ទឹកភ្នែក​អតីត​យុទ្ធ​ជនខណៈពេលដែលបានទទួលផ្ទះថ្មីជាខ្នងផ្ទះលើកទី១០១ អំណោយសម្តេចតេជោ ហ៊ុន សែន

0

កំពង់ធំ៖ ដោយក្តីរំភើប របស់អតីតយុទ្ធជន ខណៈពេលដែលបានទទួលផ្ទះថ្មី ជាខ្នងផ្ទះលើកទី១០១ អំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជាប្រមុខដឹកនាំរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានទទួលទាំងទឹកភ្នែកដោយក្តីរីករាយត្រេត អររកអ្វីប្រៀបផ្ទឹមពុំបាន ដែលមិននឹកស្មានថា មានវាសនាបានផ្ទះថ្មីក្នុងមួយជីវិតនេះ ដោយសារកន្លងមក គ្មានផ្ទះសំបែកអាស្រ័យរស់នៅជាមួយបងប្អូន។

ផ្ទះថ្មីលើកទី១០១ ដែលជាអំណោយរបស់សម្តេចត្រូវបានសាងសង់រួចរាល់ ដោយសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំ សហការជាមួយសមាគមអតីតយុទ្ធជនស្រុកបារាយណ៍ តាមរយះឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម​ អគ្គលេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ដែលពិធីប្រគល់ផ្ទះនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ តំណាងឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម រួមទាំងសហការីនិងអាជ្ញាធរ​ដែនដី ប្រគល់​ជូន​លោក​ព្រិន្ទបាលទោ ឃិន ខាំ​ អាយុ​ ៧១​ ឆ្នាំ​ ជា​អតីត​មន្ត្រី​នគរបាល​ចូល​និវត្តន៍​នៅ​ឆ្នាំ​២០០៣​  មាន​ភរិយា​ឈ្មោះ​ ញ៉ែម​ ស៊ុយ​ អាយុ​៧០​ ឆ្នាំ​ មាន​សមាជិក​គ្រួសារ​សរុប​ចំនួន​ ១០​ នាក់​ មាន​ដី​ តែ​គ្មាន​ផ្ទះ​ រស់​នៅ​ជ្រក​កោន​ជា​មួយ​បងប្អូន​ ស្ថិតនៅ​ក្នុង​ភូមិ​សំរោង​ ឃុំបារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​  នៅរសៀល ថ្ងៃទី០៩ វិច្ឆិកា​ ឆ្នាំ​២០១៨ ។

ផ្ទះថ្មីដែលបានប្រគល់ជូនមាន ទំហំ ៤មx៦ម សាងសង់​ពីឈើ​ជញ្ជាំង​និង​រនាប​ក្តារ​ ដំបូល​ប្រក់​ស័ង្កសី​ ដែល​ត្រូវ​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​៦,៩៧៩,០០០​រៀល​ ក្នុងពិធី ប្រគល់ផ្ទះថ្មីនេះ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន​ឧបត្ថម្ភ​ជូន​បន្ថែម​នូវ ​អំណោយ​ ​សម្ដេច​តេជោ ហ៊ុន សែន តាម​រយៈឯកឧត្តម ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា នូវ​អង្ករ​ចំនួន​៥០​ គីឡូ​ក្រាម , មីយើងចំនួន​ ០២​ កេស , ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​ ០២ យួរ ,  មុង​ជ្រលក់​ថ្នាំ​ចំនួន ០២ និង​ថវិកា​ចំនួន​៤០០,០០០​ រៀល​  ។

អាជ្ញាធរ​ដែនដី​ កងកម្លាំង​ប្រដាប់​អាវុធ​ និង​ប្រជាពលរដ្ឋ​ បាន​អបអរសាទរ​ចំពោះ​ការ​ទទួល​បាន​ផ្ទះ​ថ្មី​នេះ​ នឹង​បាន​គោរព​ថ្លែង​អំណរគុណ ចំពោះសម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន  សែន​ និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ដែល​ជានិច្ចកាល​តែងតែ​យក​ចិត្ត​ទុកដាក់​ពី​សុខ​ទុក្ខ​ និង​ជីវភាព​រស់នៅ​របស់​អតីត​យុទ្ធ​ជន​នៅគ្រប់​ទីកន្លែង ក្នុងខេត្តកំពង់ធំ ធ្វើឲ្យក្រុមគ្រួសាររបស់អតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ទទួលបាននូវភាពកក់ក្តៅ ដោយមិននៅឯកកោម្នាក់ឯងនោះឡើយ ​ ដោយមានឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន ខេត្តចុះសួរសុខទុក្ខជាប្រចាំដល់ក្រុមគ្រួសារអតីតយុទ្ធជន និងអតីតយុទ្ធជនពលី មិនថានៅជិត នៅឆ្ងាយ ក៏ក្រុមការងារចុះដល់លំនៅដ្ឋាន ដើម្បីសិក្សាស្វែងយល់ពីសុខទុក្ខ និងជីវភាពរស់នៅ ដើម្បីធ្វើបច្ចប្បន្នភាព គ្រប់ទីកន្លែងក្នុងខេត្តកំពង់ធំ។

ដោយ  ប៊ុន  រដ្ឋា