ព្រះសីហនុ;ព្រឹកថ្ងៃអង្គារ៍ ១០រោច ខែស្រាពណ៌ សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែសីហាឆ្នាំ២០១៨ អាជ្ញាធរខេត្ត-ក្រុង មន្ត្រីរាជការ សិស្ស និសិ្សត និងប្រជាពលរដ្ឋខេត្តព្រះសីហនុ រួមគ្នាធ្វើចលនាសំអាតអនាម័យបរិស្ថានទីសាធារណៈ ដើម្បីផ្សព្វផ្សាយអប់រំនិងបំផុសស្មារតីដល់សាធារណជនទូទៅឱ្យមានការកែទម្លាប់បោះសំរាមពាសវាលអោយងាកមកចេះទុកដាក់ វេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសោភ័ណភាពទីក្រុង។
ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវដើម្បីអោយក្រុមហ៊ុនប្រមូលសំរាមងាយប្រមូល។ជាមួយនេះ ឯកឧត្តម យន្ត មីន រំលឹកក្រុមហ៊ុនKSWMដែលទទួលបានសិទ្ធក្នុងការប្រមូលសំរាមនៅក្រុងព្រះសីហនុ ត្រូវបង្កើនសកម្មភាពការងារប្រមូលសំរាមអោយបានទាន់ពេលវេលាគ្រាដែលសំណល់សំរាមមានការកើនឡើងយ៉ាងគំហុកក្នុងពេលបច្ចប្បន្ន។
គួររំលឹកថាចលនាសំអាតបរិស្ថាន អនាម័យក្រុងដែលដឹកនាំដោយរដ្ឋបាលខេត្តព្រះសីហនុ ត្រូវបានធ្វើជាបន្តបន្ទាប់ដោយមានមន្ត្រីរាជការ ពលរដ្ឋ សិស្សសាលាចូលរួមយ៉ាងសកម្មផងដែរ ដើម្បីបំផុសគំនិតសាធារណៈជនចូលរួមក្នុងការថែរក្សាបរិស្ថានក្រុងទេសចរយើងអោយបានប្រសើរ៕






































