កំពង់ធំ៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគឺជាកម្លាំងដ៏មុតស្រួចក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូតឡើងដោយការបោះឆ្នោត ដូច្នេះកងកម្លាំងរបស់យើងគ្រប់រូបត្រូវតែស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ដែលនឹងត្រូវបន្តដឹកនាំរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅអណត្តិទី៦ ខាងមុខនេះបន្តទៅទៀត ។ 
ប្រសាសន៍នេះត្រូវបានឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ថ្លែងនៅក្នុងអង្គប្រជុំថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាពចំណុះ នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
មេបញ្ជាការគ្រប់បណ្ដាកងឯកភាព ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការដឹកនាំកងកម្លាំងប្រកបដោយប្រសិទ្ធភាព គោរពឲ្យបានដាច់ខាតនូវច្បាប់ស្ដីពីលក្ខន្តិកៈនៃកងយោធពលខេមរភូមិន្ទ ច្បាប់របស់រដ្ឋ និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តឆ្ពោះទៅកាន់មូលដ្ឋានដើម្បីបម្រើប្រជាជនយើងដោយស្មោះត្រង់ សមដូចពាក្យស្លោកមួយឃ្លាបានពោលថា “ ពេលនៅឲ្យប្រជាជនស្រឡាញ់ ពេលចេញឲ្យប្រជាជនរលឹក “ ។
ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរថា កងទ័ពយើងគ្រប់រូបត្រូវចងចាំថា កងទ័ពត្រូវអព្យាក្រិតចំពោះគណបក្សនយោបាយ តែមិនមែនអព្យាក្រិតចំពោះរាជរដ្ឋាភិបាលទេ គឺជាឧបករណ៍មុតស្រួចនិងស្មោះត្រង់ដាច់ខាតជាមួយរាជរដ្ឋាភិបាល វាយកំចាត់រាល់ជនទាំងឡាយណាដែលមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលប្រជាជនបានបោះឆ្នោត ដែលមានប្រជាពលរដ្ឋ ចេញមកគាំទ្រសំលេងឆ្នោតយ៉ាងភ្លូកទឹក ភ្លូកដី ។
ដោយ ប៊ុន រដ្ឋា




































