និស្សិតសកលវិទ្យាល័យការពារជាតិ១៦០នាក់ មកទស្សនៈសិក្សាបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0

ខេត្តកំពង់ធំ   និស្សិតមហាវិទ្យាល័យបញ្ជាការសេនាធិការជំនាន់ទី១៧ នៃសកលវិទ្យាល័យការពារជាតិ ចំនួន១៦០នាក់ បានអញ្ជើញមកទស្សនកិច្ចសិក្សាស្វែងយល់ ពីស្ថានភាពរស់នៅ និងប្រវត្តិនៃដឹកនាំការតស៊ូ រួមនិងការអភិវឌ្ឍ បន្ទាយនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែកញ្ញាឆ្នាំ២០១៨។

ពិធីសំណេះសំណាល ជាមួយនិស្សិត សកលវិទ្យាល័យការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម  ឧត្តមសេនីយ៍ឯក ឡុង គឹមហេង  នាយករងសកលវិទ្យាល័យការពារជាតិ និងជាប្រធានប្រតិភូអមដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌឿង សាវឿន អនុប្រធានប្រតិភូ និស្សិតមហាវិទ្យាល័យ បញ្ជាការដ្ឋានសេនាធិការជំនាន់ទី១៧ ព្រម ទាំង ឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនិស្សិតសកលវិទ្យាល័យ ការពារជាតិ ១៦០នាក់ ចូលរួមផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរ និងស្វាគមន៍ ប្អូនៗក្មួយៗ ដែលបានមកទស្សនសិក្សា នៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងស្តាប់នូវការចែករំលែកចំណេះដឹង និង បទពិសោធន៍ នានាដែលកន្លងមក  ក្នុងការដឹកនាំ នាយទាហាន ពលទាហាន អស់រយៈពេលជាង៣០ឆ្នាំ ដល់ក្មួយ ក្នុងការត្រៀម ខ្លួនជាស្រេចដើម្បី ធ្វើជាថ្នាក់ដឹកនាំដ៏ល្អរបស់ក្មួយៗ ដើម្បីជាប្រយោជន៍ ក្នុងការប្រើប្រាស់នៅពេលអនាគត។

ឯកឧត្តម ឧត្តមសេនីយ៍ទោ ឌឿង សាវឿន បានកោតសើរចំពោះសកម្មភាព ដ៏រស់រវើករបស់មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ធ្វើឲ្យមន្រ្តីរាជការ កងកម្លាំង និងប្រជាពលរដ្ឋ គោរពនឹងស្រឡាញ់រាប់អាន ឯកឧត្តម សោម ស៊ុន ពីទង្វើនិងសកម្មភាព ចុះជួយដល់អតីតយុទ្ធជន វិស័យមនុស្សធម៌ ការងារស្នូលរបស់ អង្គភាពពាក់ព័ន្ឋនឹងវិស័យយោធា ការងារកសាងបន្ទាយ រួមទាំងសកម្មភាពទំនាក់ទំនងស្ថាប័នជាតិ និងអន្តរ​ជាតិ រហូតទទួលបានជំនួយឧបត្ថម្ភជាច្រើន មកពីបណ្តាមិត្តប្រទេសជិតខាងផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡុង គឹមហេង  ថ្លែងអំណរគុណចំពោះឯកឧត្តមឧត្តមសេនីយ៍ទោ សោម ស៊ុន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានទទួលស្វាគម៍ ដ៏រាក់ទាក់បំផុត នូវក្រុមប្រតិភូនិសិត្ស សកលវិទ្យាល័យការពារជាតិ និងបានចែករំលែកបទពិសោធន៍ល្អដល់និសិត្យ ដើម្បីជាគំរូវីរៈភាពនិងមាន ឆន្ទះមុះមុតស្នេហាជាតិមាតុភូមិ ក្នុងនោះក៏បានផ្តាំផ្ញើរដល់ក្មួយសិស្សនិសិត្សទាំងអស់ សិក្សាស្វែងយល់ពី ការដឹកនាំ និងការទំនាក់ទំនង ជាមួយនិងស្ថាប័នសាធារណៈ ដោយចេះឆ្ងល់ ចង់ដឹង ហ៊ានសួរ ហ៊ានឆ្លើយ ដើម្បី ឲ្យបានយល់កាន់តែស៊ីជម្រៅ។

ដោយ  ប៊ុន  រដ្ឋា