កូនបង្កើតបដិសេធទាំងស្រុងខណះ ប្អូនអ្នកជម្ងឺម្នាក់រិះគន់គ្លីនិកមួយកន្លែងនៅក្រុងសិរីសោភ័ណក្រោយចេញពីសម្រាកព្យាបាល

0

ខេត្តបន្ទាយមានជ័យ ៖ ប្អូនបង្កើតរបស់អ្នកជម្ងឺម្នាក់ដែលបានចូលសម្រាកព្យាលជម្ងឺនៅ គ្លីនិកទេវិន្ទរក្សាសុខ ស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានរិះគន់យ៉ាងចាស់ដៃថា គ្លីនិកនេះព្យាលបាលអ្នកជម្ងឺមានតម្លៃថ្លៃកប់ពពក ហើយឲ្យអ្នកជម្ងឺដទៃទៀតពិចារណា ផ្ទុយពីកូនស្រីបង្កើតរបស់អ្នកជម្ងឺដែលនៅមើលថែផ្ទាល់លើកឡើងថា មិនមានបញ្ហាអ្វីទេ គឺមានតែការថែរក្សាយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូពេទ្យនៅទីនោះ ។
យោងតាមការសរសេរបង្ហោះតាមបណ្តាញសង្គមហ្វេសបុក ដែលមានម្ចាស់អាខោនឈ្មោះថា Serey Song ដែលគេស្គាល់ថា ជាប្អូនបង្កើតរបស់អ្នកជម្ងឺឈ្មោះ សុង ហូន ភេទស្រី អាយុ៥៨ឆ្នាំ បានសរសេរបង្ហោះកាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ថា “បងស្រីខ្ញុំគាត់បានចេញពីមន្ទីរពេទ្យគ្លីនិក ទេវិន្ទរក្សាសុខហើយ ដោយគ្រួសារយើងខ្ញុំបានស្នើរសុំចេញ ខ្ញុំមានការខកចិត្តយ៉ាងខ្លាំងដោយសារមកព្យាបាលជម្ងឺនៅទីនេះគឺមានការយកថ្លៃព្យាបាលថ្លៃហួសប្រមាណសរុបចំណាយសម្រាកព្យាបាលរយះពេល៨ថ្ងៃអស់ ចំនួន៨,៥២០,០០០៛ ធ្លាប់តែឮបងប្អូននិយាយតៗគ្នាឥឡូវទើបបានដឹងច្បាស់។អាស្រ័យហេតុនេះសូមបងប្អូនគិតពិចារណាឱ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តមកព្យាបាល“ ។
ទាក់ទងនិងព័ត៍មាននេះ អ្នកយកព័ត៍មានយើង បានចុះសម្ភាសដល់លំនៅដ្ឋានរបស់អ្នកជម្ងឺផ្ទាល់ ដោយបានជួបជាមួយអ្នកជម្ងឺ និងកូនស្រីបង្កើតរបស់អ្នកជម្ងឺឈ្មោះ ស្រីមាស អាយុ៣២ឆ្នាំ ដោយពួកគាត់បានធ្វើការបដិសេធទាំងស្រុង ជំវិញការបង្ហោះសារក្នុងបណ្តាញសង្គមនេះ តែបានរៀបរាប់ថា ម្តាយរបស់ខ្លួនត្រូវបានគ្រូពេទ្យព្យាបាលយ៉ាងយកចិត្តទុកដាក់ ខណៈពេលដែលគាតកំពុងមានស្ថានភាពធ្ងន់ធ្ងរ លើជម្ងឺ ៖ ហើមសួតខ្លាំង , ឈាមឡើងខ្លាំង , ជម្ងឺទឹកនោមផ្អែម(ជាតិស្កឡើងខ្លាំង) ធ្វើឲ្យគាត់មានរោគសញ្ញា ក្អកខ្លាំង , ឡើងស្លេស , ហត់ ដង្ហក់ខ្លាំង ដោយបានសម្រាកព្យាបាលក្នុងបន្ទប់ពិសេស មានម៉ាស៊ីនត្រជាក់ មានតែអ្នកជម្ងឺម្នាក់ និងអ្នកមើលថែប៉ុណ្ណោះ ហើយបានសម្រាករយៈពេល៨យប់ ៩ថ្ងៃ ដោយមានគ្រូពេទ្យតាមដានយ៉ាងយកចិត្តទុកដាក់ និងបំពាក់ឧបករណ៍គ្រប់គ្រាន់ក្នុងការព្យាលម្តាយរបស់ខ្លួន ។ ដោយឡែកចំពោះតម្លៃវិញ គឺមិនមានបញ្ហាអ្វី ឬមានតម្លៃថ្លៃហួសហេតុនោះទេ ពោលគឺអាចទទួលយកបាន ព្រោះថា ការសម្រាកព្យាបាលនេះ មានរយៈពេលយូរ និងប្រើប្រាស់ថ្នាំច្រើន ។ ហើយការដែរ ពួកគាត់សម្រេចចិត្តចេញពីមន្ទីរពេទ្យនេះ គឺដោយសារតែពួកគាត់ពុំមានថវិការច្រើន សម្រាប់ការសម្រាកព្យាលនេះរយៈពេលយូរពែកប៉ុណ្ណោះ ។
បញ្ហានេះត្រូវបានអ្នកជម្ងឺ និងកូនស្រីបង្កើតរបស់អ្នកជម្ងឺបញ្ចាក់ម្តងហើយម្តងទៀតថា សម្រាប់ពួកគាត់គឺមិនមានបញ្ហាអ្វីនោះទេ ហើយការលើកឡើងរបស់ប្អូនអ្នកជម្ងឺក្នុងបណ្តាញសង្គម គឺទំនងជាគាត់ពុំដឹងរឿងច្បាស់ទេ ដោយសារតែគាត់មិនមែនជាអ្នកមើលថែផ្ទាល់ គ្រាន់តែអើតម្តងម្កាល ហើយក្រោយពេលគិតលុយគាត់បានយកឯកសារមកថតបង្ហោះនោះ ជារឿងរបស់គាត់ ពួកខ្លួនមិនដឹងរឿងនោះទេ ៕ដោយ៖ឃិន គន្ធា