ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនបំពាក់វិទ្យុទាក់ទងដៃ ចំនួន ២៣ គ្រឿងជូនប្រជាការពារ០៥ ភូមិ  

0

កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានអញ្ជើញ​បំពាក់ វិទ្យុទាក់ទងដៃចំនួន ២៣ គ្រឿងជូនប្រជាការពារ០៥ ភូមិ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកបារាយណ៍ ខេត្ត​កំពង់ធំ ក្រោយពីមានការយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ សុវត្តិភាពរបស់ប្រជាពលរដ្ឋ នៅក្នុងមូល​ដ្ឋាន ដើម្បីធ្វើការទំនាក់ទំនងសហការជាមួយសមត្ថកិច្ចអនុវត្ត គោលនយោបាយភូមិឃុំមានសុវត្តិភាព។

ពិធីបំពាក់វិទ្យុទាកទងនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការង​យោធ​ភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមនឹងព្រះគូរចៅអធិការវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ រួម​ជាមួយ​អាជ្ញាធរ​ដែនដី ភូមិ- ឃុំ-ស្រុក និងអធិការនគរបាលស្រុក មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក នគរបាល​ប៉ុស្តិ៍រដ្ឋបាល​ឃុំ​ បានធ្វើឡើង នៅក្នុងបរិវេណវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធិ៍ ស្ថិតនៅភូមិកំញ៉ាត ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣១ខែសីហា​ ឆ្នាំ​២០១៨ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់វិទ្យុទាក់ទង ជូនដល់ប្រជាការពារ ចំនួន ០៥ភូមិ គឺ ភូមិកំញ៉ាត ,ភូមិព្នៅ ,ភូមិត្នោត ,ភូមិទន្សាយ និងភូមិញាតិទន្លេ ដែលជាការចូលរួមនឧបត្ថម្ភរបស់ព្រះអង្គព្រះនាម ចែម មុន្នីចិន្តា គ្រូចៅអធិការវត្តពោធិ៍វង្សហត្ថី ហៅវត្តពោធ៍ ក្នុងនោះបានផ្តាំផ្ញើរ​ដល់ប្រជាការពារ មិនឲ្យយក តួនាទីទៅប្រើប្រាស់នូវអំពើខុសច្បាប់ មិនត្រូវកំណត់ថ្លៃសេវាកម្មការពារក្នុងពិធីនីមួយៗ ហាមប្រើប្រាស់​ស្លាក​សញ្ញាដែលធ្វើឲ្យប៉ះពាល់ដល់កងកម្លាំង ពុំមានសិទ្ធចាប់បុគ្គលណា កសាងសំណុំរឿងទៅតុលាការ សហការជាមួយសមត្ថកិច្ច ចូលរួមគោរពអនុវត្តគោលនយោបាយភូមិឃុំមានសុវត្តិភាព។

ឯកឧត្តមបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ជ ដែលជាម្ចាស់សំលេងឆ្នោត ដែលបានបោះឆ្នោត គាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងឳកាសនេះដែរ ឯកឧត្តម សោម ស៊ុន បានពាំនាំនូវសេចក្តីនឹករលឹក​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានព្រួយបារម្ភណ៍ ពីបញ្ហាសុខភាព និងការប្រកបមុខរបរចិញ្ចឹមជីវិត ប្រចាំថ្ងៃ រួមទាំងបានផ្តាំផ្ញើរ ឲ្យបងប្អូនប្រជាពលរដ្ឋ ជាទៅស្រឡាញ់របស់សម្តេចទាំងអស់ ថែរក្សាសុខភាព ពិសារអាហារមានគុណភាព មានអនាម័យ និងសម្រាកក្នុងមុង ពេលយប់នឹងពេលថ្ងៃ ដើម្បីបញ្ជ្រៀសជំងឺ​គ្រុនឈាម និងគ្រុនចាញ ដែលកំពុងតែរាត្បាយក្នុងរដូវភ្លៀងធ្លាក់នេះ ។

ដោយ  ប៊ុន  រដ្ឋា​