កំពង់ចាម: បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន ខេត្តកំពង់ចាម និងលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ដោយមានការឯកភាពពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ ចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៤ល្ងាច លោកឧត្ដមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើស បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ការិយាល័យនគរបាលចរាចរផ្លូវគោក និងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះធ្វើការត្រួតពិនិត្យឆែកឆេរ ធ្វើតេស្តទឹកនោម
ស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្តដឹកទំនិញធុនធំ ព្រូរថយន្ត និងកម្មករ នៅលើកំណត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដោយបានត្រួតពិនិត្យលើរថយន្ត ចំនួន៧៦គ្រឿង បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លើអ្នកបើកបរ ព្រូរថយន្ត និងកម្មករ សរុបចំនួន២០៣នាក់ ក្នុងនោះមាន៖ អ្នកបើកបររថយន្ត ចំនួន១០៦នាក់ មានជាប់សារធាតុញៀន ចំនួន៩នាក់ ព្រូរថយន្ត ចំនួន៩៦នាក់ មានជាប់សារធាតុញៀន ចំនួន៨នាក់ និងកម្មករម្នាក់មានជាប់សារធាតុញៀន ហើយឃាត់ខ្លួនអ្នកបើកបរ ព្រូរថយន្ត និងកម្មករ ដែលមានជាប់សារធាតុញៀន១៨នាក់ ក្នុងនោះមានមុខសញ្ញាក្នុងខេត្តចំនួន៧នាក់ និងក្រៅខេត្តចំនួន១១នាក់។ 
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើការអប់រំណែនាំដល់ជនសង្ស័យ ដែលប្រើប្រាស់សារធាតុញៀន ក្នុងពេលកំពុងបើកបររថយន្តធុនធំទាំងនោះ ដើម្បីកាត់បន្ថយ និងបញ្ជៀសនូវគ្រោះថ្នាក់តាមដងផ្លូវផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា អ្នកដែលប្រើប្រាស់សារធាតុញៀនក្នុងពេលបើកបរអាចងាយបង្កគ្រោះថ្នាក់ចរាចរណ៍ និងអាចបង្កឲ្យបាត់បង់អាយុជីវិតមនុស្ស ដូច្នេះអាជ្ញាធរខេត្ត និងចាត់វិធានការជាលើកទី៦ក្នុងឃាត់ជនសង្ស័យ ដែលបើកបរហើយមានប្រើសារធាតុញៀន គឺត្រូវចាត់វិធានការតាមនីតិវិធី មិនមានការលើកលែងឡើយ ហើយបានផ្តល់ថ្នាំបន្សាបដើម្បីផ្តាច់សារធាតិញៀន គឺធ្វើយ៉ាងណាដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងអត្រាអ្នកស្លាប់ផងដែរ ៕






































