ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំអំណោយផ្តល់ជូនលោកយាយស្ត្រីមេម៉ាយទីទ័លក្ររស់នៅក្នុងខ្ទមកំសត់ធ្លុះធ្លាយ

0

កំពង់ធំ៖ លោកយាយ សុត ញ៉េប អាយុ ៦៥ឆ្នាំ​ ជាស្រ្តីមេម៉ាយ ស្ថិតក្នុងវ័យចាស់ជរា ក្នុងស្ថានភាពទីទ័លក្រ រស់នៅក្នុងខ្ទមកំសត់ប្រក់ស្លឹក​ លាយជាមួយតង់​ធ្លុះធ្លាយ រស់ក្នុងជីវភាពដ៏សែនលំបាកវេទនា ក្រោយពីស្វាមីបានទទួលមរណៈភាព ចោលទៅ លោកយាយរកមួយថ្ងៃបានលុយទិញអង្ករដាំបាយហូបមួយថ្ងៃ ទើបបានធ្វើឲ្យមានការអាណិត អាសូរពីអាជ្ញាធរ  បានសុំការជួយឧបត្ថម្ភពីសំណាក់ ឯកឧត្តម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការតំបន់ប្រតិបត្តិការសឹក រងកំពង់ធំ បានមានប្រសាសន៍ថា ក្រោយពីបានចុះសិក្សាស្វែងយល់ពីជីវភាព និងការរស់នៅរបស់លោក យាយ សុត ញ៉េប គឺពិតជាមានផលពិបាកខ្លាំងមែន ដោយលោកយាយរស់នៅក្នុងស្ថានភាពក្រខ្សត់ស្ទើរតែ រកអង្ករច្រកឆ្នាំគ្មាន រកបានបន្តិចបន្តួចទិញអង្ករម្តងមួយគីឡូក្រាមសម្រាប់នាំកូននឹងចៅដាំបាយហូប លោក យាយ រស់ចាស្ត្រីមេម៉ាយដោយស្វាមីទទួលមរណភាពចោលជាង ១០ ឆ្នាំហើយ  មួយជីវិតគ្រួសារលោកយាយគ្មានដីគ្មានផ្ទះសំរាប់ស្នាក់នៅជាកម្មសិទ្ធិទេតាំងពីជំនាន់ប្តីគាត់រស់នៅ  ដោយគាត់ត្រូវសង់ជម្រកស្នាក់នៅលើដីចំណីថ្នល់ ក្រោយមកមានការអភិវឌ្ឍផ្លូវកៅស៊ូ   លោកយាយនិងក្រុមគ្រួសារបានបន្តជួលខ្ទមគេស្នាក់នៅរហូតដល់មិនមានប្រាក់សំរាប់បង់ថ្លៃឈ្នួលឲ្យម្ចាស់ផ្ទះគេបាន។

លោកយាយនិងកូនបានខិតខំរកឈើនិងសម្ភារៈសាងសង់ខ្ទមតូចមួយ ដែលបច្ចុប្បន្នត្រូវធ្លុះធ្លាយបែកបាក់គ្មានលទ្ធភាពជួសជុលធ្វើខ្ទមបានសមរម្យនោះឡើយ បច្ចុប្បន្ន រស់នៅតាមទំនាបវាលស្រែ ក្នុងពេលរដូវវស្សាត្រូវទឹកលិច ហើយត្រូវបង់ថ្លៃឈ្នួលដីទៅម្ចាស់ស្រែក្នុងមួយឆ្នាំ ១០០,០០០ រៀលទៀតផង ។

បច្ចុប្បន្នលោកយាយរស់នៅជាមួយកូនបង្កើតនិងកូនប្រសារពីរនាក់និងចៅស្រីម្នាក់កូនប្រុសបង្កើតប្រកបរបរធ្វើជាកម្មករសំណង់ កូនប្រសារស្រីប្រកបមុខរបរធ្វើនំបន្តិចបន្តួចទូលដើរលក់គ្រាន់បានប្រាក់ទិញអង្ករហូប  រីឯកូនគាត់ ចំនួន០៤ នាក់ទៀតមិនដឹងជាទៅរស់នៅទីណាទេ គ្រួសារកំសត់ទុរគតនេះ បច្ចុប្បន្នរស់នៅភូមិព្រៃបន្លិចសង្កាត់អាចារ្យលាក់ក្រុងស្ទឹងសែនខេត្តកំពង់ធំ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី សង្កាត់-ភូមិសាកសួរសុខទុក្ខ និងបានជួយដោះស្រាយការខ្វះខាតជីវភាពជូនគាត់នូវ អង្ករ ៥០ គីឡូក្រាម , មីយើង ០២ កេស ,ទឹកត្រីទឹកស៊ីអ៊ីវ ០២ យួរ និងថវិកាចំនួន ១៥០,០០០ រៀល  ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ។

លោកយាយកំសត់និងកូនប្រុសស្រីសុំអង្វរដោយទទូចដល់សប្បុរសជន ដើម្បីសុំដីមួយកន្លែងតូចសមរម្យនិងជម្រកស្នាក់នៅតូចល្មមសម្រាប់ជីវិតគាត់ដោយមិនដែលបានស្គាល់ទាល់តែសោះនូវជម្រកសមរម្យសម្រាប់ស្នាក់នៅ ។

ដោយ  ប៊ុន រដ្ឋា