ដោយ៖ឡុង សំបូរ ខេត្តព្រះវិហារ៖ សេចក្តីក្រើនរំលឹករបស់ មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នោះគឺបានធ្វើឡើងនៅគ្រាដែលោកមេបញ្ជាការ និងមន្ត្រីយោធាសំខាន់ៗជាច្រើនរូបទៀត របស់សឹងរងខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន របស់មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ លោកឧត្តមសេនីយ៍ឯក ជា ម៉ន និងអភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ទៅឧបត្ថម្ភជូនកងទ័ព នៃអង្គភាពវរៈសេនាលេខ២ ក្នុងចំណុចឈរជើងអាងទឹក លើកំពូលភ្នំមួយដែលមានកំពស់ជិត៧០០ម៉ែត្រ និងនៅចំណុចចំការក្រូច នៃលេណដ្ឋានសមរភូមិមុខ ក្នុងខេត្តព្រះវិហារ កាលពីថ្ងៃទី២០សីហាម្សិលមិញ។
នៅក្នុងដំណើរដឹកនាំមន្ត្រីយោធាសំខាន់ៗ របស់មេទ័ពប្រចាំព្រំដែនកម្ពុជា-ថៃ និងឡាវនោះ ត្រូវគេនិយាយថា ក្រៅពីការនាំយកអំណោយ និងថវិការបស់ថ្នាក់ដឹនាំ ទៅឧបត្ថម្ភកងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅព្រំប្រទល់ដែន នៃប្រទេសទាំង៣នោះ លោកមេបញ្ជាការសឹករងខេត្ត ក៏នៅបានចុះសួរសុចទុក្ខ និងពិនិត្យអំពីស្ថានភាពរស់នៅ របស់នាយទាហាន និងពលទាហាន នៅលើកំពូលភ្នំមានកំពស់៦៧៧ម៉ែត្រ និងនៅតាមភូមិសាស្ត្រចំការក្រូចនោះផងទៀត។ ហើយថវិកាដែលថ្នាក់ដឹកនាំ តម្រូវឧបត្ថម្ភដល់កងទ័ពប្រចាំទិសសមរភូមិមុខនាគ្រានោះ ត្រូវគេដឹងថា គឺមានចំនួន៤លាន ៦សែន ៦ម៉ឺនរៀល ទុកសំរាប់កសាងអង្គភាព និងថវិកាចំនួន ៣០ម៉ឺនរៀលបន្ថែមទៀត ឧបត្ថម្ភជូនដល់គ្រួសារកងទ័ព ដែលកំពុងរស់នៅ ប្រចាំតាមបណ្តាចំណុចឈរជើងនីមួយៗ នៅលើកំពូលភ្នំ និងនៅចំណុចចំការក្រូចនោះ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាគ្រានោះ លោកបានកោះប្រជុំមេទ័ពសំខាន់ៗប្រចាំព្រំដែន ដើម្បីប្រកាសមុខងារថ្មី ជូនដល់មេទ័ពព្រំដែនមួយចំនួន របស់អង្គភាពវរៈសេនាតូចលេខ២ ចំណុះតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ព្រមទាំងបានប្រជុំដាក់ផែនការមួយចំនួនបន្ថែមទៀត ដល់នាយទាហាននៅទីនោះ ឲ្យចេះគោរពតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានខ្ជាប់ខ្ជួន ស្របទៅតាមផែនការ និងបទបញ្ជារបស់កងយោធពលខេមរភូមិន្ទ ។
ស្របពេលជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍មេបញ្ជាការ ក៏បានដាក់ចេញនូវវិធានការបន្ថែមទៀត ទៅដល់មេទ័ពប្រចាំព្រំដែន សំរាប់យកទៅអនុវត្តឲ្យមានប្រសិទ្ធិភាព គឺត្រូវតែរួមគ្នា ធ្វើការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន មានដូចជាការរត់ពន្ធគ្រឿងញៀនឆ្លងដែន ការនាំឈើប្រណិតឆ្លងដែន ការនាំពលករឆ្លងដែន និងត្រូវទប់ស្កាត់ការធ្វើចំណាកស្រុករបស់ពលរដ្ឋ ដែលមានបំណងលួចឆ្លងដែនទៅរកកាប់ឈើក្រញូង នៅក្នុងទឹកដីថៃដោយខុសច្បាប់ នោះជាដើម។ល។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានបញ្ជាក់ថា ក្រៅពីកិច្ច
ការពារអធិបតេយ្យភាពទឹកដី និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនដោយខុសច្បាប់នោះ កងទ័ពទាំងអស់ ក៏ត្រូវងាកមករួមសាមគ្គី ឯកភាពផ្ទៃក្នុងគ្នាជាធ្លុងមួយ ដើម្បីកសាងបាននូវកម្លាំងមួយដ៏រឹងមាំ ក្នុងកិច្ចការពារបូរណភាពទឹកដី មិនឲ្យសត្រូវឈ្លានពានបានជាដាច់ខាត ត្រូវរួមគ្នាកសាងអង្គភាព ទីជម្រកស្នាក់នៅរបស់កងទ័ព ហើយក៏ត្រូវខិតខំបង្កបង្កើនផល និងការចិញ្ចឹមសត្វ ដើម្បីជួយលើកកំពស់ជីវភាពប្រចាំថ្ងៃ របស់បងប្អូនគ្រួសារកងទ័ព ឲ្យបានកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ៕




































