អតីត​មេបញ្ជាការ​ផ្នែក​សឹក​រង​សន្ទុក​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ជាអតីត​យុទ្ធ​ជន​ដែល​បាន​កសាង​ជីវភាពធូធារ​

0

 ខេត្តកំពង់ធំ៖   ក្រោយពី​ក្លាយ​ជា​អតីត​យុទ្ធ​ជន​  លោក​វរសេនីយ៍ទោ យ៉េត ហុន​ អាយុ​៦៤​ ឆ្នាំ​  ជាអតីត​មេបញ្ជាការ​ផ្នែក​សឹក​រង​សន្ទុក​ នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​  ត្រូវ​បាន​សម្តេចតេជោ​ ហ៊ុន សែន​ តាម​រយៈ​ ឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម​ បញ្ជា​ឲ្យ​គណៈ​កម្មាធិការ​សមាគម​អតីត​យុទ្ធ​ជន​ខេត្តកំពង់ធំ​ សាងសង់​ផ្ទះ​ថ្មី​មួយ​ខ្នង​ជូន​គាត់​  ព្រោះ​កន្លង​មក​គាត់​គ្មាន​កន្លែង​ស្នាក់​នៅ​ ដោយ​រស់​នៅ​ក្នុង​អង្គភាព​   បច្ចុប្បន្ន​លោក​វរសនីយ៍​ទោ​ យ៉េត ហុន​ និង​ភរិយា​ ព្រម​ទាំង​ក្រុម​គ្រួសារ​ រស់​នៅ​ភូមិ​ស៊ីវុត្ថា​ ឃុំ​ប្រាសាទ​ ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ។

ក្រោយទទួលបានផ្ទះថ្មីដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន​ រយៈពេល​ជិត​មួយ​ឆ្នាំ​កន្លង​មក​ ដោយ​រស់​នៅ​លើ​ផ្ទៃ​ដី​ទំហំ​២,១៥០​ ម៉ែត្រ​ការ៉េ​ ដែល​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ក្រោយ​ទទួល​បាន​ប្រាក់​គោលនយោបាយ​ចេញ​ពី​ជួរកងទ័ព​ លោក យ៉េត ហុន​ និង​ ភរិយា​ បាន​ខិតខំ​ដាំ​បន្លែ​បង្ការ​ផ្សេងៗ​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គ្រួសារ​ បាន​ល្អ​ប្រសើរ​ រួម​ជាមួយ​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​គាត់​ក្នុង​មួយ​ខែៗ​ចំនួន​ ១,៧៩០,០០០​ រៀល​ផង​ដែរ​  ។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​ ដល់​អតីត​ថ្នាក់​ដឹកនាំ​អង្គភាព​  ដែល​ស្ទើរតែ​មួយជីវិត​ស្ថិត​នៅ​ក្នុង​ជីវភាព​ជា​កងទ័ព​  ជាក់ស្តែងនៅ​ល្ងាច​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៨​ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានដឹកនាំសហការីអញ្ជើញទៅសំណេះសំណាលសាកសួរសុខទុក្ខ​ និង​បាន​ផ្តល់​ជូន​គាត់​ផង​ដែរ​នូវ​  អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម , មីយើងចំនួន​ ផ២ កេស​ , ទឹក​ត្រី​ទឹក​ស៊ីអ៉ីវចំនួន ០២ យួរ , ត្រី​.ខកំប៉ុង ០១ យួរ  និង​ថវិកា​ចំនួន​១០០,០០០​ រៀល​  ។

ក្នុងឱកាសនោះដែរ លោក យ៉េត ហុន និងក្រុមគ្រួសារ មានក្តីរំភើបយ៉ាងក្រៃលែង ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់បងប្អូនអតីតយុទ្ធជន ជាពិសេសគឺរូបគាត់ផ្ទាល់ និងសូមគោរពថ្លែងអំណរគុណចំពោះ គណៈកម្មាធិការ សមាគមអតីតយុទ្ធជនកម្ពុជា គ្រប់ជាន់ថ្នាក់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ហើយសូមគោរពជូនពរសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សូមជួបប្រទះតែនឹងពុទ្ធពរទាំងឡាយបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ដោយ ប៊ុ  រដ្ឋា