កំពង់ចាម: ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងសប្បុរសជន នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ បានបន្តនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ចំនួន៦២២គ្រួសារ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។ 
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានពាំនាំមកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ពីសំណាក់សម្ដេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះធម្មជាតិ ទឹកជំនន់ទាំងអស់ ដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយអ្វីឡើយ។ រួមជាមួយការផ្តាំផ្ញើរសាកសួរសុខទុក្ខពី ឯកឧត្តម ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម និងជាប្រធានកត្តិយសកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម។
ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេសត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះ កុមារ ជនពិការ និងចាស់ជរា។ ឯកឧត្តមអភិបាលខេត្ត ក៏សូមឲ្យប្រុងប្រយ័ត្ន ចំពោះសត្វពស់ និងសត្វអាសិរពិសនានាចឹក ព្រោះថាក្នុងកំឡុងពេលទឹកឡើងនេះ មានមនុស្សចំនួន៤៦នាក់ ត្រូវពស់ចឹក និងសត្វអាសិរពិសទិចឬខាំ១០នាក់ហើយ ប៉ុន្តែត្រូវបានព្យាបាលទាន់ពេលវេលា។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍បន្ថែមទៀតថា បើក្នុងករណីមានសត្វអសិរពិសចឹកសូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ព្យាបាល។ ឯកឧត្តមអភិបាលខេត្ត ក៏សូមឲ្យយប្រជាពលរដ្ឋដែររងគ្រោះទាំងអស់ យកចិត្តទុកដាក់ពីអនាម័យ ទាំងអំឡុងពេលទឹកជំនន់ និងពេកស្រកទៅវិញ គឺត្រូវសម្អាតកន្លែងស្នាក់នៅឲ្យបានស្អាតត្រឹមត្រូវ និងត្រូវពិសារទឹកដាំអោយឆ្អិនល្អ។
ក្នុងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោក លី មីន អគ្គនាយកក្រុមហ៊ុន Prince Real Estate (Cambodia) Group ដែលបានរួមចំណែកផ្តល់នូវអំណោយមនុស្សធម៌ទាំងអស់នេះ ជាមួយនឹងកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ៕




































