សិស្សអនុវិទ្យាល័យពង្រ ដួលសន្លប់ជិត៥០នាក់សមត្ថកិច្ចកំពុងស្រាវជ្រាវពីមូលហេតុ

0

ខេត្តកំពង់ធំ៖  សិស្សអនុវិទ្យាល័យពង្រ មានអាការៈក្អួតចង្អោនិងដួលសន្លាប់ជាបន្តបន្ទាប់ ដោយពុំដឹងពីមូល ហេតុច្បាស់លាស់ ខណៈនេះសមត្ថកិច្ចជំនាញ សហការជាមួយសុខាភិបាល ចុះត្រួតពិនិត្យកន្លែងកើតហេតុ ដើម្បីស្រាវជ្រាវពីមូលហេតុ ដែលបណ្តាលឲ្យ សិស្សដួលសន្លប់នៅក្នុងសាលារៀនអនុវិទ្យាល័យពង្រ ស្ថិត នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

លោកសេងសុខ ជាប្រធានមន្ទីរពេទ្យបង្អែកស្រុកស្ទោងបានបញ្ជាក់ថា គិតរហូតដល់ព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សិស្សអនុវិទ្យាល័យពង្រ មានអាការៈក្អួតចង្អោ ខ្លះដួលសន្លប់ មានចំនួន៤៩នាក់ ដែលបានដាក់ការសង្ស័យថា ជាករណីពុលអាហារ  ដែលពុំមានអនាម័យលក់ក្នុង សាលារៀន ទើបបណ្តាលឲ្យ មានករណីពុលចំណីបាន សិស្សានុសិស្សទាំង៤៩នាក់ កំពុងតែសម្រាកព្យាបាលនៅឯមន្ទីរពេទ្យបង្អែកស្រុកស្ទោង ដោយក្នុងនោះ មានសិស្សខ្លះបានធូរស្រាលវិញខ្លះហើយ រីឯវត្ថុតាងក្រុមគ្រូពេទ្យ បានប្រមូលយកទៅពីនិត្យនៅប៉ាស្ទ័រឬនាយកដ្ឋានសាធារណៈ៕

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានអញ្ជើញចុះពិនិត្យស្ថានភាព អ្នករងគ្រោះ ដល់សិស្សានុសិស្សដែលពុលចំណីអាហារ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង និងបានឧបត្ថម្ភទឹកសុទ្ធ និងថវិកា១ចំនួនផងដែរ និងបានបញ្ជាក់ថា មកដល់ព្រលប់នេះសិស្សានុសិស្សចំនួន៤៩នាក់ ក៏បានធូរស្រាលឡើងវិញហើយដែរ បន្ទាប់ពីពួកគាត់បានមកចូលសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង តាំងពីម៉ោងជាង៩រហូត មកដល់ម៉ោង៦ ដោយពុំមានសិស្សណាគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ ។

ឯកឧត្តម សុខ​ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណបញ្ជាការឯកភាពខេត្តកំពង់ធំ បានអំពាវនាវទៅដល់អ្នកគ្រូ លោកគ្រូ ក៏ដូចជាដល់អាជីវករលក់ នៅក្នុងអនុវិទ្យាល័យពង្រ ត្រូវតែពិនិត្យ ម្ហូបអាហារ មុននឹង យកមកលក់ជូនសិស្ស គឺចាំបាច់មានភាពស្អាត អានាម័យល្អ អាហារមានគុណភាព ទើបអនុញ្ញាតិឲ្យលក់ ជូនសិស្សក្នុងសាលាបាន មិនត្រូវយកអាហារណាដែល ខូចគុណភាព ហួសសុពលភាព និងការវេចខ្ចប់ មិនបានល្អ យកមកដាក់លក់ជាដាច់ខាត ។

ដោយ  ប៊ុន  រដ្ឋា