កំពង់ចាម: ខណៈពេលដែលទឹកទន្លេមេគង្គ ខេត្តកំពង់ចាម នៅតែបន្តហក់ឡើង បើគិតត្រឹមថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ ទឹកមានកម្ពស់១៥.៥០ម៉ែត្រ ដែលខ្ពស់លើស៣តឹក នៃកម្រិតប្រកាសអាសន្ន១៥.២០ម៉ែត្រ។ បន្ទាប់ពីមានការព្រួយបារម្ភចំពោះផលប៉ះពាល់ ដោយសារទឹកជំនន់ ឯកឧត្តម គួច ចំរើន
អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះពិនិត្យស្ថានភាពទឹកជាប្រចាំ ព្រមទាំងបានចាត់តាំងឲ្យមន្ត្រីជំនាញ ចុះធ្វើការបិទសន្ទះទ្វារទឹក និងរៀបចំស្ថានីយបូមទឹក ចំនួន២កន្លែងនៅជុំវិញក្រវ៉ាត់ក្រុងកំពង់ចាម ដើម្បីធ្វើការបូមទឹកលូ បញ្ជៀសទៅទន្លេ ការពារកុំឲ្យទឹកលិចក្រុងកំពង់ចាម។ តែទោះជាយ៉ាងណា នាពេលនេះទឹកបានជ្រាបចូលក្រុងកំពង់ចាមតិចៗហើយ គឺនៅទល់មុខសណ្ឋាគារមេគង្គ ដោយសមត្ថកិច្ចបានដាក់បំរាមមិនអនុញ្ញាតឲ្យរថយន្តបើកបរឆ្លងកាត់ផងដែរ។ 
បើយោងតាមរបាយការណ៍ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានឲ្យដឹងថា បើចាប់គិតពីអំឡុងពេលទឹកទន្លេមេគង្គចាប់ផ្ដើមហក់ឡើង រហូតមកដល់ពេលនេះ គឺមានមនុស្សចំនួន១៦នាក់បានលង់ទឹកស្លាប់ ក្នុងនោះមានកុមារចំនួន៦នាក់ និង៥២នាក់បានរងរបួសដោយសត្វអាសិរពិស។
ចំពោះផលប៉ះពាល់ដោយទឹកទន្លេមេគង្គ នៅទូទាំងខេត្តកំពង់ចាម គឺមានចំនួន៩ស្រុក លើ១០ក្រុង-ស្រុក ក្នុងនោះមានចំនួន៥៤ឃំុ ស្មើនឹង២៧៩ភូមិ ដែលមានប្រជាពលរដ្ឋចំនួន៣៦.២៨២គ្រួសារ ក្នុងនោះក៏មានការលិចផ្ទះសម្បែងចំនួន២៧.៦២៥ខ្នង និង រុះរើផ្ទុះ៥៣ខ្នង ព្រមទាំងលិចវត្ត និងវិហារអិស្លាម ចំនួន៥៤កន្លែង សាលារៀន៧៨កន្លែង មណ្ឌុលសុភាព០៦កន្លែង។ 
ដោយឡែកដំណាំកសិផលដែលត្រូវរងការលិចលង់ មានស្រូវ ពោត និងដំណាំផ្សេងៗ សរុបចំនួន៩.១០១ហិកតា។ បង្កឲ្យមានការបាក់ច្រាំងទន្លេ៨.៨១៥ម៉ែត្រ ព្រមទាំងលិចផ្លូវប្រវែង២២៩.៧១៧ម៉ែត្រ ក្នុងនោះមានផ្លូវក្រាលគ្រួសក្រហមប្រវែង១៩៣.៥៩៩ម៉ែត្រ ផ្លូវបេតុងប្រវែង៣៤.៩០៨ម៉ែត្រ ផ្លូវកៅស៊ូប្រវែង១.២១០ម៉ែត្រ លិចស្ពាន១៧កន្លែង និងលិចទំនប់ប្រវែង៤០.១៨២ម៉ែត្រ។ 
ជាមួយនឹង វិធានការការពារ និងកិច្ចអន្តរាគមន៍ ជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ឯកឧត្តម អភិបាលខេត្ត តែងតែធ្វើការអំពាវនាវ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហេតុការណ៍ចៃដន្យណាមួយ ដែលបណ្តាលឲ្យប៉ះពាល់ដល់អាយុជីវិត ពិសេសប្រុងប្រយ័ត្នខ្ពស់ចំពោះ កុមារ ជនពិការ និងចាស់ជរា។ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះសត្វពស់ និងសត្វអសិរពិសនានាចឹក ក្នុងករណីបើមានសត្វអសិរពិសចឹក សូមបញ្ជូនជនរងគ្រោះជាបន្ទាន់ទៅកាន់មន្ទីរពេទ្យបង្អែក ដែលនៅជិតបំផុត ព្រោះមានក្រុមគ្រូពេទ្យ និងឱសថគ្រប់គ្រាន់សម្រាប់ធ្វើការព្យាបាលភ្លាមៗ យ៉ាងមានប្រសិទ្ធភាពបំផុត។ 
ជាមួយនឹងវិធានការជួយសង្គ្រោះ អាជ្ញាធរបានជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពចំនួន១៥កន្លែង ដែលមាន១.៤២៩គ្រួសារ ស្មើនឹង៤.៨៣២នាក់ សត្វពាហនៈ ៥.១៩៧ក្បាល។ ក្នុងនោះក៏មានមមន្ត្រីសុខាភិបាល ចុះពិនិត្យសុខភាពប្រជាពលរដ្ឋ នៅតាមទីទួលសុវត្ថិភាព ព្រមទាំងបានធ្វើការណែនាំឲ្យមានការរស់នៅស្អាត និងហូបចុកស្អាត គឺត្រូវទទួលទានទឹកដាំពុះ ចៀសវាងឆ្លងមេរោគផ្សេងៗ ផងដែរ ៕




































