កីឡាករ Ashley Cole និង Samuel Eto'o ត្រូវបានក្លិបតោខៀវ Chelsea អនុញ្ញាតឲ្យ ចាកចេញពីក្រុមនៅពេលដែលកិច្ចសន្យារបស់គេផុតកំណត់នៅថ្ងៃច័ន្ទក្រោយនេះ ។
ខ្សែការពារឆ្វេង Cole បានសម្រេចចិត្តចាកចេញពីទឹកដី Stamford Bridge កាលពីខែមុនបន្ទាប់ពីរូបគេបានចំណាយពេល៨ឆ្នាំលេងឲ្យ Chelsea ។ ចំណែកឯកីឡាករ Eto'o ដែលមាន វ័យ៣៣ឆ្នាំហើយនោះត្រូវបានគ្រូបង្វឹក Jose Mourinho អនុញ្ញាតឲ្យចាកចេញបន្ទាប់ពី Chelsea ទិញបានខ្សែប្រយុទ្ធថ្មីគឺ Diego Costa ពីក្លិប Atletico Madrid ។
ក្លិប Chelsea បានបង្ហោះព័ត៌មានលើគេហទំព័ររបស់ខ្លួនថា “Cole ជាកីឡាករខ្លាំង មួយរូបហើយលេងបានយ៉ាងល្អសម្រាប់មុខតំណែងរបស់គាត់ហើយក្លិបសូមអរគុណដល់ Cole សម្រាប់ការចំណាយពេលជាច្រើនឆ្នាំដែលជួយឲ្យក្លិបឈ្នះជើងឯកជាច្រើន” ។
គួរបញ្ជាក់ថា Cole ធ្លាប់បានជួយឲ្យ Chelsea ឈ្នះជើងឯកធំៗចំនួន៨ដោយក្នុងនោះ រួមមានទាំងជើងឯក Premier League និង Champions League ផងដែរ ៕







































