដ្ឋខ្មែរ ,អ្នកវិនិយោគ និងភ្ញៀវទេសចរ គ្រប់ជាតិសាសន៏ ។ខេត្តព្រះសីហនុ មានសមត្ថភាបគ្រប់គ្រាន់ក្នុងការការពារទប់ស្កាត់ ដើម្បីបុព្វហេតុសន្តិសុខ សុវត្ថិភាព សូមកុំមានការព្រួយបារម្ភ៕
គួររំលឹកថា កន្លងមក ឯកឧត្តម អភិបាលខេត្តបានក៏បានបញ្ជាក់ផងដែរថា មិនអនុញ្ញាតអោយជនបរទេសអ្នកណាមកធ្វើស្តេចក្រាញ់នៅខេត្តព្រះសីហនុឡើយ។កម្ពុជាមានច្បាប់ ជនណាដែលប្រព្រឹត្តខុសច្បាប់កម្ពុជា ត្រូវតែមានចាត់ការដោយយកច្បាប់ជាគោល។ឯកឧត្តម អភិបាលខេត្ត បញ្ជាក់ថា សព្វថ្ងៃនេះនៅខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគច្រើនដែរ តែក្រុមហ៊ុនច្រើនជាងគេគឺមកពីប្រទេសចិនប្រមានពី៦០%ទៅ៧០%។
សូមបញ្ជាក់ថា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០១៨នេះដែរ ក្រៅពីជំនួជាមួយភារៈធារីនៃទូតចិន អភិបាលខេត្តព្រះសីហនុ ក៏បានជួបពិភាក្សាជាមួយប្រតិភូសភាប្រជាជនក្រុងណាននីងនៃប្រទេសចិនមួយផ្សេងទៀតនាសៀលថ្ងៃដដែលនេះ ដែលដឹកនាំដោយ លោក Liu Xoing អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៏នៃសភាប្រជាជនក្រុងណាននីង។
យោងតាម លោក Liu Xoing អោយដឹងថាគោលបំណងសំខាន់ជំនួបនេះគឺជម្រាបជូនដំណឹងអំពីដំណើរការនៃការសាង់សង់សួនច្បារមិត្តភាព ព្រះសីហនុ.ណាននីង នៅទីក្រុងណាននីងប្រទេសចិន និងការផ្តល់អាហារូនករណ៏សំរាប់សិស្សនិស្សិត នៃប្រទេសសមាជឹកអាស៊ាន ព្រមទាំងការគោរពអញ្ជើញអភិបាលខេត្តព្រះសីហនុ ចូលរួមក្នុងកម្មវិធីពិពរណ៏ចិន.អាស៊ាន(China-Asean Expo)និងពិពរណ៏សួនច្បារអន្តរជាតិ(Garden Expo)នៅទីក្រុងណាននីងនៅខែកញ្ញាឆ្នាំ២០១៨ខាងមុខនេះ៕




































