ព្រះវិហារ៖ ឯកឧត្តម គង់ វិមាន តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យរៀបចំនិងកែសម្រួលព្រំប្រទល់រដ្ឋបាលក្នុងស្រុកគូលេន និងបានបោះបង្គោលព្រំប្រទល់រវាងរដ្ឋបាលឃុំស្រយង់ និងឃុំភ្នំពេញ ក្រោយពីបានឯកភាពគ្នា ក្នុងកិច្ចប្រជុំ គម្រោងបង្កើតឃុំរដ្ឋបាល និងភូមិមួយចំនួន នៅក្នុងស្រុកគូលេន ឃុំស្រយ៉ង ខេត្តព្រះវិហារ ។

កិច្ចប្រជុំស្ថិតក្រោមអធិបតីភាព ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តព្រះវិហារ ដោយមានការចូលរួមពីសំណាក់លោកប៉ាំង យាត អភិបាលស្រុកគូលេន លោក គុជ សុវណ្ណារី នាយកទីចាត់ការផែនការវិនិយោគសាលាខេត្ដព្រះវិហារ លោកសំ សារឿន ប្រធានមន្ទីរសូរិយោដីខេត្តព្រះវិហារ រួមទាំងមេឃុំ មេភូមិ កងម្លាំង មន្រ្តីរាជការ ចូលរួមប្រជុំ៧៥នាក់ នៅផ្ទះក្រហម ស្ថិតនៅឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ នៅព្រឹកថ្ងៃ ទី២២ ខែសីហា ឆ្នាំ ២០១៨។
ក្នុងកិច្ចប្រជុំគឺមានគោលបំណង ស្តីពីការកំណត់ព្រំប្រទល់រដ្ឋបាលឃុំសង្កាត់ ដោយបានលើកយកនូវផែនទី ឃុំស្រយ៉ង់ ដើម្បីពិនិត្យសម្រេច រួមគ្នា ដោយមានការឯកភាពគ្នា ក្នុងការកំណត់ព្រំប្រទល់ឃុំនីមួយៗ ហើយបានបោះបង្គោលព្រំបញ្ជាក់ទីតាំងច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរបស់រដ្ឋបាលឃុំ ដែលបច្ចុប្បន្ន ឃុំស្រយ៉ង់ មានផ្ទៃដីជាង១១ម៉ឺនហិចតា មាន៣១៨៨គ្រួសារ មានមនុស្សចំនួន ១២៩៨៥ នាក់ ចំនួន៧ភូមិ គឺជាឃុំដែលមានភូមិនីមួយៗនៅឆ្ងាយ ដាច់ស្រយ៉ាល ធ្វើឲ្យមានផលពិបាកក្នុងការគ្រប់គ្រង់។
ឯកឧត្តម គង់ វិមាន អភិបាលរងខេត្តព្រះវិហារ បានមានប្រសាសន៍ ផ្តាំផ្ញើរដល់មន្រ្តីរាជការ និងក្រុមការងារ ក្នុងកិច្ចស្តីយន្តការនៃកាស្នើសុំរៀបចំបំបែកភូមិ ,ការបង្កើតភូមិថ្មី ឬលុបចោល ស្របតាមនិតិវិធីច្បាប់ និងត្រូវ មានការឯកភាពគ្នា ដោះស្រាយបញ្ហានៅតាមភូមិឃុំ កំណត់ព្រំប្រទល់ឲ្យមានច្បាស់លាស់ ទើបសម្រេចស្នើរ សុំបំបែកភូមិ និងបង្កើតឃុំថ្មី ដែលសម្រេចពីក្រសួងមហាផ្ទៃ ដែលស្របតាមនិតិវិធីច្បាប់។
ដោយ ប៊ុន រដ្ឋា






































