ខេត្តព្រះសីហនុ ៖ ការអភិវឌ្ឍគំហុក, ផ្លូវស្ទើរគ្រប់កន្លែងក៏បានរងការខូចខាតយ៉ាងគំហុកដែរ,តែខណៈនេះរដ្ឋបាលខេត្តព្រះសីហនុ កំពុងជម្រុញអោយធ្វើការជួសជុលជាបណ្តោះអាសន្នដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋ។
ស្របពេលដែលខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុក ក្នុងរយៈកាល២ឆ្នាំចុងក្រោយនេះ បញ្ហាផ្លូវក្នុងក្រុងស្ទើរគ្រប់កន្លែងក៏កំពុងតែខូចខាតយ៉ាងដំណំ ធ្វើអោយប្រជាពលរដ្ឋមួយចំនួនមានការរអ៊ូរទាំនិងរិៈគន់ធ្ងន់ៗតាមបណ្តាញសង្គមផងដែរ។ទន្ទឹមនេះអាជ្ញាធរក្រុង /ខេត្តព្រះសីហនុ និងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏កំពុងតែមានក្តីកង្វល់យ៉ាងខ្លាំងនិងបានជួបប្រជុំពិភាក្សាគ្នារកដំណោះស្រាយជាបន្តបន្ទាប់។
កង្វល់ខ្លាំងដោយសារទំហំនៃការខូចខាតធំធេងពេកហើយការចំណាយថវិកា ជួសជុលក៏មានទំហំធំសំបើម ខណៈខ្ទង់ថវិកា ក្នុ្ងងការជួសជុលឡើងវិញនៅមានកម្រឹត។
ជារៀងរាល់ថ្ងៃបើទោះជាមានភ្លៀងធ្លាក់មិនឈប់ឈរ ក៏ក្រុមការងារបានធ្វើសកម្មភាពជួលជុលទាំងហាលភ្លៀងហាលខ្យល់ទោះណាជាមិនអាចបំពេញចិត្តអ្នកប្រើប្រាស់ផ្លូវថ្នល់បានជាទីគាប់ចិត្តក្តី។
ទាក់ទងនឹងបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៏ថា ចំពោះមុខនេះបានជម្រុញអោយមន្ទីរសាធារណៈការជួសជុលបន្ទាន់ជាលក្ខណៈបណ្តោះអាសន្នសិនដើម្បីអោយពលរដ្ឋអាចធ្វើចរាចរណ៏បាន។នៅពេលរាំងភ្លៀងនឹងរៀបចំជួសជុលឡើងវិញទៀតព្រោះពេលនេះភ្លៀងសើមជោគជាំពេកមិនអាចធ្វើកើត សូមអោយសាធារណៈជនមានការយោគយល់។
ជាមួយនេះ ឯកឧត្តម ទទួលស្គាល់ចំពោះការរិៈគន់ដើម្បីស្នាបនារបស់ពលរដ្ឋតែក្នុងនោះមានបុគ្គលខ្លះបានរិៈគន់ដោយមានចរិតវាយប្រហារតាមមនោគតិទុច្ចរិតទាំងមិនបានយល់ច្បាស់អំពីស្ថានភាពជាក់ស្តែងនៅខេត្តព្រះសីហនុ គ្រានេះមានភ្លៀងធ្លាក់ខ្លាំងស្ទើររាល់ថ្ងៃ ហើយអ្នកបច្ចេកទេសគេមិនអាចធ្វើការជួសជុលអោយមានគុណភាពបានទេ។
តាមលោក ណុប ហេង ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បញ្ជក់ថា មូលហេតុនាំអោយផ្លូវខូចស្ទើរគ្រប់កន្លែងបែបនេះណ្តាលមកពីមូលហេតុ៖
១.ផ្លូវចាស់មានអាយុកាលជាង១០ឆ្នាំទៅហើយវាដល់អាយុកាលត្រូវធ្វើឡើងវិញទាំងអស់
២.ឆ្នាំនេះមានភ្លៀងធ្លាក់ឥតឈប់ធ្វើអោយផ្លូវកាន់តែពុកផុយដូចក្រណាត់ចាស់អញ្ចឹង៣.ខេត្តព្រះសីហនុមានការអភិវឌ្ឍគំហុកពេក ការដឹកជញ្ជូនក៏កើនគំហុកទាំងយប់ទាំងថ្ងៃ ទាំងដឹកគ្រឿងសំណង់ ដឹកដី ដឹកបេតុង ជាដើម ហើយដឹកធ្ងន់ទៀតផង។
លោក ណុប ហេង បន្ថែមថា តាមការប៉ាន់ប្រមាណផ្លូវក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើអោយល្អឡើងវិញត្រូវការថវិកាច្រើនណាស់រហូតខ្ទង់លានដុល្លារ។ចំពោះថវិការបស់ខេត្តនៅមានកម្រឹតមិនអាចធានាការជួសជុលបានទាំងអស់ឡើយ។
ដើម្បីដោះស្រាយបញ្ហានេះបាន លោក ណុប ហេង យល់ឃើញថា មានតែថ្នាក់ជាតិ គឺរាជរដ្ឋាភិបាលប៉ុណ្ណោះទើបអាចដោះបាន។
តែសព្វថ្ងៃនេះ មន្ទីរក៏បានធ្វើការជួសជុលជាលក្ខណៈបណ្តោះអាសន្នប៉ុណ្ណោះ។ហើយការធ្វើរាល់ថ្ងៃទាំងហាលភ្លៀងបែបនេះមិនអាចធានាគុណភាពប្រើប្រាស់បានយូរអង្វែងឡើយគ្រាន់តែដោះបញ្ហាចំពោះមុខប៉ុណ្ណោះ។
ទោះជាបែបនេះក្តី ឯកឧត្តម យន្ត មីន បានបង្ហាញជំហរ ថានឹងខិតខំដោះស្រាយ ស្តារនិងកែលម្អ អោយបានប្រសើរឡើងវិញនៅពេលខាងមុខនេះ។
តែបើត្រូវចំណាយថវិកាច្រើនសំបើមបែបនេះ តើខេត្តព្រះសីហនុ អាចរកថវិកាដើម្បីស្តារផ្លូវទាំងនេះឡើងវិញបានដែរឬទេនោពេលខាងមុខនេះ?
បើផ្លវខូចស្ទើរតែគ្រប់ខេត្តបែបនេះ តើរដ្ឋាភិបាលអាចជួយដោះស្រាយបញ្ហាផ្លូវនៅខេត្តព្រះសីហនុ ជាខេត្តឧស្សាហកម្មពិសេសគំរូពហុបំណងតែមួយគត់របស់កម្ពុជាបានដែរឬយ៉ាងណា?
ដោយ ៖ខៀវ សាវ៉ុន




































