ឯកឧត្តមឈឺន វណ្ណី និងលោកជំទាវ បាននាំយកបច្ច័យនិងទេយ្យវត្ថុទៅវេប្រគេនព្រះសង្ឃថ្ងៃកាន់បិណ្ឌវេនទី០៣នៅវត្តរំដួលមានជ័យ!

0

(ព្រះវិហារ) ឯកឧត្តម ឈឺន វណ្ណី និងលោកជំទាវ សិន សំណាង រួមទាំងបុត្រាបុត្រី តំណាងឯកឧត្តមស្រីឌឹក និងលោកជំទាវ បាននាំយកបច្ច័យ និងទេយ្យវត្ថុទៅវេប្រគេន ដល់ព្រះសង្ឃថ្ងៃកាន់បិណ្ឌវេនទី០៣ នៅវត្តរំដួលមានជ័យ រួមជាមួយនិងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត ស្ថិតក្នុងភូមិគោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨។

ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វការីជន មានមាតាបីតា ជីដូនជីតាញាត្តិកាទាំងប្រាំពីរសន្តាន ដែលបានបែកកាយរំលាយខ័ន្ធទៅកាន់បរលោក និងមួយចំណែកទៀតឧទ្ទិសដល់ដួងវិញ្ញាណខ័ន្ធវិរៈយុទ្ធជនយុទ្ធនារី ដែលបានលះបង់ នូវសាច់ស្រសឈាមស្រស់ ដើម្បីការពារ បុព្វហេតុជាតិ និងមាតុភូមិ សូមឲ្យកុសលផលបុណ្យដែលឯកឧត្តម និងលោកជំទាវបានឧទឹ្ទសក្នុងពិធីបុណ្យកាន់បិណ្ឌនេះ ជួយយឹតយោង នូវដួងវិញ្ញាណខ័ន្ធ បុព្វការីជន ទាំងអស់នោះទៅកាន់ឋានបរមសុខកុំបីឃ្លៀនឃ្លាតឡើយ ។

ជាមួយគ្នានោះផងដែរ ឯកឧត្តម និងលោកជំទាវ បានវេប្រគេន ប្រាក់បច្ច័យបួនដល់ព្រះសង្ឃមួយអង្គចំនួន៥ម៉ឺនរៀល និងចូលរួមកសាងនូវសមទ្ធិផលនានាក្នុងវត្តបន្ថែម នូវបច្ច័យចំនួន៦០០.០០០៛(ប្រាំមួយសែនរៀល) រួមទាំងសម្ភារៈ និងទេយ្យវត្ថុមួយចំនួនទៀត៕សួនលីណា