ខេត្តកំពង់ធំ៖ ខ្នងផ្ទះលើកទី៩៨ បន្ទាប់ពីបានសាងសង់រួច ដោយ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ត្រូវបាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដឹកនាំសហការី និងក្រុមការងារសមាគមស្រុកបារាយ ចុះប្រគល់ផ្ទះជូនដល់ លោកនាយចំណង់ ប៊ុន សៅ ដែលជាអតីតយុទ្ធជនពិការ ក្នុងសម័យសង្រ្គាម នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
លោកនាយចំណង់ ប៊ុន សៅ និងក្រុមគ្រួសារ បានទទួលផ្ទះថ្មីមួយខ្នង ដែលជាខ្នងផ្ទះលើកទី៩៨ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជា តាមរយះ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងចុះប្រគល់តំណាង ដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុនមេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិត្នោតជុំ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ពិធីប្រគល់ផ្ទះនេះ មានប្រជាពលរដ្ឋ និងព្រះសង្ឃ ព្រះគ្រូចៅអធិការវត្តត្នោតជុំ បានអញ្ជើញ និងនិមន្តទៅប្រគល់ផ្ទះ ០១ ខ្នង ទំហំ (៤មx៦ម) សាងសង់អំពីឈើ ខ្ពស់ពីដី រនាប និងជញ្ជាំងក្តារ ប្រក់ស័ង្កសី ដែលត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៨៩០,០០០ រៀល ជូនលោកនាយចំណង់ ប៊ុន សៅ អាយុ ៥៦ ឆ្នាំមានកូននៅក្នុងចំនួន ០៤ នាក់ ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨១ នៅអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ហើយត្រូវរបួសពិកានៅឆ្នាំ១៩៨៦ នៅសមរភូមិអូរសាលា ច្រាំងក្រហម ក្នុងបេសកកម្មនៅលើទឹកដីឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងឱកាសប្រគល់ផ្ទះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមការងារបានឧបត្ថម្ភ អង្ករចំនួន ៥០ គីឡូក្រាម , មីយើងចំនួន ០៣ កេស , ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២ យួរ , ទឹកបរិសុទ្ធចំនួន ០១ កេស , ថវិកាចំនួន៦០០,០០០ រៀលនិងសម្ភារៈសម្រាប់ប្រើប្រាស់មួយចំនួនទៀត ។
លោកមេឃុំ ត្នោតជុំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខលំបាករបស់អតីតយុទ្ធជន ដែលជួបភាពខ្វះខាតជម្រកស្នាក់នៅ និងបាន ជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវគ្រោះមហន្តរាយនានា ក៏តែងតែមានក្រុមការងាររបស់សម្តេចចុះជួយគ្រប់ ទិសទី ដោយមិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់រងទុក្ខដោយមិនបានដឹកលឺពីអាជ្ញាធរនោះឡើយ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានទៅបំពេញ កាតព្វកិច្ចជាប្រជាពលរដ្ឋល្អ បំពេញសិទ្ធិជាម្ចាស់សំលេងឆ្នោត និងបានចេញទៅប្រើប្រាសសិទ្ធបាន យ៉ាងច្រើនកុះករ ដើម្បីឲ្យសម្តេចមានលទ្ធភាពបំរើប្រជាពលរដ្ឋ និងដឹកនាំនាវាសន្តិភាពឆ្ពោះទៅរកភាពរីក ចម្រើនកាន់តែរុងរឿងបន្តទៀត ។
ដោយ ប៊ុន រដ្ឋា




































