រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ និង​អាជ្ញាធរ​ខេត្ត​កំពង់ចាម​ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ ពលរដ្ឋ​រងគ្រោះដោយ​ទឹក​ជំនន់​ ក្នុង​ស្រុក​ពៃឈរ​

0

កំពង់ចាម​:​ ឯកឧត្តម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ អមដំណើរដោយ​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ចាម​ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូបទៀត​ នាព្រឹក​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៨នេះ​ បាន​អញ្ជើញ​ចុះសាកសួរសុខទុក្ខ និងព្យាបាលជម្ងឺ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់​ នៅទីទួលសុវត្ថិភាព(ទួលបេង) ស្ថិត​ក្នុង​ភូមិ​កំពង់​សំណាញ់​ ឃុំមៀន ស្រុកព្រៃឈរ​ ​ខេត្តកំពង់ចាម ព្រមទាំងចែកជូនអំណោយជាមុងន-ភួយ​ ទាំង៣៥០គ្រួសារ​ផង​ដែរ​។
ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្ដម​ ម៉ម​ ប៊ុនហេង​ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ បានពាំនាំមកនូវការសាកសួរសុខទុក្ខ​ ពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និង​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ បងប្អូនប្រជាពលរដ្ឋ​ ដែល​រងគ្រោះដោយធម្មជាតិទឹកជំនន់ ជាមួយគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី​ បានមានប្រសាសន៍អប់រំសុខភាពដល់​បងប្អូន​ប្រជាពលរដ្ឋ​ ស្តីពី ប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្តន៍ មុនពេល​ អំឡុងពេល និងក្រោយពេលមានទឹកជំនន់ ជាពិសេស ហូបស្អាត ផឹកស្អាត រស់នៅស្អាត​ ដោយមានសៀវភៅ​ភ្ជាប់ជាមួយ​ ព្រមទាំងបង្ហាញផ្ទាល់ពីរបៀបលាយ​ថ្នាំ​ក្លរ៉ាមីនជាមួយទឹក២០លីត្រ និងបន្តក់គ្រាប់ថ្នាំជីវជាតិអា ដោយផ្ទាល់ដល់កុមារចំនួន១៥៨នាក់​ ហើយ​ក៏មាន​ការពិនិត្យ​ និងព្យាបាលជម្ងឺជូន​ដល់​ប្រជាពលរដ្ឋ​ សរុប២១៩នាក់​ ផង​ដែរ​។

ជាមួយគ្នានោះដែរ​​ ឯកឧត្តម​ គួច​ ចំរើន​ អភិបាលខេត្តកំពង់ចាម​ បានធ្វើការអំពាវនាវ​ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដោយទឹកជំនន់នេះ គឺត្រូវ​ឲ្យ​មានការប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែល​បណ្តាល​​ឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេស​​ប្រុងប្រយ័ត្ន​ខ្ពស់ចំពោះ កុមារ ជនពិការ និងចាស់ជរា។ ព្រមទាំង​មាន​ការ​ប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអសិរពិសនានាចឹក ក្នុងករណីបើមានសត្វអសិរពិសចឹក​ សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់​ធ្វើការ​ព្យាបាល​ភ្លាមៗ​ យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត​ ៕