កំពង់ធំ៖ ថវិកាជាង ២,២០០ ដុល្លារសហរដ្ឋអាមេរិកត្រូវបានសប្បុរសជនចូលរួមក្នុងការងារមនុស្សធម៌ តាមការអំពាវនាវរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីជួយដល់លោកយាយ សុត ញ៉េប ដែលគ្មានដី (ជួលដីគេរស់នៅ) នៅលើខ្ទមបែកបាក់ដំបូលស្លឹកលាយតង់ធ្លុះធ្លាយ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បន្ទាប់ពីបានទទួលថវិកាជាង ២,២០០ ដែលជាសន្ទុះរបស់កំលាំងមនុស្សធម៌ ក្នុងការចូលរួមចំណែករបស់សម្បុរសជន ជិតឆ្ងាយ ដែលប្រកាន់នូវពាក្យស្លោកមួយថា ជួយគ្នាក្នុងគ្រាក្រ គឺជាគុណធម៌ ដ៏ប្រសើរថ្លៃថ្លាបំផុត និងបានដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី ភូមិ-សង្កាត់ បានទៅប្រគល់ថវិកាចំនួន ១,២០០ ដុល្លារ ជូនគ្រួសារក្រខ្សត់លោកយាយ សុត ញ៉េប នៅល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៨ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ផងដែរថា ចំពោះថវិកានៅសល់ជាង ១,០០០ ដុល្លារទៀត ក្រុមការងារ បានចាត់ចែងទិញឈើនិងគ្រឿងសម្ភារៈសម្រាប់សាងសង់ផ្ទះជូនលោកយាយ លើផ្ទៃដីដែលទើបតែទិញមានទំហំ ៨ ម៉ែត្រ x ៥០ ម៉ែត្រ និងសម្រាប់សាងសង់ផ្ទះជូនលោកយាយ សុត ញ៉េប តាមគម្រោងមានទំហំ ៤ ម៉ែត្រ x ៥ ស្ថិតនៅក្នុងភូមិកូនត្នោត ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសប្បុរសជនទាំងអស់បានរួមចំណែក ជួយផ្តល់ថវិកា ដែលជាទឹកចិត្តល្អប្រពៃ សម្រាប់ការជួយដល់ ប្រជាពលរដ្ឋក្រខ្សត់គ្មានលទ្ធភាព សាងសង់ ទ្រនំបានសមរម្យនឹងគេ តែចាប់ពីពេលនេះតទៅ ថវិការបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលជាសប្បុរសជន បានជួយឲ្យជីវិតគ្រួសារកំសត់នេះ ទទួលបាននូវផ្ទះថ្មីនិងដី សម្រាប់រស់នៅបានសមរម្យ នឹង គេហើយ ។
ក្រុមគ្រួសារលោកយាយ សុត ញ៉េប បានលើកដៃសំពះ អ្នកមានគុណទាំងអស់ ដែលបានជួយជីវិតគ្រួសារ របស់គាត់ ឲ្យរួចផុតពីទុក្ខលំបាក ដែលលោកយាយ មិនដែលគិត មិនដែលសុបិន្ត និងមិនហានទាំងប៉ងប្រាថ្នាថា នឹងមានដីរបស់ខ្លួនឯង មានផ្ទះរបស់ខ្លួនឯង ដោយសារតែកន្លងមក ជីវភាពក្រខ្សត់រកព្រឹកខ្វះល្ងាច ថែមទាំងហូបចុកមិនបានគ្រប់គ្រាន់ផង តែពេលនេះបានផ្ទះថ្មី ដីថ្មីពីអ្នកមានគុណទាំងអស់ក្នុងថ្ងៃនេះ និងសូមជូនពរឲ្យអ្នកមាន គុណទាំងអស់ ជួបតែសេចក្តីសុខ គឺអាយុ វណ្ណៈ សុខពលះ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា




































