កំពង់ធំ៖ ឯកឧត្តម បណ្ឌិតញឹមវណ្ណដា ទេសរដ្ឋមន្រ្តីទទួល បន្ទុកអនុប្រធានប្រចាំការ និងជាប្រធានគណកម្មាធិការប្រតិបត្តិ នៃគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នៃព្រះរាជណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារគ្រោះមហន្តរាយ ០៧ខែ ដើមឆ្នាំ២០១៨ និងលើកទិសដៅបន្ត ។
កិច្ចប្រជុំនេះ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធាន មន្ទីរអង្គភាព កងកម្លាំង មន្រ្តីរាជការ និងមេភូមិ មេឃុំ ចូលរួចយ៉ាងច្រើនកុះករ ក្នុងសាលប្រជុំ សាលាខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៨ ដែលបានលើកយកនូវវិធានបទសំខាន់ៗ ក្នុងការត្រៀមលក្ខណៈ ដើម្បីទប់ស្កាត់ និងការពារ ចំពោះគ្រោះមហន្តរាយ ដែលមានបញ្ហាប្រឈម ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ខេត្តកំពង់ធំ គឺជាខេត្តមួយ ដែលមានសក្តានុពល ក្នុងការផលិតដំណាំកសិកម្មនិងឧស្សាហកម្ម ជាពិសេសដំណាំស្រូវ ដែលជាក្នុងចំណោមខេត្តដែលជាប់លំដាប់ថ្នាក់ខាងដំណាំស្រូវ ចំណែកបច្ចុប្បន្ននេះ ខេត្តកំពង់ធំ នៅតាមស្ទឹងសែន ក៏ដូចជាស្ទឹងដ៏ទៃ ពុំទាន់មានបញ្ហានូវទឹកជំនន់ ដែល បង្ករឲ្យមានការព្រួយបារម្ភណ៍នោះឡើយ តែនៅក្នុងរយះពេលខែ កញ្ញា និងខែតុលា បរិមាណទឹកអាចនឹង កើនឡើង បើសិនជាមានភ្លៀងធ្លាក់បន្តបន្ទាប់ ហើយទឹកទន្លេឡើងបញ្ជ្រាសមកវិញ គឺអាចប្រឈមនឹងទឹក ជំនន់ តែក្នុងនោះអាជ្ញាធរខេត្ត អាជ្ញាធរស្រុក រួមទាំងកងកម្លាំងទាំង៣ប្រភេទ បានត្រៀមជាស្រេចទុកមុនក្នុង ហេតុការទឹកជំនន់ទាំងនេះ ។
ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ខេត្តកំពង់ធំ កន្លងមកធ្លាប់ទទួលរងនូវ ទឹកជំនន់ ខ្យល់កន្រ្តាក់ រន្ទះបាញ់ អគ្គីភ័យ និងករណីលង់ទឹក ដែលបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ទាំងហេដ្ឋារចនាសម្ព័ន្ឋ ដំណាំស្រូវ ជីវិត មនុស្សសត្វ ដោយហេតុចាំបាច់ទាំងនេះ គណកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ បានសហការ ជាមួយអង្គការដៃគូ រដ្ឋាភិបាល ប្រចាំខេត្តកំពង់ធំ ត្រៀមទុកជាមុន ដើម្បីសង្រ្គោះឲ្យបានទាន់ពេល វេលា កាត់បន្ថយនូវការខូចខាត និងទុក្ខវេទនារបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បណ្ឌិតញឹមវណ្ណដា ទេសរដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធានប្រចាំការ បានកោតសរសើរនិងវាយតំលៃខ្ពស់ចំពោះអាជ្ញាធរខេត្តកំពង់ធំ និងមន្ទីរ និងអង្គការនានា ដែលបានសហការគ្នាបានល្អ ក្នុងត្រៀមលក្ខណៈ ជាមុនដើម្បី ជួយសង្រ្គោះដល់អាយុជីវិត របស់ប្រជាពលរដ្ឋ ក្នុងពេលមានគ្រោះមហន្តរាយ កើតឡើងនៅក្នុង ខេត្តកំពង់ធំ ក្នុងនោះ ឯកឧត្តម បណ្ឌិតក៏បានអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋ ថែរក្សាសុខភាព បរិភោគអាហាមានអានាម័យ និងយកចិត្ត ទុកដាក់ការពារអាយុជីវិតក្មេង និងមនុស្សចាស់ សត្វពាហនៈ ដែលអាចនិងប្រឈមនិងគ្រោះថ្នាក់ក្នុងរដូវភ្លៀងធ្លាក់នេះ ក្នុងនោះការពារឲ្យបាននូវ ជំងឺគ្រុនឈាម ដែលកំពុងតែរាត្បាត បង្ករឲ្យមានអ្នកជំងឺជាច្រើន កំពុងរក្សាព្យាបាល ជំងឺគ្រុនឈាមនៅតាមមន្ទីរពេទ្យ ។
ដោយ ប៊ុន រដ្ឋា





































