ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងសហការី អញ្ជើញចុះសំណេះសំណាលសាកសួរសុខទុក្ខ និងថ្លែងអំណរគុណ ម្ចាស់ឆ្នោតដែលជាអតីតយុទ្ធជនពិការចំនួន៣០ នាក់ ដែលបានទៅបំពេញកាតព្វកិច្ចបោះឆ្នោតអណត្តិទី៦ និងបានពាំនាំអំណោយសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនសរុប មាននូវអង្ករចំនួន៧៥០ គីឡូក្រាម , មីយើងចំនួន៣០ កេស មុងជ្រលក់ថ្នាំចំនួន៣០ និងថវិកាចំនួន ៩០០,០០០រៀល និងបានជួយដោះស្រាយមធ្យោបាយធ្វើដំណើរជូនបងប្អូនផងដែរ ។

អតីតយុទ្ធជនពិការចំនួន៣០ នាក់ តំណាងឲ្យអតីតយុទ្ធជនពិការ មកពីឃុំចំនួន ០៧ គឺ ( ឃុំកកោះ ,ឃុំជ្រាប់ ,ឃុំតាំងក្រសាំង ,ឃុំប្រាសាទ ,ឃុំព្នៅ ,ឃុំកំពង់ថ្ម និងឃុំត្បូងក្រពើ ) នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលពិធីនេះ ប្រព្រឹត្តទៅនៅក្នុងទីបញ្ជាការ ផ្នែកសឹករងសន្ទុក នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅ ភូមិប្រាសាទ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានផ្សព្វផ្សាយ សភាពការណ៍ជាតិ របស់រដ្ឋសភា និតិកាលទី៦ នឹងដំណើរការរបស់រាជរដ្ឋាភិបាលថ្មីអណត្តិទី៦ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានផ្តាំផ្ញើឲ្យថែទាំសុខភាព និងបង្កបង្កើនផង ចិញ្ចឹមសត្វ ធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា នឹងឯកឧត្ដមទេសរដ្ឋមន្រ្តីគន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បងប្អូននិងបានទទួលនូវប័ណ្ណសមធម៍ សម្រាប់បងប្អូនអញ្ជើញទៅព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋទាំងអស់ដោយឥតគិតថ្លៃ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា អតីតយុទ្ធជនពិការ ឬអតីតយុទ្ធជន គឺជា បុគ្គលមានគុណបំណាច់លើប្រទេសជាតិ ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុប្រទេសជាតិ នាំយកមកនូវសុខសន្តិភាពជូនប្រជាជនខ្មែរ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា យកចិត្តទុកដាក់ជាករណីពិសេសជាង ប្រជាពលរដ្ឋធម្មតា ព្រមទាំងបាន ផ្តាំផ្ញើរឲ្យសមាគមអតីតយុទ្ធជនស្រុកក្រុង រួមទាំងកម្លាំងសមត្ថកិច្ច មើលថែរឲ្យបានល្អ ដោយមិនបានបោះបង់ឲ្យនៅឯកកោរនោះឡើយ ជាពិសេសអតីតយុទ្ធជនគ្រប់រូប នៅក្នុងខេត្តកំពង់ធំ គឺទទួលបានការដោះស្រាយជូន ចំពោះគ្រួសារណាដែលជួបនឹងជីវភាពខ្វះខាត ។
ក្នុងឳកាសនេះផងដែរ បងប្អូនដែលជា អតីតយុទ្ធជនពិការ មានចិត្តរំភើបក្រៃលែង ពេលដឹងថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជួយដល់គ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត គ្រប់សព្វបែបយ៉ាង ធ្វើឲ្យពួកគាត់រឹតតែមានជំហររ៉ឹងមាំ និងជឿជាក់លើការដឹកនាំរបស់សម្តេច ព្រោះពួកគាត់គិតថា បើគ្មានសម្តេចដឹកនាំទេ ក៏គ្មានថ្ងៃនេះដែរ ដូច្នេះដោយបានមើលឃើញនិងភ្នែកពិតប្រាកដ ដែលប្រជាពលរដ្ឋ ទទួលបានសិទ្ធិសេរីភាពស្មើរគ្នា ប្រទេសជាតិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ ជិត៤០ឆ្នាំ និងប្តេជ្ញាគាំទ្របោះឆ្នោតជូន សម្តេចតេជោ ហ៊ុន សែន ឲ្យបន្តដឹកនាំនាវាសន្តិភាពនេះបន្តទៀត។
ដោយ ប៊ុន រដ្ឋា





































