មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះសួរសុខទុក្ខយោធិនម្នាក់ទៀត ដែលជួបគ្រោះថ្នាក់

0

កំពង់ធំ៖  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍ គឺមិនបានរើសមុខ អ្នកក្រ អ្នកមាន មន្រ្តីរាជការ កម្លាំងនោះឡើយ វាអាចកើតឡើងគ្រប់ពេលវេលា នៅពេលដែលយើងទាំងអស់គ្នា មានការធ្វើប្រហែស និងខ្វះការប្រុងប្រយ័ត្ន នឹងអាចកើតឡើងដល់យើងគ្រប់គ្នា វិធីការពារយើងទាំងអស់ គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ។

ជាក់ស្តែង លោកអនុសេនីយ៍ឯក ថុន ស៊ីធឿន ហៅ មាំង អាយុ ៥២ ឆ្នាំ ឋានន្តរសក្កិអនុសេនីយ៍ឯកនាយរងការិយាល័យយោធាតំបន់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានរងនូវគ្រោះថ្នាក់ចរាចរបណ្ដាលមកពីរថយន្ដគៀពេលគាត់កំពុងជិះម៉ូតូមកបំពេញភារកិច្ចនៅក្នុងអង្គភាព បណ្តាលឲ្យរងរបួស ជាច្រើនកន្លែង ដូចជាដងខ្លួន ក្បាល ​ជើង បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួសនៅគិលានដ្ឋាន​ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានកើតឡើង នៅវេលាម៉ោង ៦:៥៥នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចន្លោះព្រំប្រទល់ស្រុកកំពង់ស្វាយ និងក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ កាលពីថ្ងៃទី ២០ ខែសីហាឆ្នាំ ២០១៨ បណ្ដាល​ឲ្យ​សន្លប់​នៅ​លើ​ដងផ្លូវ​  ហើយ​រថយន្ត​បើក​រត់​គេច​បាត់​ស្រមោល​ ។

ទើបថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំង ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញទៅសាកសួរសុខទុក្ខនិងបានជួយឧបត្ថម្ភនូវទឹកផ្លែឈើចំនួន ០១ កេសនិងថវិកា ៣០០,០០០ រៀលនិងដោះស្រាយថ្នាំព្យាបាលរបួសជូនគាត់នៅគិលានដ្ឋាន នៃបញ្ជាការដ្ឋាន តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជូនរហូតដល់បានជាសះស្បើយដោយមិនគិតប្រាក់ ។

លោក ថុន  ស៊ីធឿន ព្រោះទាំងក្រុមគ្រួសារ មានក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះ ឯកឧត្តម សោម ស៊ុន មេបញ្ជាការ ព្រមទាំងថ្នាក់ដឹកនាំ ការិយាល័យ ដែលបានយកចិត្តទុកដាក់មកលើរូបខ្ញុំ ។ សូមគោរពជូនពរ ឯកឧត្ដម អស់់លោក-លោកស្រី សូមជួបប្រទះតែនឹងពុទ្ធពរទាំងឡាយ ០៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ  ប៊ុន  រដ្ឋា