កំពង់ស្ពឺ ៖ បញ្ហាទំនាស់ដីធ្លីដ៍រ៉ាំរៃរវាងប្រជាពលរដ្ឋ ឃុំយាអង្គ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ ជាមួយក្រុមហ៊ុនស៊ីធីម៉ាត នៅតែបន្តកើតមានដដែលទោះបីជាអាជ្ញាធរកំពុងព្យាយាមដោះស្រាយ ប៉ុន្តែមានជនខិលខូចមួយចំនួនបានយកប្រជាពលរដ្ឋជាឈ្នាន់ ចោទក្រុមហ៊ុនស៊ីធីម៉ាតខូអិលធីឌី
យកគ្រឿងចក្រឈូសរំលោភយកដីអ្នកភូមិ អស់ជាច្រើនហិចតា ។
លោកម៉ៅ ម៉ុតអាយុ៤៨ឆ្នាំ បាននិយាយកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤នេះថា មានមនុស្ស២ទៅ៣នាក់បានមកបំផុសបំផុលប្រពន្ឋគាត់ និងអ្នកភូមិផ្សេងទៀត អោយឈរនៅលើដីពួកគាត់ហើយកាន់រូបសម្តេចតេជោហ៊ុន សែន បន្ទាប់បានថតរូបរួចចេញទៅបាត់ ដោយមិននិយាយអ្វីទាំងអស់ ។ លោកបន្តថាដីដែលមានការប៉ះពាល់ជាមួយក្រុមហ៊ុនស៊ីធីម៉ាតរបស់ពួកគាត់៨គ្រួសារ នោះសរុបចំនួនជាង២០ហិកតា មានប្លង់កម្មសិទ្ធស្របច្បាប់ត្រឹមត្រូវ ដែលវាស់វែងដោយក្រុមនិស្សិតស្ម័កចិត្តសម្តេចតេជោក្នុងឆ្នាំ២០១២ ។
លោកយឹម សូត្របានអោយដឹងដែរថា កាលពីដើមខែមករា២០១៤មាន ឈ្មោះសេង រស់នៅភូមិឡ ឃុំព្រៃក្រសាំង ស្រុកឧដុង្គ និងឈ្មោះធឿនជាមន្ត្រី សុរិយោដីបានមកទាក់ទងពួកគាត់យកប្លង់ដីទាំងអស់មកធ្វើការសំរបសំរួលជាមួយខាងក្រុមហ៊ុនស៊ីធីម៉ាត ដោយក្នុងម្នាក់ៗខ្លះទទួលលុយកក់៣០០ទៅ៤០០ដុល្លារ និងខ្លះទៀតបាន១០០០ដុល្លារតាមទំហំដី ហើយសន្យា៦៥ថ្ងៃក្រោយប្រគល់លុយគ្រប់ចំនួនប៉ុន្តែរហូតពេលនោះមិនទាន់ឃើញជនទាំងនោះយកលុយមកអោយគ្រប់ឡើយគិតទៅជាច្រើនខែកន្លងមកហើយ ។ លុះពេលនេះស្រាប់តែគ្រឿងចក្រក្រុមហ៊ុនចូលមកឈូសឆាយទើបដឹងច្បាស់ថា អ្នកយកប្លង់ទៅនោះជាពួកឈ្មួញកណ្តាលសោះ ។
អ្នកភូមិបន្តថា អ្នកដើរប្រមូលប្លង់ដីស្ពាយទៅបាត់នោះ អាចជាបក្សពួកលោកស្រីហៀង គន្ឋី ប្រពន្ឋលោកអាំ ផល្លីនជាឈ្មួញរកស៊ីគួកជេដីធ្លី និងតែងតែយកឈ្មោះអ្នកថ្នាក់ដឹងនាំធំៗមកកាងផងដែរ ប៉ុន្តែមមិនអាចទំនាក់ទំនងសុំការពន្យល់ពីលោកស្រីហៀងគន្ឋីបានទេ ព្រោះគ្មានលេខទូរស័ព្ទ ។
សូមបញ្ជាក់ថា រឿងទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុនស៊ីធីម៉ាតបានកើតមានជាច្រើនឆ្នាំកន្លងមកហើយទោះបីអាជ្ញាធរស្រុកថ្ពងព្យាយាមដោះស្រាយជាច្រើនលើក ប៉ុន្តែមិនចប់ឡើយ គឺបញ្ហាចេះតែកើតមានដោយសារក្រុមឈ្មួញកណ្តាលលក់ដីខ្សល់បន្តឱ្យអ្នកនៅភ្នំពេញហើយអ្នករងគ្រោះប្រជាពលរដ្ឋ ។
លោកលឹម ខេមរ៉ា ប្រធានក្រុមហ៊ុន ស៊ីធីម៉ាតខូអិលធីឌីបានឱ្យដឹងតាមទូរស័ព្ទថា លោកទទួលស្គាល់ពិតជាមានការប៉ះពាល់ជាមួយដីរបស់ប្រជាពលរដ្ឋ មែន ប៉ុន្ដែខាងក្រុមហ៊ុនបានធ្វើការសម្របសម្រួល ដោយមានអាជ្ញាធរចូលរួមដោះស្រាយជាគោលនយោបាយគ្រប់វិធី គឺមិនមានបញ្ហាអ្វីឡើយ ។ លោកបន្តថា ដំណោះស្រាយជាមួយប្រជាពលរដ្ឋនៅតែមាន ប៉ុន្ដែចុងក្រោយនេះមានអ្នកដើរការញុះញង់ពលរដ្ឋទើបធ្វើឱ្យមានបញ្ហាស្មុកស្មាញ ។ ប្រសិនអ្នកតវ៉ាមានដីពិតប្រាកដ និងឯកសារគ្រប់គ្រាន់ ក្រុមហ៊ុននឹងដោះស្រាយជួនតាមជាក់ស្តែង ៕



































