ឯកសណ្ឋានក្រសួងសាធារណៈការ មិនមែនជាឯកសណ្ឋានចៅហ្វាយនាយរាស្រ្តទេ តែជាឯកសណ្ឋានខ្ញុំបំរើរាស្រ្តក្នុងអណត្តិទី៦នេះ

0

សៀមរាប៖  ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសាធារណៈ និងដឹកជញ្ជូន មន្រ្តីនៃក្រសួង និងមន្ទីរសាធារណៈការទាំងអស់ ត្រូវបំរើប្រជាជនឲ្យបានល្អ ពន្លឿនរយះពេលវេលាសម្រាប់ ការធ្វើការងារបំរើរាស្រ្តឲ្យបានឆាប់រហ័សជាងមុន អ្នកពាក់ឯកសណ្ឋានក្រសួងសាធារណៈការ មិនមែនជាចៅ ហ្វាយនាយប្រជាជនទេ តែជាខ្ញុំបំរើប្រជាជន បំរើឲ្យបានល្អបំផុតក្នុងអណត្តិទី៦នេះ ក្នុងយុទ្ធនាការ មួយ១០០ ថ្ងៃ ដើម្បីឲ្យឃើញពីលទ្ធផលការងារជូនប្រជាពលរដ្ឋ  បានថ្លែងក្នុងពិធី ចុះសួរសុខទុក្ខមន្រ្តីមន្ទីរសាធារណៈដឹកជញ្ជូនខេត្តសៀមរាបក្នុងឳកាសបុណ្យភ្ជុំបិណ្ទ ។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន អមដំណើរដោយ ឯកឧត្តម គង់ វិមាន អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ និងរដ្ឋលេខាធិការក្រសួងសាធារណការ និងអ្នកមុខអ្នកការ ក្រសួងសាធារណការ បានចុះសួរសុខទុក្ខ ប្រធាន អនុប្រធាន មន្រ្តីសាធារណៈការ និងដឹកជញ្ជូន ខេត្តសៀមរាប ក្នុងឳកាសបុណ្យភ្ជុំបិណ្ទ នៅរសៀល ថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ ២០១៨ នៅសាលប្រជុំសាលាខេត្តសៀមរាប។

បន្ទាប់ពីលោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តសៀមរាប  បានអានរបាយការណ៍ ស្តីពីសកម្មភាព និងការអនុវត្តការងារពាក់ព័ន្ឋនឹងខេត្តសៀមរាបរួចមក ឯកឧត្តម ទៀ សីហា អភិបាលរងខេត្ត សៀមរាប បានមានប្រសាសន៍ថា ខេត្តសៀមរាប គឺវិស័យទេសចរណ៍បានលេចធ្លោជាងគេ ដោយសារជាទឹកដីសម្បូរសម្បត្តិបេតិកភណ្ទវប្បធម៌ពិភពលោកដ៏អស្ចារ្យ ដែលជាស្នាដៃបុព្វបុរសខ្មែរ បន្សល់ទុកពោរពេញទៅដោយរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្រ្ត ធម្មជាតិដ៏ច្រើនសន្ធឹកសន្ទាប់ ដែលជម្រុញឲ្យតំបន់សៀមរាបអង្គរ ក្លាយជាទិសដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ ជាតិ និងអន្តរជាតិ គ្រប់មជ្ឈដ្ឋានជុំវិញពិភពលោក និងការបំរ់សេវាកម្ម ទេសចរណ៍ និងតាមរយះការកសាងផ្លូវថ្នល់ ស្ពាន អគ្គិសនី ប្រព័ន្ឋទឹកស្អាត ភ្លើងបំភ្លឺសាធារណៈ កែលំអរសោភ័ណភាពក្រុង ឲ្យសក្កិសមជា ទីក្រុងស្អាត រមណីយដ្ឋាន ស្អាត សេវាល្អ និងបដិសណ្ឋាកិច្ចល្អ រួមទាំងសន្តិសុខ សណ្តាប់ធ្នាប់ សុវត្តិភាពជូនភ្ញៀវទេសចរណ៍ ។

ឯកឧត្តម ស៊ុន ចាន់ថុល បានសុំដល់លោក គឹម ប៉ុណ្ណា ប្រធានមន្ទីរសារណៈ ខេត្តសៀមរាប លាងថ្នល់ឲ្យ​បានស្អាតក្នុងពេលភ្ជុំបិណ្ទនេះឲ្យបាន ដោយចាប់ពីព្រលានយន្តហោះ មកដល់ក្រុងសៀមរាប ដើម្បីជាមុខ មាត់របស់ខេត្តសៀមរាប ក៏ដូចជាប្រទេសកម្ពុជាផងដែរ ក្នុងនោះឯកឧត្តម ទេសរដ្ឋមន្រ្តីបាន ណែនាំថា ក្នុងអណត្តិទី៦នេះ មន្រ្តីទាំងអស់ ត្រូវបំរើប្រជាពលរដ្ឋទ្វេដង ដោយសារតែប្រជាពលរដ្ឋលោកបានទុកចិត្ត បោះឆ្នោតឲ្យប្រជាជនកម្ពុជា ទុកចិត្តរាជរដ្ឋាភិបាល ដូច្នេះយើងត្រូវតែតបស្នងសងគុណវិញ ធ្វើអំពើល្អ ផ្តល់សេវា សាធារណៈបានល្អ ក្នុងនោះក៏បានផ្តល់នូវការលើកទឹកចិត្តដល់មន្រ្តីសាធារណៈការ ក្នុងម្នាក់បាន៥ម៉ឺនរៀល ផងដែរ។

ដោយ  ប៊ុន  រដ្ឋា