ភ្នំពេញ៖ដើម្បីដោះស្រាយការងារជួនបងប្អូនពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រមូលព័ត៌មានបឋម ពីឱកាសការងារតាមបណ្តាក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានសំខាន់ៗ នៅក្នុងវិស័យឧស្សាហកម្ម និងសេវាកម្មចំនួន១៦១៤៦កន្លែង។
យោងតាមសេចក្តីជួនដំណឹង របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២៤ ខែមិថុនា បានណែនាំឲ្យពលករ ដែលកំពុងស្វែងរកការងារ ឲ្យទៅទំនាក់ទំនងនៅទីភ្នាក់ងារជាតិមុខរបរ និងការងារដែលមានទីតាំងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ឬមជ្ឈមណ្ឌលការងាររាជធានី ខេត្ត ឬគេហទំព័រ www.nea.gov.kh ឬតាមរយៈទូរស័ព្ទលេខ០២៣៦៣៣៦០០២,០៧៧២៣២៣៧៨,០១៦៧៨៦៦៥៥ ដើម្បីសាកសួរ ព័ត៌មានអំពីការងារខាងលើ។
រហូតមកដល់ពេលនេះ មានពលករប្រមាណជាង២៣ម៉ឺននាក់ហើយ ដែលរបបសឹកថៃ បានបញ្ជូនត្រឡប់មកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនជាប់ប្រទេសទាំងពីរ ។ បច្ចុប្បន្ននេះ ខ្លះបានវិលត្រឡប់ទៅលំនៅដ្ឋានវិញ តែខ្លះទៀតកំពុងស្វះស្វែងរកការងារធ្វើ នៅតាមទីប្រជុំជន និងរាជធានីខេត្ត ដើម្បីផ្គត់ក្នុងគ្រួសារ និងដោះបំណុលដែលជំពាក់គេ ពេលទៅធ្វើការនៅប្រទេសថៃ។ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឲ្យដឹងថា មានការងារជាច្រើន ដែលស្រូបទាញពលករមកពីប្រទេសថៃ ឲ្យចូលធ្វើការ នោះរួមមានកសិកម្ម ព្រោះថានេះ ជារដូវបង្កបង្កើនផល។
ដូចនេះបងប្អូន អាចចូលរួមជាមួយឪពុកម្តាយ ធ្វើស្រែចំការ ។ ក្រៅពីធ្វើស្រូវ បងប្អូនអាចទៅស្វែករកការងារ ធ្វើនៅក្នុងវិស័យកសិកម្មទៀដែរ គឺនៅតាមចំការកៅស៊ូ និងកសិដ្ឋាន កសិកម្មផ្សេងៗទៀតដែលត្រូវការកំលាំងពលកម្ម។ ទី២. ផ្នែកសំណង់ដែលជាវិស័យមួយ មានការរីកចំរើនទាំងនៅរាជធានីភ្នំពេញ និងនៅតាមខេត្ត ។
ទី៣ធ្វើតាមឧស្សាហកម្ម ព្រមទាំងសេវាទេសចរណ៍ផងដែរ ។ កម្ពុជាបច្ចុប្បន្ននេះ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន មានការអភិវឌ្ឍន៍ច្រើន បានបង្កើតនូវការងារ និងមានឱកាសវិនិយោគច្រើន សំរាប់ប្រជាពលរដ្ឋ។ លោករដ្ឋមន្ត្រី ស្នើសូមឲ្យបងប្អូនពលករ ទាក់ទងជាមួយសេវាការងារ តាមរយៈមន្ទីរការងាររាជធានីខេត្ត និងទីភ្នាក់ងារជាតិមុខរបរ និងការងារដែលបានចេញសេចក្តីជួនដំណឹង ហើយមានទាំងលេខទូរស័ព្ទផង។ តែបើចង់ប្តូរវិជ្ជាជីវៈរបស់ខ្លួន ហើយចង់បានវិជ្ជាជីវៈថ្មី សូមទាក់ទងមជ្ឈមណ្ឌលទាំងអស់ជិត៤០។
បើចង់ទៅធ្វើការនៅក្រៅប្រទេស ក៏ទាក់ទងជាមួយមន្ទីរការងារ ឬក្រុមហ៊ុនដែលស្របច្បាប់ មានបញ្ជីដែលក្រសួងមានរៀបចំរួចហើយ ដោយមានលិខិតឆ្លងដែន ទិដ្ឋាការ និងប័ណ្ណការងារច្បាស់លាស់ តែត្រូវចំណាយប្រាក់ចំនួន៤៩ដុល្លារ ដែលប្រាក់ទាំងនេះ ចំណាយទៅលើលិខិតឆ្លងដែន ចំនួន៤ដុល្លារ, ធ្វើប័ណ្ណការងារ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ១០ដុល្លារ , ធ្វើទិដ្ឋាការការងារ នៅស្ថានទូតថៃ ចំនួន២០ដុល្លារ , ចេញសោហ៊ុយ ធ្វើដំណើរពីភ្នំពេញ ទៅទល់ដែនថៃ ហើយចំណាយប្រាក់ ហូបចុកក្នុងពេលធ្វើដំណើរ ចំនួន១៥ដុល្លារ ៕