អ្នកតំណាងរាស្ត្រមណ្ឌលកំពត អញ្ជើញក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨

0

កំពត៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ជាវ តាយ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពត បានអញ្ជើញអមដំណើរលោក ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត និងជាប្រធានគណៈកម្មាធិការទី១០ នៃរដ្ឋសភា ក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ ទូទាំងខេត្តកំពត នៅបរិវេណរមណីយដ្ឋានស្រះឈូក ស្ថិតក្នុងក្រុងកំពត ខេត្តកំពត សរុបប្រមាណ៥០០០នាក់។

នាឱកាសនោះ លោក ជាវ តាយ បានឲ្យដឹងថា តាមរយៈកំណែទម្រង់របស់រាជរដ្ឋាភិបាលអាណត្តិទី៥ និងកំណែទម្រង់វិស័យអប់រំ ពិសេសកំណែទម្រង់ការប្រឡងតាមទិសស្លោក អ្នកចេះគឺជាប់ ដោយអនុវត្តគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន រួមទាំងមានការជួយឧបត្ថម្ភទាំងស្មារតី ថវិការ និងការចូលរួមសហការពីអាជ្ញាធរ អ្នកពាក់ព័ន្ធ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត បុគ្គលិកអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងការខិតខំរៀនសូត្រ ដែលប្រតិបត្តិតាមបទបញ្ញាតិ ការប្រឡងរបស់ក្មួយៗ បេក្ខជន បានធ្វើឲ្យលទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨នេះ ពិតជាមាន ភាពល្អប្រសើរជាងឆ្នាំមុនៗ។

លើសពីនោះ លោកក៏បានថ្លែងអំណរគុណចំពោះលោក ប៉ែន ស៊ីម៉ន ដែលបានជួយឧបត្ថម្ភកន្លងមក ធ្វើឲ្យមានការរីកចំរើនជាបន្តបន្ទាប់ ព្រមទាំងមាតា បិតា អាណាព្យាបាលសិស្ស ដែលបានបង្កឱកាសគ្រប់បែបយ៉ាង និងចូលរួមជំរុញកូនៗឲ្យខិតខំរៀនសូត្រទទួលបានលទ្ធផលគួជាទីមោទនៈ។

សូមជម្រាបថា លទ្ធផលនៃការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០១៨ របស់ខេត្តកំពត ដែលក្នុងនោះបេក្ខជនប្រឡងសរុបចំនួន ៥.៤៦៥នាក់ ស្រី ២.៧៣១នាក់ បេក្ខជន ប្រឡងជាប់សរុបចំនួន ៤.៤៣៤នាក់ ស្រី ២.២៦៩នាក់ ស្មើនឹង ៨១.១៣% កើនលើសឆ្នាំ២០១៧ ១២.៥១% ក្នុងនោះសិស្សទទួលបាន
-និទ្ទេស A ចំនួន ១៧នាក់ ស្រី ០៩នាក់
-និទ្ទេស B ចំនួន ១១៥នាក់ ស្រី ៥៦នាក់
-និទ្ទេស C ចំនួន ៣៧៦នាក់ ស្រី ២០៨នាក់
-និទ្ទេស D ចំនួន ១.០១៦នាក់ ស្រី ២៦៣នាក់
-និទ្ទេស E ចំនួន ២.៩១០នាក់ ស្រី ១.៤៣៣នាក់ ៕