ពលរដ្ឋ​រងគ្រោះដោយ​ទឹក​ជំនន់​ ​ជិត​៤ពាន់​គ្រួសារ​ ក្នុង​ខេត្តកំពង់ចាម​ បាន​ទទួល​អំណោយ​មនុស្សធម៌​ ពីកាកបាទក្រហម​កម្ពុជា​​

0

កំពង់ចាមៈ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ​ និងជាមេបញ្ជាកងទ័ពជើងគោក(ស្តីទី) អមដំណើរ​ដោយ​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង​លោកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុនជីបម៉ុងគ្រប់ ព្រម​ទាំង​ឯកឧត្តម លោកជំទាវ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរ​ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ ជាច្រើនរូបទៀត បាន​អញ្ជើញ​ចុះសាកសួរសុខទុក្ខ​ សំណេះសំណាល​ និង​នាំយក​នូវ​អំណោយមនុស្សធម៌​កាកបាទក្រហម​កម្ពុជា​ ​ទៅចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋចំនួន​១.៥៣២​គ្រួសារ​ ស្មើនឹង​២ឃុំ​ គឺឃុំកោះសូទិន​ និង​ឃុំកំពង់រាប​ ស្រុក​កោះសូទិន​ ខេត្ត​កំពង់ចាម​ ដែល​កំពុងតែ​រងគ្រោះដោយទឹកជំនន់​ទន្លេ​មេគង្គ​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៨។
ឆ្លៀតក្នុងឳកាសនោះដែរ​ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត​ បានពាំនាំ​នូវប្រសាសន៍ នៃការសាកសួរសុខទុក្ខ ពីសំណាក់​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុន​ សែន​ ដែល​ជានិច្ចកាល​សម្តេច​តែងតែ​យកចិត្តទុកដាក់​ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ​ ដោយមិនគិតពីនិន្នាការ​នយោបាយ​អ្វី​ឡើយ។​ ព្រមទាំង​បានស្នើដល់អាជ្ញាធរត្រូវជួយសង្គ្រោះដល់ពលរដ្ឋគ្រប់ពេលវេលា​ និងជួយសម្រាលនូវទុក្ខលំបាករបស់ពួកគាត់​ រហូតដល់ពេលទឹកស្រកទៅវិញ គឺត្រូវបន្ដផ្គត់ផ្ដង់ ឬផ្ដល់នូវស្បៀង សម្ភារប្រើប្រាស់ ជូនដល់បងប្អូនប្រជាពលរដ្ឋយើង​ ឲ្យបានគ្រប់ៗគ្នា ព្រោះថា ផលដំណាំមួយចំនួន និងលំនៅឋានរបស់ពួកគាត់ ក៏ត្រូវបានខូតខាតផងដែរ។
អំណោយ​មនុស្សធម៌​​ដែល​ត្រូវ​ចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ ​ក្នុងមួយគ្រួសារ​ៗ​ ទទួល​បាន​ អង្ករ០១បេទម្ងន់៣០គីឡូក្រាម​ មី០១កេស​ ទឹកផ្លែឈើ០១កេស​ ត្រីខ១០កំប៉ុង និង​ថ្នាំពេទ្យចំនួន៦មុខផងដែរ។
បន្ទាប់ពីចែកអំណោយរួច ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត និងឯកឧត្តម អភិបាលខេត្ត ព្រមទាំងប្រតិភូអមដំណើរ​ បាន​អញ្ជើញ​ចុះពិនិត្យមើលស្ថានភាព​ ទឹកជំនន់លិចភូមិប្រជាពលរដ្ឋនៅក្នុងស្រុកកោះសូទិន​ ដែលមានភូមិទី៧ ភូមិទី៨របស់ឃុំកោះសូទិន ភូមិកោះថ្មី និងពិនិត្យមើលស្ថានភាពប្រជាពលរដ្ឋជម្លៀសសត្វពាហនៈទៅទីទួលសុវត្ថិភាព ហើយឯកឧត្តម​ ក៏​មាន​ប្រសាសន៍​ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ​ ស្តីពី ប្រការដែលគ្រួសារនីមួយៗត្រូវអនុវត្តន៍ ជាពិសេស​នារដូវ​ទឹកជំនន់នេះ គឺត្រូវ​ហូបស្អាត ផឹកស្អាត រស់នៅស្អាត​ និងថែរក្សាកូន ចៅកុំ​ឲ្យ​មានករណីលង់ទឹក​ និង​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្នចំពោះសត្វពស់ ឬសត្វអសិរពិសនានាចឹក ក្នុងករណីបើមានសត្វអសិរពិសចឹក​ សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់​ធ្វើការ​ព្យាបាល​ភ្លាមៗ​ យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។
ដោយឡែក​ នាព្រឹក​ថ្ងៃ​ទី​២៦​ ខែសីហា​ ដដែល​នេះ​ដែរ​ ឯកឧត្តម​ ហ៊ុន​ ណេង​ តំណាងរាស្ត្រ​មណ្ឌលកំពង់ចាម​ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពង់ចាម​ និង​លោក​ជំទាវ​ អមដំណើរ​ដោយ​មន្ត្រី​ពាក់ព័ន្ធ​ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​ សំណេះសំណាល និង​នាំយក​នូវ​អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជា​​ខេត្ត​ ទៅចែកជូនដល់​បងប្អូន​ប្រជាពលរដ្ឋ​ ចំនួន​២៤០២គ្រួសារ​ នៅក្នុងឃុំពាមកោះស្នា​ ស្រុកស្ទឹងត្រ​ង់​ ខេត្តកំពង់ចាម​ ​ដែល​កំពុងរងគ្រោះដោយ​ទឹកជំនន់ទន្លេមេគង្គ​ ក្នុងនោះក៏មាន​ ថ្នាំពេទ្យមួយចំនួនទៀត​ ប្រគល់ជូនដល់មណ្ឌលសុខភាពពាមកោះស្នា​ សម្រាប់​ធ្វើ​ការ​ព្យាបាល​ដល់​ពលរដ្ឋ​រងគ្រោះ​ផ្សេង​ៗ​ផង​ដែរ​ ៕