កំពង់ធំ៖ ដោយក្តីរំភើប របស់អតីតយុទ្ធជន ខណៈពេលដែលបានទទួលផ្ទះថ្មី ជាខ្នងផ្ទះលើកទី១០១ អំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានទទួលទាំងទឹកភ្នែកដោយក្តីរីករាយត្រេត អររកអ្វីប្រៀបផ្ទឹមពុំបាន ដែលមិននឹកស្មានថា មានវាសនាបានផ្ទះថ្មីក្នុងមួយជីវិតនេះ ដោយសារកន្លងមក គ្មានផ្ទះសំបែកអាស្រ័យរស់នៅជាមួយបងប្អូន។
ផ្ទះថ្មីលើកទី១០១ ដែលជាអំណោយរបស់សម្តេចត្រូវបានសាងសង់រួចរាល់ ដោយសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ សហការជាមួយសមាគមអតីតយុទ្ធជនស្រុកបារាយណ៍ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលពិធីប្រគល់ផ្ទះនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម រួមទាំងសហការីនិងអាជ្ញាធរដែនដី ប្រគល់ជូនលោកព្រិន្ទបាលទោ ឃិន ខាំ អាយុ ៧១ ឆ្នាំ ជាអតីតមន្ត្រីនគរបាលចូលនិវត្តន៍នៅឆ្នាំ២០០៣ មានភរិយាឈ្មោះ ញ៉ែម ស៊ុយ អាយុ៧០ ឆ្នាំ មានសមាជិកគ្រួសារសរុបចំនួន ១០ នាក់ មានដី តែគ្មានផ្ទះ រស់នៅជ្រកកោនជាមួយបងប្អូន ស្ថិតនៅក្នុងភូមិសំរោង ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅរសៀល ថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៨ ។
ផ្ទះថ្មីដែលបានប្រគល់ជូនមាន ទំហំ ៤មx៦ម សាងសង់ពីឈើជញ្ជាំងនិងរនាបក្តារ ដំបូលប្រក់ស័ង្កសី ដែលត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន៦,៩៧៩,០០០រៀល ក្នុងពិធី ប្រគល់ផ្ទះថ្មីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភជូនបន្ថែមនូវ អំណោយ សម្ដេចតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា នូវអង្ករចំនួន៥០ គីឡូក្រាម , មីយើងចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៊ីវចំនួន ០២ យួរ , មុងជ្រលក់ថ្នាំចំនួន ០២ និងថវិកាចំនួន៤០០,០០០ រៀល ។
អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បានអបអរសាទរចំពោះការទទួលបានផ្ទះថ្មីនេះ នឹងបានគោរពថ្លែងអំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់អតីតយុទ្ធជននៅគ្រប់ទីកន្លែង ក្នុងខេត្តកំពង់ធំ ធ្វើឲ្យក្រុមគ្រួសាររបស់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ទទួលបាននូវភាពកក់ក្តៅ ដោយមិននៅឯកកោម្នាក់ឯងនោះឡើយ ដោយមានឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន ខេត្តចុះសួរសុខទុក្ខជាប្រចាំដល់ក្រុមគ្រួសារអតីតយុទ្ធជន និងអតីតយុទ្ធជនពលី មិនថានៅជិត នៅឆ្ងាយ ក៏ក្រុមការងារចុះដល់លំនៅដ្ឋាន ដើម្បីសិក្សាស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅ ដើម្បីធ្វើបច្ចប្បន្នភាព គ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ។
ដោយ ប៊ុន រដ្ឋា





































