ព្រះវិហារ៖ ថ្មភក់ជាថ្មបុរាណដែលមានតម្លៃដូចថ្មប្រាសាទនានាក្នុងប្រទេសកម្ពុជាយើង គ្រាន់តែជាថ្មមិនទាន់បានកែច្នៃប៉ុណ្ណោះមិនត្រូវបានអាជ្ញាធរមូលដ្ឋាន មន្ទីររ៉ែ និង ថាមពលខេត្ត បណ្តែតបណ្តោយ ឱ្យក្រុមឈ្មួញ ជីកគាស់ដាប់កកាយ ដឹកតាមរថយន្តស្ទូចធំៗយ៉ាងអនាធិបតេយ្យ ដោយសេរីដូចជាប្រទេសគ្មានច្បាប់ទំលាប់
ទាល់តែសោះ នៅក្បែរតំបន់បុរាណឋាន ប្រាសាទព្រះលាន ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ក្បែរជើងភ្នំត្បែង ។ ជុំវិញបញ្ហាអាណាធិបតេយ្យ ក្នុងការរកស៊ីថ្មភក់ខាងលើនេះ ប្រជាពលរដ្ឋ នៅតំបន់នោះបានឲ្យអ្នកសារព័ត៌មានដឹងដែរថាឈ្មួញដុះស្លែ ដែលមករកស៊ី កាត់ថ្មភក់ ដើម្បីដឹកចេញតាមរថយន្តស្ទូចធំៗ ទៅលក់នៅទីផ្សារងងឹត មានតម្លៃមហាសាល នោះ គឺអស់រយៈពេលជាង១០ឆ្នាំកន្លងមកហើយ ក្រុមឈ្មួញបានកាត់ថ្មទាំងដុំៗ រាប់រយតោន ដឹកតាមដងផ្លូវជាតិលេខ៦២ មានទម្ងន់ធ្ងន់ និងដឹកទាំង យប់ទាំងថ្ងៃ ដោយមិនញញើតអ្វីឡើយ ។ ប្រជាពលរដ្ឋ បន្ថែមទៀតថា ការកាត់ថ្ម ភក់ខាងលើនេះ គឺឈ្មួញកំពុងកាត់ថ្ម ក្នុងតំបន់អភិរក្ស ក្បែរប្រាសាទព្រះលាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦២ និងធ្វើឲ្យបាត់បង់យ៉ាងធ្ងន់ធ្ងរនូវសម្បត្តិធនធាន ធម្មជាតិដ៏មហាសាលនេះ ធ្វើឲ្យប៉ះពាល់ដល់តំបន់បុរាណឋានទៀតផង ។
លោក គង់ មករា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តព្រះវិហារ បានឲ្យដឹងតាមទូរស័ព្វថា អាជីវកម្មថ្មភក់ខាងលើនេះ គឺមានក្រុមហ៊ុន ចំនួន ៣ក្រុមហ៊ុន មានអាជ្ញាប័ណ្ណ ក្នុងការកាត់ថ្មភក់ខាងលើនេះ ក្រុមហ៊ុនទី១ឈ្មោះ មេគង្គ ពាណិជ្ជ មានអាជ្ញាប័ណ្ណលេខ ៣៤៨ ឧរថ.រស.អប ចុះថ្ងៃទី១១ មេសា ឆ្នាំ២០១៣ ទី២ សហគ្រាស ពុំ ម៉ៅ មានអាជ្ញាប័ណ្ណ លេខ៦៥៧ ឧរថ.រស.អប ចុះថ្ងៃទី១៩ សីហា ឆ្នាំ២០១៣ និងទី៣ ក្រុមហ៊ុន យុវ ពាណិជ្ជ មានអាជ្ញាប័ណ្ណលេខ ១១៣១ ឧរថ.រស.អប ចុះថ្ងៃទី១៤ សីហា ឆ្នាំ២០១២ របស់ក្រសួង រ៉ែ និងថាមពល ។ លោក គង់ មករា បានបន្តទៀតថាមន្ទីរលោកគ្រាន់តែយកពន្ធដែលឈ្មួញត្រូវបង់ក្នុង១តោនថ្មភក់ ១២០០០៛ រីឯប្រភពផ្សេងៗទៀតបានឱ្យអ្នកយកព័ត៌មានយើងដឹងថា ក្នុង១តោនថ្មភក់តម្លៃ ១.០០០.០០០៛ ការដឹកថ្មភក់ចេញពីទីតាំងខាងលើ តម្រូវរាយការណ៍ឲ្យមន្ទីរបានដឹង ប៉ុន្តែឈ្មួញមិនគោរពតាមច្បាប់ ដោយអាងខ្នង អ្នកធំ អ្នកមានអំណាច ដឹកចេញទាំងយប់ទាំងថ្ងៃ គ្មានញញើត សោះឡើយ ។ លោកប្រធានមន្ទីរ បន្តទៀតថា ចំពោះអាជ្ញាប័ណ្ណទាំង៣ក្រុមខាងលើនេះ គឺទើបតែមាន ក្នុងឆ្នាំ២០១០តែប៉ុណ្ណោះ។ ក្រុមឈ្មួញធ្វើអាជីវកម្មថ្មភក់ខាងលើ នេះអស់រយៈពេលជាង១០ឆ្នាំមកហើយនេះ ដោយសារតែមានខ្សែអ្នកធំនេះ អ្នកធំនោះ នៅពីក្រោយខ្នង គឺលោកមិនហ៊ានប៉ះពាល់ឡើយ ។
មកដល់ពេលនេះ ក្រុមឈ្មួញដុះស្លែខាងលើ ទោះបីជាអ្នកសារព័ត៌មាន សុំការអធិប្បាយពីសកម្មភាពរបស់ខ្លួនបែបណាក៏ដោយ ក៏ខ្លួនមិនផ្តល់ព័ត៌មានឱ្យអ្នកសារព័ត៌មានដឹងឡើយ ។ សកម្មភាពយ៉ាងអាណាធិបតេយ្យខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្នុងខេត្តព្រះវិហារទាំងមូល បានធ្វើការរិះគន់ថា អាជ្ញាធរ មិនគួរបើកដៃឲ្យក្រុមឈ្មួញ ធ្វើអាជីវកម្ម កាត់ថ្មភក់ ដ៏មានតម្លៃ និងដឹកជញ្ជូនចេញទៅលក់នៅលើទីផ្សារងងឹត បណ្តាលឲ្យខូចខ្ទេចខ្ទី ផ្លូវជាតិលេខ៦២ ដែលទើបតែនឹងក្រាលកៅស៊ូ ហើយនាពេលថ្មីៗនេះ ដោយរថយន្តស្ទូច និងរថយន្តដឹកប្រភេទធនធ្ងន់ មានទម្ងន់ធ្ងន់ៗ ផ្ទុយទៅនឹងការហាមឃាត់របស់រាជរដ្ឋាភិបាលទៀតផង ។
ប្រជាពលរដ្ឋ និងមន្ត្រីរាជការទាំងអស់ទូទាំងខេត្តព្រះវិហារ សំណូមពរ ដល់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង រ៉ែ និងថាមពល គប្បីមានវិធានការត្រួតពិនិត្យ ភាពអាណាធិបតេយ្យនៃការកាត់ថ្មភក់ របស់ឈ្មួញខាងលើនេះឡើងវិញ ប្រយោជន៍ថែរក្សាបាននូវធនធានធម្មជាតិដ៏កម្រ ឲ្យបានគង់វង្ស និងវែកមុខរកជនពុករលួយ ឲ្យស្របតាមយន្តការរបស់រាជរដ្ឋាភិបាល ដើម្បីនាំ ក្រុមឈ្មួញទាំងនោះទៅផ្តន្ទាទោសតាមច្បាប់ ។ ដោយ យ៉ែម ណាល់