អភិបាលខេត្តកំពង់ធំ នាំយកបច្ច័យជាង១២,៥៨៧,០០០លានរៀល និង២០០០ដុល្លារួមទាំងទ័យទាន ប្រគេនព្រះសង្ឃ ក្នុងពិធីកាន់បិណ្ទទី១០ .១១នៅវត្តក្តីដូង

0

កំពង់ធំ៖ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងមន្រ្តីរាជការ មន្ទីរជុំវិញខេត្ត បានអញ្ជើញកាន់បិណ្ឌ វេនបុណ្យភ្ជុំ នៅវត្តដួងសូរិយា ហៅវត្តក្តីដូង និងបាននាំយកបច្ច័យ១២,៥៨៧,០០០រៀល រួមទាំងប្រាក់ដុល្លា ២០០០ដុល្លា និងទ័យទានទឹកសុទ្ធ ២០កេស អង្ករ២២បេ ទឹកក្រូច ២៤កេស មីកេសធំ ៧កេស ត្រីខ ២យួរ សាច់ក្រក១កេស ប្រហុកមួយកេស បានវេប្រគេនព្រះសង្ឃនៅវត្តដួងសូរិយា ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ក្នុងឳកាសវេនបិណ្ឌទី១០ ទី១១ នៅព្រឹកថ្ងៃទ៤ ខែតុលា ឆ្នាំ ២០១៨។

ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ធំ​ ​ដែល​ប្រជាជន​ខ្មែរ​ទូទាំង​ប្រទេស ​តែង​ប្រារព្ធ​ពិធី​នេះ​ឡើង​តាំង​ពី​បុរាណ​កាល​មក ​មិនដែល​ខកខាន​ ​ បាន​ធ្វើ​ឡើង​ចាប់តាំង​ពី​ថ្ងៃ​១​រោច ​រហូតដល់​ថ្ងៃ​១៥​រោច​ខែ​ភទ្របទ ​ក្នុង​រយៈពេល​១៥​ថ្ងៃ ​ ​រហូតដល់​ថ្ងៃ​បញ្ចប់​គឺ​ជា​ថ្ងៃ​ភ្ជុំបិណ្ឌ​បុណ្យ​ភ្ជុំបិណ្ឌ​ ​ស្របគ្នា​នៅក្នុង​ព្រះ​វស្សា​របស់​ព្រះសង្ឃ​ផង​ដែរ​ ក្នុងគោលបំណង​ឧទ្ទិស​កុសល​ចំពោះ​ ​ប្រេត​បុគ្គល​ ​និង ​សេចក្តី​សុខ​ចម្រើន ​សិរីសួស្តី​ដែល​កើត​ពី​ផលទាន​របស់​ខ្លួន​ ​ ក៏មាន​ជាប់​ទាក់ទង​ទៅនឹង​ការ​ចូល​វស្សា​របស់​ព្រះសង្ឃ​រយៈពេល​៣​ខែ​ដែរ ​ខណៈ​ដែល​បុណ្យ​ភ្ជុំបិណ្ឌ ​ត្រូវគេ​ធ្វើឡើង​ក្នុង​អំឡុង​រដូវ​វស្សា​ ពិធីបុណ្យនេះ ​គេ​បែងចែក​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ជា​ក្រុម​និង​វេន​បន្តបន្ទាប់​គ្នា ​ដើម្បី​ធ្វើ​ចង្ហាន់​និង​នំ​ទៅ​ប្រគេន​ព្រះ​សង្ឃ​នៅ​ឯ​វត្ត ​ដើម្បី​ដាក់បិណ្ឌ​ឧទ្ទិស​កុសល​ដល់​ញាតិការ​ទាំង​៧​សណ្តាន​ដែល​បាន​ចែកឋាន​ទៅកាន់​លោក​ខាងមុខ​។ ​

នៅក្នុងពិធីកាន់បិណ្ឌនេះដែរ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ  បានមានប្រសាសន៍ សំណេះសំណាលជាមួយលោកយាយ លោកតា និងមន្រ្តីរាជការ ប្រធាន អនុប្រធានមន្ទីរ ដែលបានអញ្ជើញចូលរួមក្នុងពិធីវេនបិណ្ទទី១០ ទី១១នេះ ថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរយើង សប្បាយនឹងការធ្វើបុណ្យទាន  គ្រប់បុណ្យ គ្រប់រដូវកាល ដោយគ្មានការហាមឃាត់នោះឡើយ ជាក់ស្តែងក្នុងឳកាសបុណ្យភ្ជុំបិណ្ទនេះជា ដើម លោកយាយ លោកតា បងប្អូន បានជួបជុំគ្នាធ្វើបុណ្យទាន តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា គឺដោយសារតែប្រទេសយើងមានសន្តិភាព ដូច្នេះកត្តាសន្តិភាពនេះហើយ ធ្វើឲ្យយើងមានអ្វីគ្រប់សព្វបែប​យ៉ាង តែការដែលធ្វើឲ្យមានសន្តិភាពវាពិបាកខ្លាំងណាស់ ដូច្នេះយើងបានសន្តិភាពហើយនាំគ្នារក្សាសន្តិភាព  ដើម្បីអភិវឌ្ឍន៍ឲ្យមានភាពរីកចម្រើន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ រាជាណាចក្រកម្ពុជា ។

ឯកឧត្តម សុខ បានបន្តថា វប្បធម៌ប្រពៃណីព្រះពុទ្ធសាសនា ដែលត្រូវបានមនុស្សគ្រប់ជំនាន់ប្រតិបត្តិគោរព តាមទំនាមទំលាបមក គឺដោយសារតែមនុស្សចាស់ ជាអ្នកផ្ទេរ ជាអ្នកផ្តល់ដំបូន្មាន អប់រំ ណែនាំ កូនប្រុសស្រី ឲ្យប្រតិបត្តិខ្លួនក្នុងផ្លូវធម៌ ធ្វើអំពើល្អ ដើម្បីឲ្យក្លាយទៅជាមនុស្សល្អ ជាថ្នាក់ដឹកនាំល្អ និងជាគ្រួសារល្អ ទើប ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសនានា បានលើកកម្ពស់មនុស្សចាស់ថា ជាឃ្លាំងស្តប់ចំណេះវិជ្ជា សម្រាប់ចែករំលែកដល់មនុស្សគ្រប់ជំនាន់ ទើបពិភពលោកបានកំណត់ថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ ជាថ្ងៃទិវាមនុស្សចាស់អន្តរជាតិ ។ ​ដោយ  ប៊ុន  រដ្ឋា