ឧត្តមសេនីយ៍ទោ សោម ស៊ុននឹង លោក ប៉ែន វណ្ណរិទ្ធ ចុះប្រគល់ផ្ទះជូនស្រ្តីមេម៉ាយកូន៥ទីទ័លក្រ

0

កំពង់ធំ៖ ផ្ទះថ្មីមួយខ្នង ដែលទើបតែសាងសង់រួច ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បញ្ជាការងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អមដំណើរដោយលោក ប៉ែន វណ្ណរិទ្ធ ប្រធានចលនាយុវជនកម្ពុជា១៥៧សាខាខេត្តកំពង់ធំ និងអាជ្ញាធរមូលដ្ឋាន បានចុះប្រគល់ផ្ទះជូនដល់ ក្រុមគ្រួសារ ប្អូនស្រី អ៊ុន សុត ដែលមានជីវភាពទីទ័លក្រ នៅរសៀលថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨។

ក្រោយពេលទទួលបានការឧបត្ថម្ភពីសម្បុរសជន ថវិកាទាំងអស់ត្រូវបាននាំយកមកសាងសង់ផ្ទះ រួមទាំងថ្លៃឈ្នួលជាង និងសម្ភារៈស្បៀងអាហារសម្រាប់ប្រើប្រាស់ ជូនដល់ក្រុមគ្រួសារ ស្រ្តីមេម៉េយដែលជួបនូវការខ្វះ​ខាត គ្មានលទ្ធភាពសាងសង់ជម្រកស្នាក់នៅបានសមរម្យ ទើបស្រ្តីរូបនេះ ទ្រាំរស់ក្នុងជម្រកខ្ទមធ្លុះធ្លាយ ដំបូលប្រកមេឃមើលពីម្ខាងធ្លុះទៅម្ខាង ជាមួយនឹងកូនតូចៗ៥នាក់ ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ជាមួយនឹង លោក ប៉ែន វណ្ណរិទ្ធ ប្រធានចលនាយុវជនកម្ពុជា១៥៧សាខាខេត្តកំពង់ធំ និងអាជ្ញាធរ មានចិត្តមេត្តាធម៌ សណ្តោសប្រណី និងកោតសរសើរដល់ទឹកចិត្តប្អូនស្រី អ៊ុន សុត ក្នុងនាមជាម្តាយសុខចិត្តរងទុក្ខវេទនា ដើរស៊ីឈ្នួលគេគ្រប់សព្វបែបយ៉ាង ជាពិសេសសុខចិត្តនាំកូនជ្រកក្នុងខ្ទម កំសត់ធ្លុះធ្លាយហាសភ្លៀងផ្គរបែបនេះក៏សុខចិត្តដែរ គឺបានលុយកាក់បន្តិចបន្តួចជម្រុញឲ្យកូនបានចូល​រៀនសូត្រ ក្រេបយកចំណេះដឹងនឹងគេ ដែលជាទឹកចិត្តម្តាយចំពោះកូន។

នៅក្នុងឳកាសនៃការប្រគល់ផ្ទះមួយខ្នងនេះ ដែលមានទំហំ ៣មគុណ៤អស់ ​ទឹក​ប្រាក់​ក្នុង​ការ​សាងសង់​គិត​ទាំង​ឈ្នួល​ជាង ​ចំនួន​៤,៣០០,០០០​ រៀលជូនដល់ប្អូនស្រី ឧត្តមសេនីយទោ សោម ស៊ុន និង លោក ប៉ែន វណ្ណរិទ្ធ និង​ភរិយា​ បាន​រួម​គ្នា​ជួយ​ឧបត្ថម្ភ​ដល់​គ្រួសារ​នេះ​បន្ថែម​ទៀត​នូវ​ អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើងចំនួន​២​ កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​២​ យួរ​ ត្រី​ខមួយយួរ​ មុងជ្រលក់ថ្នាំចំនួន២​ ធុង​សម្រាប់​ដាក់​ទឹកចំណុះ១២០​ លីត្រ​ កន្ទេល​ចំនួន​ ២​ កង់ជិះមួយគ្រឿងតម្លៃ២២០,០០០រៀល​ និង​ថវិកា​ ចំនួន​៤០០,០០០រៀល​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បាន​ថ្លែង​អំណរគុណ​ដ៍ជ្រាលជ្រៅ​ជាទីបំផុត​ចំពោះ​សប្បុរសជន​ទាំង​អស់​ដែល​បាន​រួម​ចំណែក​ជួយ​ដល់​ការ​សាងសង់​ផ្ទះ​ នេះ​បាន​ចេញ​ជា​រូបរាង​ឡើង​ សូម​គោរព​ជូន​ពរ​លោក​ លោក​ស្រី​ទាំង​អស់​ សូម​ទទួល​បាន​នូវ​សេចក្តី​សុខ​ សេចក្តី​ចម្រើន​  និងសូមផ្តាំផ្ញើរដល់គ្រួសារប្អូនស្រី ថែរក្សាសសុខ ភាព ថែរក្សាផ្ទះសំបែងឲ្យបានល្អ និងបន្តឲ្យកូនចៅបានចូលរៀនបន្ថែមឲ្យបានគ្រប់គ្នា ដើម្បីពន្លឺសុភមង្គល នៃអាគត់របស់ពួកគេ ។

ដោយ ប៊ុន  រដ្ឋា