កំពង់ធំ៖ បច្ច័យរបស់អង្គកឋិនទានមហាសាមគ្គីរបស់មន្រ្តីរាជការ ខេត្តកំពង់ធំ និងពុទ្ធបរិស័ទជិតឆ្ងាយ ត្រូវបានប្រគេន ព្រះសត្ថាបារមី សៀង សុខ ព្រះគ្រូចៅអធិការ ព្រះមេគុណខេត្តកំពង់ធំ វត្តឥន្រ្ទីសំវរៈ ហៅវត្តកំពង់ធំចំនួន២៤៦.២៧៨.០០០៛និង២០.២២២ ដុល្លា សម្រាប់ការសាងសង់ព្រះវិហារថ្មី ដែលខណៈនេះកំពុងតែដំណើរការសាងសង់ បច្ច័យទាំង បានកើតចេញពីកម្លាំងមហាសាមគ្គីអង្គកឋិនទាន របស់បងប្អូន ប្រជាពលរដ្ឋ អជីវករ មន្រ្តីរាជការ កងកម្លាំង និងតាមបណ្តាខេត្តមួយចំនួនផងដែរ។

កឋិនមហាសាមគ្គី ត្រូវបានផ្តួចផ្តើម និងដឹកនាំធ្វើអង្គកឋិនសាមគ្គីដោយ ឯកឧត្តម សុខ លូ ខេត្តកំពង់ធំ និងឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល លោកជំទាវ ឆាយ ស៊ីណា និងលោកឧកញ៉ា ឯកឧត្តម លោកជំទាវ ទាំងមន្រ្តីរាជការគ្រប់មន្ទីរអង្គភាព កងកម្លាំងទាំងអស់ និងលោក លោកស្រីជាអាជីវករនិងពុទ្ធបរិស័ទក្នុងខេត្តកំពង់ធំបានមូលមតិគ្នាបានធ្វើបុណ្យអង្គកថិនទាន ដើម្បីដង្ហែរទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងវត្តឥន្ទ្រីយ៍សំវរៈហៅវត្តកំពង់ធំ មានបច្ច័យចំនួន ២៤៦.២៧៨.០០០៛និង២០.២២២ ដុល្លា និងស៊ីម៉ង២០តោនផងដែរ ដំកល់ទុកសម្រាប់ចាត់ចែងកសាងទៅតាមតម្រូវការរបស់អាចារ្យ គណ:កម្មការ និងព្រះសង្ឃនៅក្នុងទីវត្តអារាម ។

ពិធីបុណ្យកថិនទានជាបុណ្យសំខាន់ក្នុងចំណោមពិធីបុណ្យធំៗក្នុងព្រះពុទ្ធសាសនា សំពត់ស្បង់ ត្រៃចីវរ គ្រឿងស្លៀកគ្របដណ្ដប់របស់ព្រះភិក្ខុសង្ឃដែលទាយកទាយិកាប្រគេនដល់ភិក្ខុសង្ឃក្នុងកថិនកាល គឺតាំងពីថ្ងៃ ១ រោចខែអស្សុជ ដល់ថ្ងៃ ១៥ កើតខែកត្ដិក ដែលហៅថាបុណ្យ កថិន គឺបុណ្យប្រគេនសំពត់នេះឯង ដែលប្រជាពុទ្ធបរិស័ទខ្មែរតែងតែនំាយកនូវគ្រឿង សំពត់ ស្លៀកគ្របដណ្ដប់ទៅប្រគេនព្រះភិក្ខុសង្ឃ ដែលបានគង់ចំាទីព្រះវស្សាអស់ត្រីមាស៣ខែក្នុងវស្សានរដូវកន្លងមកក្នុងវត្តអារាមពុទ្ធសាសនិកជនអាចប្រារព្ធបាននៅជារៀងរាល់ឆ្នំាក្នុងអំឡុងរយៈពេល២៩ថ្ងៃតែប៉ុណ្ណោះគឺគិតរាប់ចាប់ពីថ្ងៃ១រោចខែអស្សុជ ដល់ថ្ងៃ១៥កើតខែកក្តិកហៅថា «រដូវកាលបុណ្យកថិន»។

យោងតាមប្រវត្តិសាស្រ្ត សម័យពុទ្ធកាលព្រះពុទ្ធជាអម្ចាស់ទ្រង់បានអនុញ្ញាតិឱ្យ ព្រះភិក្ខុសង្ឃប្រើប្រាស់បានតែសំពត់ស្បង់ណាដែលគេយកទៅបង្សុលក្នុងពិធីបុណ្យសពតែប៉ុណ្ណោះ លុះអំណេះក្រោយមកដោយស្វែងយល់ឃើញថាមានការលំបាក ដល់ការគ្រងស្លៀកដណ្ដប់ដល់សង្ឃសាវ័ករបស់ទ្រង់ទើបព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បានបញ្ញាតិ្តនិងអនុញ្ញាតឱ្យប្រើប្រាស់សំពត់គ្រឿងស្លៀកដណ្ដប់ត្រៃចីវរដែលប្រគេនដោយពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លានោះ។

គឺសម្ភារៈរបស់កថិនទានជារួមមាន៖ ត្រៃចីវរ (ស្បង់១ ចីវរ១ និងសង្ឃដី១) បរិវារកថិន៖ បច្ច័យ៤រួមមាន:១.ចីវរបច្ច័យ: សាដក គ្រឿងស្លៀកពាក់ ២.បិណ្ឌបាតបច្ច័យ : គ្រឿងបរិភោគ ៣.សេនាសេនបច្ច័យ : គ្រឿងដេកឈរអង្គុយ ៤.ភេសជ្ជបច្ច័យ : គ្រឿងភេសជ្ជ: ថ្នាំព្យាបាលរោគជាដើម។ បច្ចុប្បន្នប្រជាពុទ្ធបរិស័ទប្រារព្ធឡើងដើម្បីប្រមូលបច្ច័យ (ប្រាក់កាស)យកទៅប្រគេនព្រះសង្ឃសម្រាប់កសាងជួសជុលវត្តអារាមនិងចូលរួមចំណែកអភិវឌ្ឍសង្គមដូចជាស្ថាបនាផ្លូវថ្នល់ ស្ពានមន្ទីរពេទ្យសាលារៀន លក្ខណៈពិសេសរបស់កថិនទាន ១ឆ្នំាយើងធ្វើបានតែ១ដងគត់តាមកាលនៃពុទ្ធវិន័យ ដើម្បីទទួលបានអនិសង្ឃទំាងអ្នកធ្វើនិងអ្នកទទួល ហើយ

ក្នុង១វត្តទទួលកថិនបានតែ១ដងតែប៉ុណ្ណោះ ការគោរពប្រតិបត្តិយ៉ាងម៉ត់ចត់ត្រឹមត្រូវតាមពុទ្ធវិន័យ ទើបឡើងជាកថិននិងទទួលបានអនិសង្ឃ ចំពោះព្រះភិក្ខុសង្ឃដែលធ្វើឱ្យដាច់វស្សានិងនេនសាមណេរ មិនអាចទទួលកឋិនបានឡើយ។ ដោយឡែកការលះបង់ចិត្តកំណាញក្នុងងសន្ដានចិត្តឱ្យជ្រះថ្លាចេះធ្វើទាន ចែករំលែក នឹងធ្វើខ្លួនឱ្យមានប្រយោជន៏ដល់អ្នកដទៃ បណ្ដុះស្មារតីបណ្ដុះនូវសេចក្ដីល្អ ជាកុសល ដល់ទាយក ទាយិកា ឱ្យគោរពស្រឡាញ់ព្រះពុទ្ធសាសនា ទទួលបានអនិសង្ឃទំាងបច្ចុប្បន្ន និង អនាគត លើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យរុងរឿងរឹងមំាថែមទៀត៕

ក្នុងពិធី ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ សំណេះសំណាល និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី មន្រ្តីរាជការ កងកម្លាំង មន្ទីរអង្គភាពគ្រប់ស្ថាប័ននិង លោកយាយ លោកតា និងពុទ្ធបរិស័ទ ដែលអញ្ជើញមកពីបណ្តាខេត្តក្រុង និងទាំងអស់ ដែលបានរួមមូលមតិ គ្នាធ្វើអង្គកឋិនទាននេះ ដើម្បីនាំយកបច្ច័យមកកសាងព្រះវិហារដែលកំពុងតែសាងសង់នេះ និងបានជំរាប ដល់បងប្អូន លោកយាយ លោកតាថា

យើងបានសុខមកដល់ថ្ងៃនេះ ក៏ដោយសារតែកក្តាសុខសន្តិភាព និងសង្ឃឹមថា ពុទ្ធបរិស័ទទាំងអស់ រួមចំណែកកសាងរក្សាសុខសន្តិភាពនេះ អោយបានគង់វង្សយូរអង្វែង យើងមានសន្តិភាពត្រឹមតែ២០ឆ្នាំគត់ គឺឆ្នាំ១៩៩៨ដល់ឆ្នាំ ២០១៨ យើងមានការអភិវឌ្ឍន៍មកដល់កន្លែងនេះ ដែល ជាមោទនភាព របស់ជាតិយើង យើងខិតខំរក្សាសន្តិភាព កំណើនសេដ្ឋកិច្ចក្នុង៧ភាគរយ បន្តទៀតនោះ ដល់ឆ្នាំ២០៣០ ប្រទេសយើងនិងប្រែក្លាយជាប្រទេសដែលមាន ចំណូលមធ្យោមកំរិតខ្ពស់ ហើយដល់ឆ្នាំ២០៥០ ប្រទេសយើងនិងមានចំណូលខ្ពស់ស្មើរនឹងប្រទេសអភិវឌ្ឍន៍ នៅលើពិភពលោក ។
ដោយ ប៊ុន រដ្ឋា





































