កំពង់ធំ៖ ឯកឧត្តម ឧត្តមសនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ចុះសួរសុខទុក្ខ ពីជីវភាពរស់នៅរបស់ ស្ត្រីមេម៉ាយដែលជាភរិយាអតីតយុទ្ធជនពលី មានជីវភាពខ្វះខាត តែខំប្រឹងតស៊ូចិញ្ចឹមកូន ០៥នាក់ ក្រោយពីស្វាមីបានមរណៈភាពចោលទៅ ពិធីនេះ បានធ្វើនៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ២០១៨។
លោកស្រី ពៅ ណូ អាយុ៣៩ ឆ្នាំ ជាភរិយាអតីតយុទ្ធជនពលីឈ្មោះ ជុន ប៊ុនធឿន ឋានន្តរសក្ដិពលបាលទោ ចូលបម្រើក្នុងជួរកងទ័ពនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៩៣ នៅអតីតអង្គភាពវរសេនាតូចលេខ៥៥ នៃយោធាខេត្តកំពង់ធំ ហើយបានពលីជីវិតដោយជម្ងឺគ្រុនចាញ់នៅថ្ងៃទី២០ខែ សីហាឆ្នាំ២០០០ បានបន្សល់កូន៥នាក់ រស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រកបមុខរបរធ្វើកម្មករ ដើរស៊ីឈ្នួលគេផ្សេងៗដើម្បីបានប្រាក់ចិញ្ចឹមកូន និងដោះស្រាយឲ្យកូនៗបានទៅរៀនសូត្រគ្រប់ៗគ្នា ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានចុះសិក្សាស្វែងយល់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់គ្រួសារអតីតយុទ្ធជនពលី និងបានពាំនាំនូវអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សមាជិកអចិន្ដ្រៃយ៍គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ផ្ដល់ជូនគាត់នូវអង្ករចំនួន ៥០ គីឡូក្រាម , មីយើងចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៉ីវចំនួន ០២យួរ និងថវិកាចំនួន១១០,០០០ រៀល ។
ក្រុមគ្រួសារលោកស្រី ពៅ ណូ បានថ្លែងអំណរគុណ ឯកឧត្តម ប្រធានសមាគមអតីតយុទ្ធជនខេត្ត និងអាជ្ញាធរ ដោយក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលជានិច្ចកាលសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនពលី ជួយទំនុកបំរ៉ុងផ្តល់ភាពកក់ក្តៅ ដែលធ្វើឲ្យអតីតយុទ្ធជនទាំងអស់ មានទំនុកចិត្តនិងជឿជាក់ជា ខ្លាំងលើការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេច និងប្តេជ្ញាបោះឆ្នោតជូនសម្តេចគ្រប់អណត្តិ ដើម្បី ឲ្យសម្តេចមានលទ្ធភាពដឹកនាំប្រទេស ដែលមានសន្តិភាព និងការអភិវឌ្ឍន៍ បន្តទៀត។
ដោយ ប៊ុន រដ្ឋា





































