កំពង់ធំ៖ ជារៀងរាល់ឆ្នាំក្នុងឳកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ឯកឧត្តម មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំហនាយទាហាន ពលទាហាន រួមទាំងគ្រួសារយោធិន បានធ្វើពិធីសូត្រមន្ត រាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងមាតុភូមិ ក្នុងសម័យសង្រ្គាម នៅវិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ។
ផ្នូរកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានបញ្ចុះនៅ នៅវិមានរំលឹកគុណយុទ្ធជនពលី ជិត៣០០ផ្នូរ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ មេបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានកែលំអរសោភ័ណភាព រៀបចំឲ្យក្លាយជាទីតាំងប្រវត្តិសាស្រ្ត ក្រោមការជោមជ្រែងពីសំណាក់ឯកឧត្តម អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជួយឧបត្ថម ផ្លាកឈ្មោះរបស់អតីតយុទ្ធជនពលី ដើម្បីឲ្យមានភាពល្អស្អាត និងក្លាយជាទីតាំង សម្រាប់គោរពវិញ្ញាណក្ខន្ធ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិនៃថ្ងៃអានាគត។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា យើងមានថ្ងៃនេះ ក៏ដោយសារមានការពលីជីវិត របស់កម្មាភិបាល យុទ្ធជនយើងដែលបានបន្សល់ទុកផ្នូរនៅទីនេះ ពួកគាត់បានពលីជីវិតដើម្បីទប់ស្កាត់ការវឹលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ប៉ុលពត ក្នុងសម័យសង្គ្រាមស៊ីវិលនៅទសវត្សរ៍១៩៧៩ ដល់ចុងទសវត្សរ៍ឆ្នាំ១៩៩០ដើម្បីជាការដឹងគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាល យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិនិងមាតុភូមិនៃយើង ជាអ្នករួមចំណែករំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងការអភិវឌ្ឍ ដូចសព្វថ្ងៃ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តថា បន្តបច្ចុប្បន្នវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន យ៉ាងខ្លាំង ប្រជាពលរដ្ឋខ្មែរ មានសិទ្ធសេរីភាពពេញលេញ ក្នុងការប្រារព្វពិធីបុណ្យផ្សេងៗ និងគ្រប់ទិសទី គឺដោយសារតែកត្តាសន្តិភាព និងការអភិវឌ្ឍន៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់សារៈសំខាន់លើវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ទាំងពុទ្ធ ចក្រនិងអាណាចក្រដើរទទឹមគ្នា ជាពិសេសក្នុងអំឡុង ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះប្រជាពលរដ្ឋខ្មែរ គ្រប់រូប រីកតាយចាំទទួលស្វាគមន៍ ញាតិមិត្តជិតឆ្ងាយ ដែលបានមកជួបជុំក្រុមគ្រួសារ ដើម្បីប្រារព្វពិធីបុណ្យ ជាមួយគ្នា ដោយឥតមានការព្រួយបារម្ភណ៍នោះឡើយ។
ដោយ ប៊ុន រដ្ឋា





































