ខេត្តកំពង់ធំ៖ ខេត្តកំពង់ធំ គឺជាខេត្តដែលជាប់លំដាប់ថ្នាក់លេខ ១ ក្នុងការបំរើសមាគមអតីតយុទ្ធជនបានល្អជាងគេនៅក្នុងប្រទេស អតីតយុទ្ធជនជាអ្នកពលិកម្មដើម្បីជាតិ គឺត្រូវបានដោះស្រាយអោយគ្រួសារគាត់បានសមរម្យ ក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះអ្នកមានដីគ្មានផ្ទះ និងគ្មានដីគ្មានផ្ទះ ប្រសាសន៍ នេះលោក ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ថ្លែងនៅក្នុងពិធីប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធជនខេត្តកំពង់ធំ។
ពិធីប្រគល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គមជូនអតីតយុទ្ធជន គឺត្រូវបានចូលរួមអធិបតីភាព នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានសមាគម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដោយ លោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ លោក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ និង ឧត្តមសេនីយ៍ទោ ឆូយ សុផល មេបញ្ជាការងយោធភូមិភាគទី៤ ទទួលទិសកំពង់ធំ រួមនឹងអតីតយុទ្ធជន ជាងជិត៣០០នាក់ ចូលរួមនៅព្រឹកថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០១៨។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ អតីតយុទ្ធជនពិតជាទទួលបានសេចក្តីសុខ និងរីកចំរើន ក្រោមការយកចិត្តទុកដាក់របស់ សម្តេចតេជោ ហ៊ុន សែន និងលោក ទេសរដ្ឋមន្រ្តីផ្ទាល់ ក្នុងការគិតគូរ ផលប្រយោជន៍ និងជីវភាពរស់នៅ សុខទុក្ខបងប្អូនអតីតយុទ្ធជន ដែលជាការឆ្លើយតបនិង សកម្មភាពរបស់ អតីតយុទ្ធជន បានឆ្លងកាត់លំបាកក្នុងភ្លើងសង្រ្គាម ដើម្បីបុព្វហេតុចូលរួមអនុវត្តនយោបាយឈ្នះៗ របស់ សម្តេច ដែលបាននាំមាតុភូមិកម្ពុជាដ៏កម្សត់ឆ្លងផុតពីភ្លើងសង្រ្គាម ទទួលបានសន្តិភាព បានកសាងអភិវឌ្ឍន៍ ប្រទេសជាតិមានភាពរីកចម្រើន យ៉ាងឆាប់រហ័សក្នុងពេលបច្ចុប្បន្ននេះ ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា ក្រោមការដឹកនាំរបស់ លោក ទេសរដ្ឋមន្រ្តីអនុប្រធានសមាគម និងជួយសម្រួលដោយ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ពីការងារអតីតយុទ្ធជន ដោយស្វែងយល់ពីការលំបាក សុខទុក្ខ ធ្វើបច្ចុប្បន្នភាពគ្រប់គ្រងបានល្អ ក្នុងការដោះស្រាយអតីតយុទ្ធជនជួបការលំបាក មានដីគ្មានផ្ទះ ឬផ្ទះមិនសមរម្យ ត្រូវបានដោះស្រាយជូន ចំនួន៩៥ ខ្នងផ្ទះរួចហើយ ។
លោកនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីអនុប្រធានសមាគម បានថ្លែងអណរគុណ ចំពោះបងប្អូនអតីត យុទ្ធជនទាំងអស់ រួមទាំងក្រុមគ្រួសារ ដែលបានបោះឆ្នោតជូនសម្តេចតេជោ ហ៊ុន សែន បានធ្វើជានាយក រដ្ឋមន្រ្តីបន្តដឹកនាំប្រទេសទៀត ហើយខ្ញុំក៏មកតាមការសន្យា ដោយបានផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម ជូនដល់ប្អូនទាំងអស់ ដែលមានគុណប្រយោជន៍សំខាន់ណាស់ ក្នុងការរក្សាព្យាបាលជំងឺដែលគិតបងប្រាក់ ទោះទៅខេត្តណាក៏ដោយ ពេលចូលមន្ទីរពេទ្យ ឬមណ្ឌល់សុខភាព គ្រាន់តែបង្ហាញដល់ប័ណ្ណ គឺអាចជួយបាន ហើយនេះជាការយកចិត្តទុកដាក់របស់សម្តេច និងសុំឲ្យបងប្អូនយើងទាំងអស់ នាំគ្នារក្សា សមាគមនេះបន្តទៀត ដោយឡែកក្នុងឆ្នាំនេះ អ្នកចូលនិវត្តន៍ជាង៤ម៉ឺននាក់ និងជាភារកិច្ចរបស់ប្អូនៗជំនាន់់ក្រោយ ដូចជាកូន ជាចៅរបស់អតីតយុទ្ធជនយើងទាំងអស់ ជាអ្នកទទួលភារកិច្ចដឹកនាំបន្តទៀត និងសូមកោត
សរសើរ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ក្រៅពីកិច្ចការស្នូលនៃមន្ទីរយោធា បានឆ្លៀតឪកាស ធ្វើការងារអតីតយុទ្ធដ៏មានតំលៃនេះ បើគ្មានអតីតយុទ្ធជនក៏គ្មានថ្ងៃនេះ ក្នុងនោះប្រជាពលរដ្ឋទូទៅពេញចិត្ត និងគាំទ្រឲ្យជួយដល់អតីតយុទ្ធជន សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ បានទទួលភារកិច្ចដោះស្រាយជូនដល់អតីតយុទ្ធជនក្នុងខេត្ត ចំពោះអ្នកមានដីគ្មានផ្ទះ និងមានផ្ទះមិនសមរម្យ បានងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន ចំនួន៩៥ខ្នងផ្ទះ គ្រប់តាមផែនការ ហើយថ្ងៃនេះផងដែរ និងផ្តល់ផ្ទះចំនួន២៥ខ្នងបន្ថែមទៀត ក្នុងខេត្តកំពង់ធំ សម្រាប់គ្រួសារដែលមានដីតែគ្មានផ្ទះ និងមានផ្ទះមិនសមរម្យ ។
ដោយ ប៊ុន រដ្ឋា





































