(ពោធិ៍សាត់)៖ លោក លី សុគន្ធីរ ប្រធានមន្ទីរ អប់រំ យុវជន និងកីឡាខេត្តបានថ្លែង នាព្រឹកថ្ងៃទី២០ខែសីហា ឆ្នាំ២០១៨ នៅមណ្ឌល ប្រឡងវិទ្យាល័យពោធិ៍សាត់ស្ថិតនៅក្នុងភូមិចំការចេកខាងត្បូង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ឲ្យដឹងថា សម័យប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំសិក្សា២០១៧-២០១៨ ខេត្តពោធិ៍សាត់ មាន៥មណ្ឌល ស្មើនឹង១៣១បន្ទប់ បេក្ខជនដាក់ពាក្យមាន
ចំនួន៣.២២៧ នាក់ ស្រី១៥២២នាក់និងចែកចេញជា២ផ្នែក។ ១- ផ្នែកវិទ្យាសាស្ត្រមាន២មណ្ឌលស្មើនឹង៦២បន្ទប់ គឺមណ្ឌល វិទ្យាល័យពោធិ៍សាត់ខាងត្បូងនិងសាលាបឋមសិក្សាពោធិ៍សាត់ បេក្ខជនមានចំនួន១.៥១២នាក់ ស្រី៨២៤នាក់។ ២- ផ្នែកវិទ្យា សាស្ត្រសង្គមមាន៣មណ្ឌល ស្មើនឹង៦៩បន្ទប់ គឺមណ្ឌលវិទ្យាល័យពោធិ៍សាត់ខាងជើង អនុវិទ្យាល័យពោធិ៍សាត់ និងអនុវិទ្យាល័យ ព្រែកស្តីមានបេក្ខជន១.៧១៥នាក់ ស្រី៦៩៨នាក់។
នៅក្នុងចំណោមបេក្ខជនប្រឡងទាំងនោះមានបេក្ខជនស្វ័យរិនចំនួន៧៨៧នាក់ស្រី ៣៦៥ នាក់និងបេក្ខជនបំពេញវិជ្ជាចំនួន១១២នាក់ស្រី៣១នាក់ ។ បើប្រៀបធៀបទៅនឹងឆ្នាំសិក្សា២០១៦-២០១៧ មានការថយចុះផ្នែកវិទ្យាសាស្ត្រមួយមណ្ឌល និងកើនផ្នែកវិទ្យាសាស្ត្រសង្គម មួយមណ្ឌលវិញ ។ លោកបានឲ្យដឹងទៀតថា ចំពោះវិញ្ញា សារ គឺផ្នែកវិទ្យាសាស្ត្រ រួមមាន ប្រវត្តិវិទ្យា ជីវៈវិទ្យា គីមីវិទ្យា គណិតវិទ្យា រូបវិទ្យា ភាសារបរទេសនិង អក្សរសាស្ត្រខ្មែរ និង ផ្នែកវិទ្យា សាស្ត្រសង្គម មានផែនដីវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌ពលរដ្ឋវិទ្យា និងអក្សរសាស្ត្រ ខ្មែរ។
ក្នុងកិច្ច ដំណើការប្រឡងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២០-២១ខែសីហា នេះក៏មានការចូលរូមពី ឯកឧត្តម ខូយ គឹមហុង តំណាងអង្គភាព ប្រឆាំងអំពើពុករលួយ និងក្រុមអ្នក សង្កេតការណ៍មកពីសហ ភាពសហព័ន្ធយុវជន១៥៦នាក់និងកងកម្លាំងប្រដាប់អាវុធ ជាច្រើនទៀតដើម្បី ចូលរួមពិនិត្យតាមដាន និងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់មុន ពេលនិងបញ្ចប់ការប្រឡង។
ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិងកីឡា និងជាប្រធានគណៈមេប្រយោគ ទូទាំងប្រទេសប្រចាំ មណ្ឌលពោធិ៍សាត់ និងលោកស្រី ម៉ែន ផល្លី អភិបាលរងនៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈ អភិបាលខេត្ត និងលោកតំណាងអង្គភាពប្រឆាំងអំពើពុករលួយ ដែលបានអញ្ជើញជាកិត្តិយស ក្នុងការកាត់ស្រោម និងបើកវិញ្ញា សាប្រឡងសញ្ញាបត្រទុតិយភូមិនៅមណ្ឌលប្រឡងវិទ្យាល័យពោធិ៍សាត់ខាងត្បូងនោះ បានជម្រាបទៅដល់ក្មួយៗជាបេក្ខជន និង បេក្ខនារីទាំងអស់ថា ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមកក្រសួងអប់រំ យុវជននិងកីឡាតែងតែដាក់បទបញ្ជាយ៉ាង ម៉ឺងម៉ាត់ក្នុងគោល បំណង រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់និងរបៀបរៀបរយ ក្នុងការប្រឡងរបស់ក្មួយៗឲ្យមានភាពរលូនតម្លាភាពសុក្រិត្យ ត្រឹម ត្រូវនិងទទួលយកបានទាំងអស់គ្នាទាំងបរិមាណនិងគុណភាព។ ហេតុនេះសូមឲ្យក្មួយៗទាំងអស់ត្រូវតែខិតខំប្រឹងប្រែងឲ្យអស់ លទ្ធភាពដែលខ្លួនចេះ កុំពឹងផ្អែកទៅលើឯកសារខាងក្រៅឲ្យសោះ ពីព្រោះ នៅខាងក្រៅមានក្រុមការងារដូចជា អង្គភាពប្រឆាំង អំពើពុករលួយ សហភាពសហព័ន្ធយុវជននិងកងកម្លាំងប្រដាប់អាវុធ ចូលរួម និងសម្រាប់ពិនិត្យតាមដាន និងការពារយ៉ាង ម៉ឺងម៉ាត់ បំផុត។
ឯកឧត្តមបានថ្លែងទៀតថា នេះគឺជាពេលវេលាចុងក្រោយហើយសម្រាប់ក្មួយៗ វាស់កម្រិតយល់ដឹងនិងសមត្ថភាពព្រោះថា បើយើងមានលទ្ធភាពជាប់ បើគ្មានលទ្ធភាពទេនោះពិតជាធ្លាក់ជាក់ជាមិនខានឡើយ ព្រោះថានៅក្នុងសង្គមយើងបច្ចុប្បន្នគឺទាមទា អ្នកមានចំណេះដឹងចំណេះធ្វើស្របទៅតាមទីផ្សារនិងបច្ចេកវិទ្យាសាស្ត្រទំនើបទាំងក្នុងតំបន់ និងទាំងនៅលើពិភពលោក។ តែទោះ ជាយ៉ាងនេះក៏ដោយក្នុងនាមថ្នាក់ដឹក នាំក្រសួងនិងអាជ្ញាធរខេត្ត សូមឲ្យក្មួយៗទាំងអស់បានប្រឡងជាប់ និងចូលរួមរក្សា និង អនុវត្តបទបញ្ជាផ្ទៃក្នុងពេលប្រឡងនេះឲ្យបានត្រឹមត្រូវ ដើម្បីនាំមកនូវកិត្តិយសនិងភាពថ្លៃថ្នូជូនខ្លួនឯងផងក្រុមគ្រួសារ និង សាលា រៀនយើងផង៕




































