ឧត្តមានជ័យ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ព្រមទាំងប្រតិភូអមដំណើរ បានអញ្ជើញ ចុះសួរសុខទុក្ខ វីរៈយុទ្ធជនអង្គភាពសម្ព័ន្ឋមេត្រីភាព កងការពារព្រំដែន គោគលេខ ៤០៣ យោធភូមិភាគទី៤ ដែលមានទីបញ្ជាការនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ នៅព្រឹក ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៨។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម សរ ថាវី អភិបាលខេត្តឧត្តមានជ័យ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ក្រសួងសាធារណការ និងដឹកជញ្ជូន រួមទាំងប្រតិភូអមដំណើរជាច្រើននាក់ចូលរួម សួរសុខទុក្ខ និងបានផ្តល់អំណោយជូនដល់កងទ័ព ការពារព្រំដែន គោគលេខ ៤០៣ មានទឹកស៊ីអ៊ីវ២០០យួរ ទឹកត្រី ២០០ យួរ ទឹកសុទ្ធ៣០០កេស ត្រីខ ៤០កេស មីយើង ៣០០កេស អង្ករ៥តោន បារី៥បិច តង់៤មគុណ៦ម ៣៥តង់ កងទ័ព ៣៨៩នាក់ ក្នុងម្នាក់ៗទទួលបាន ៣ម៉ឺនរៀល និង ថវិកាផ្តល់ជូនអង្គភាព ១៥លានរៀល ។
លោក ជឹម សំអោ មេបញ្ជាការរងកងការពារព្រំដែនគោគលេខ ៤០៣ បានសម្តែងនូវគាវកិច្ចស្វាគមន៍ យ៉ាងកក់ក្តៅដែល ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រួមទាំងប្រតិភូ ដែលបានចុះសួរសុខទុក្ខដល់នាយទាហាន និងពលទាហាន នៃអង្គភាព កងការពារព្រំដែនគោគលេខ ៤០៣ ដែលទទួលខុសត្រូវ ប្រវែង៤២ គ.ម ជាប់ព្រំដែនប្រទេសថៃ កន្លងមកភាគទីថៃតែងតែ យកលេសតាមរូបភាពផ្សេងៗ បង្ករបញ្ហាដូចជា រំលោភបំពានច្បាប់ ហាមឃាត់លើបន្ទាត់ព្រំដែន បាញ់សម្លាប់ប្រជាពលរដ្ឋយើងនិងជាច្រើនករណីទៀត ។
ឯកឧត្តម សរ ថាវី បានមានប្រសាសន៍ថា កងកម្លាំងប្រដាប់អាវុធ ត្រូវបានការពារ បូរណៈភាពទឹកដី សម្តេចតេជោ ហ៊ុន សែន បានឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវសួរសុខទុក្ខកងទ័ព ដើម្បីលើកកម្ពស់វិស័យការពារជាតិ និងការផ្សារភ្ជាប់គ្នា ដើម្បីការពារសន្តិសុខសមរភូមិមុខ និងការពារទឹកដីដ៏រ៉ឹងមាំ និងសមរភូមិក្រោយ ការខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋឲ្យមានការរីកចម្រើន និងយើងបានឃើញថ្នាក់ដឹកនាំមកសួរសុខទុក្ខដោយផ្ទាល់ នូវការទុក្ខលំបាក់របស់ កងកម្លាំងប្រដាប់អាវុធ នេះជាយុទ្ធសាសឈ្នះៗ យើងមានសន្តិភាព ទើបមានថ្ងៃនេះ ដែលជាចំនុចជោគជ័យ ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជាមិនចង់ដែលចង់បានទឹកដីអ្នកណាមួយចង្អាមទេ ក៏ប៉ុន្តែកម្ពុជាយើងក៏មិនអនុញ្ញាតិ ឲ្យប្រទេសណាមកយកទឹកដីយើងមូយចង្អាមបានដែរ និងសូមថ្លែងអំណរគុណ ដល់នាយទាហាន នាយទាហានរង ពលទាហាន ទាំងអស់ដែល បានលះបង់ គ្រប់បែបយ៉ាង ដើម្បីការពារបូរណៈភាពទឹកដី របស់យើងឲ្យបានគង់វង្ស និងផ្តល់នូវសុខសន្តិភាព ជូនប្រទេសជាតិមាតុភូមិរបស់យើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានឳកាសដើម្បីកសាងប្រទេសជាតិ មាតុភូមិរបស់យើង សន្តិភាពនេះយើង បានបង្កើតការងារទាក់ទាញអ្នកវិនិយោគ ឲ្យមានការងារធ្វើ សុខសន្តិភាពនេះបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់មកលេងនៅកម្ពុជាយើង សុខសន្តិភាពបានផ្តល់ឳកាសដល់រាជរដ្ឋាភិបាល ដើម្បីរកទីផ្សារ យកកសិផល យកផលិតផលរបស់យើង ទៅលក់នៅឯបរទេស ដើម្បីជីវភាពរបស់នៅរបស់បងប្អូនប្រជាពលរដ្ឋ បើគ្មានសន្តិភាពយើងក៏គ្មានឳកាសកសាង ផ្លូវ ស្ពាន សាលារៀន វត្តអារាម ។ល។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី បានបន្តថាចំពោះយើងខ្ញុំ នៅក្រសួងការដឹកជញ្ជូន និងនៅតែបន្តខិតខំប្រឹងប្រែងកសាងផ្លូវ ផ្លូវរទេះភ្លើង ស្ពាន ជំម្រុញឲ្យមានការដឹកជញ្ជូនតាមផ្លូវទឹក ចំណែកផ្លូវលេខ ៦៧ ពីខេត្តសៀមរាបមក ស្រុកអន្លង់វែង និងលើកកម្ពស់កំរិតផ្លូវ ២ស្រទាប់ទៅជាបេតុងកៅស៊ូ ផ្លូវលេខ៣ ពីខេត្តកំពត មកភ្នំពេញនិងពង្រីកផ្លូវ២គន្លងទៅ៤គន្លង ពីរង្វង់មូលចោមចៅ៧០គ.ម ២គន្លងទៅ៤គន្លង ផ្លូវលេខ ៥ ភ្នំពេញបាត់ដំបង ទៅប៉ោយប៉ែត ព្រំដែនកម្ពុជាថៃ និងពង្រីក ២គន្លងទី៤គន្លង ផ្លូវលេខ១១ពីអ្នកលឿង កំពុងតែពង្រីក ផ្លូវល្បឿនលឿន ភ្នំពេញ ទៅក្រុងព្រះស៊ីហនុ និងបើកការដ្ឋានឆាប់នេះ ផ្លូវពោធិសាត់ទៅ ព្រំដែនថៃបានសាងសង់ជិតរួចហើយ បន្តិចទៀតនឹងបើកការដ្ឋានផ្លូវពីសំឡូតមកកោះកុង ដើម្បីងាយស្រួល ក្នុងការដឹកជញ្ជូន ដែលជាយុទ្ធសាស្រ្តរបសរាជរដ្ឋាភិបាល ។
ដោយ ប៊ុន រដ្ឋា 





































