ប៉ុលពតបានសម្លាប់កូននិងប្តីខ្ញុំ១៣នាក់ស្រមោលអតីតកាលបន្សល់តែតំណក់​ទឹក​ភ្នែក​លោក​យាយ​ទុរគតជន

0

ខេត្តកំពង់ធំ៖  ជីវិតដ៏សែនកំម្សត់របស់លោកយាយ លើសពីល្ខោននិយាយរឿងនាងបណ្តាចារ ដោយសារតែ ជីវិតដ៏សែនជូរចត់ ឈឺចាប់ខ្លោចផ្សា លើសនាងបណ្តាចារ ដែលព្រាត់ប្រាស់កូនស្លាប់ចោល១២នាក់ និងប្តីម្នាក់សរុប១៣នាក់ នឹងបានបន្សល់តែលោកយាយចំណាស់ក្នុងវ័យ៨៤ឆ្នាំ ឲ្យរស់គ្មានទ្រនំអណ្តែតរសាត់ គ្មាន​កោះត្រើយ តែក្នុងជីវិតចុងក្រោយរបស់លោកយាយ មិនដែលបំភ្លេចគុណរបស់សម្តេចតេជោ ហ៊ុន សែន ហើយក៏បានសុំអំពាវនាវដល់សម្បុរសជន ជិតឆ្ងាយ សុំត្រឹមតែម្ហូបឆ្ងាញ់មួយពេលប៉ុណ្ណោះ។

លោក​យាយ តេង ហ៊ិម ​អាយុ​ ៨៤​ឆ្នាំ​ ត្រូវបានយកចិត្តទុកដាក់ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដោយមិន បណ្តោយឲ្យពលរដ្ឋណាម្នាក់ ឬអតីតយុទ្ធជនណាម្នាក់អត់បាយស្លាប់ដោយមិនអើពើ ក្រោយពីបាន ដឹងព័ត៌មានហើយនោះទេ   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានដឹកនាំសហការីចុះទៅសួរសុខទុក្ខលោកយាយ វ័យចាស់ជរាទុរគត់ជន រួមជាមួយអាជ្ញាធរ នៅ​ភូមិ​ត្រពាំង​ឬស្សី​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ ព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១៨។

លោក​យាយ តេង ហ៊ិម បានរៀបរាប់ទាំងទឹកភ្នែកថា លោកយាយបានបាត់បង់ ​ស្វាមី​ និង​កូន​ចំនួន​១២​ នាក់​ ​ក្នុង​របប​ខ្មែរ​ក្រហម​  ជីវិតរបស់លោកយាយ រសាត់អណ្តែតដូចចកអណ្តែតតាមទឹក ពីខេត្តមួយទៅខេត្ត ក្នុង ជីវិតឯកការ រហូតដល់​ព្រះ​ជន្ម​៨៤​ ឆ្នាំ គ្មានកូន គ្មានចៅ គ្មានប្តី គ្មានផ្ទះសំបែង  រស់នៅដោយសារតែ ចិត្តសប្បុរសជន ក្នុងភូមិ នាំគ្នាជួយគ្នាចិញ្ចឹម  បីបាច់​ថែ​រក្សា​ ផ្តល់​ម្ហូប​អាហារ​តាម​លទ្ធភាព​ដែល​ពួក​គាត់​មាន​ ។

លោកយាយ បានបន្តថា ជីវិតសែនកំសត់ ក្នុងជំនាន់​ប៉ុលពត​ លោក​យាយ​ត្រូវ​បាន​ពួក​ខ្មែរ​ក្រហម​ជម្លៀស​គាត់​ទៅ​រស់​នៅ​តំបន់​ប៉ៃលិន​  ប្តី​គាត់​ត្រូវ​ខ្មែរ​ក្រហម​យក​ទៅ​សម្លាប់​ដោយ​ចោទ​ថា​ជា​ខ្មាំង​  រីឯ​កូន​គាត់​ចំនួន​១២​ នាក់​ (ប្រុស​៣​ នាក់​ ស្រី​៩នាក់​)​ ត្រូវ​បាន​ស្លាប់​ដោយ​ជម្ងឺ​ និង​គ្មាន​អាហារ​បរិភោគ​   ក្រោយ​ថ្ងៃ​រំដោះ​៧​ មករា​ ឆ្នាំ​១៩៧៩​ លោក​យាយ​បាន​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ​តែ​ម្នាក់​ឯង​ បាត់​បង់​ស្វាមី​ និង​កូន​ដែល​ជាទីស្រឡាញ់​ចំនួន​១២​ នាក់​ ហើយ​ពេល​មក​ដល់​ស្រុក​កំណើត​វិញ​ឪពុក​គាត់​ក៏​បាន​ស្លាប់​ចោល​គាត់​ទៀត​ ចំណែក​ម្ដាយ​លោក​យាយ​ស្លាប់​ចោល​លោក​យាយ​តាំងពីអាយុ​៧ខែ​មកម្លេះ​   ដែល​ខ្សែ​ជីវិត​គាត់​ រសាត់អណ្តែត​ ព្រាត់​ប្រាស់​ និរាស​លើសនាងបដាចារក្នុងរឿងព្រេងនិទាន​ទៅទៀត​  តើ​ទិដ្ឋភាព​ព្រាត់​ប្រាស​បែប​នេះ​ស្ត្រី​គ្រប់រូប​ទប់​ទឹក​ភ្នែក​បាន​ទេ​ ។

លោក​យាយ តេង ហ៊ិម បានលើកដៃសំពះដឹងគុណ ដោយការគោរព ស្រឡាញ់ សម្ដេច​តេជោ​ហ៊ុន​ សែន​  ស្មើនឹង​ឪពុក​ ព្រោះ​សម្តេច​បាន​ធ្វើ​ឲ្យ​គាត់​រស់​រាន​មាន​ជីវិត​ រួចផុត​ពី​របប​ប្រល័យ​ពូជសាសន៍​ប៉ុល​ពត​  បច្ចុប្បន្ន​​នេះ​ដោយ​វ័យ​កាន់​តែ​ចាស់​ សុខភាព​កាន់​តែ​ទ្រុឌទ្រោម​ ជួន​ពេល​ខ្លះ​ក្រោយ​ពេល​អត់​បាយសិលពីល្ងាច​ លោកយាយ​ធ្វើ​ដំណើរ​ហេវហត់​ដួល​នៅ​លើ​ដី​ តែ​បាន​អ្នក​ភូមិ​ផង​ជួយ​សង្គ្រោះ​ជីវិត​ និង​ថែទាំគាត់​ ។

ក្នុងពិធីសួរសុខទុក្ខ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំអំណោយសម្តេចតេជោ ហ៊ុន សែន តាម​រយឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​ហ៊ុន​ ម៉ាណែតផ្តល់ជូន​ ​ក្នុងឳកាសចុះ សួរ​សុខទុក្ខ​គាត់​ និង​បាន​ជួយ​ឧបត្ថម្ភ​ជូន​គាត់​នូវ​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម​ មីយើងចំនួន​ចំនួន​២​ កេស​ ទឹក​ផ្លែឈើ​ចំនួន​២​ កេស​ និង​ថវិកា​ចំនួន​១៥០,០០០​ រៀល​ ដោយ​ឡែក​លោក​យាយ​ ចំនួន​ ២នាក់​ បានឧបត្ថម្ភថវិកាជូនគាត់​ ក្នុង​ម្នាក់​ៗ​ ទទួល​បាន​ ២០,០០០​ រៀល​ និង​លោក​តាពិការជើងម្ខាងទទួលបាន​ ៣០,០០០​រៀល​ ផងដែរ​ ៕

ដោយ ប៊ុន រដ្ឋា