កំពង់ធំ ៖បន្ទាប់ពីរដូវវស្សាបានកន្លងផុតទៅ ទឹកទន្លេបានស្រក បទល្មើសឆក់ត្រីត្រូវបានកើនឡើងជាលំដាប់បណ្តាលឲ្យមានការ ព្រួយបារម្ភណ៍ ពីសំណាក់ថ្នាក់ដឹកនាំ ទើបមានវិធានការទប់ស្កាត់ ការពារធនធាន មឆ្ឆាជាតិ ពីការឆក់ត្រី ។ ជាក់ស្តែងលោក សៅ វណ្ណសេរីវុទ្ធ នាក សង្កាត់រដ្ឋបាលជលផល ស្ទឹងសែន បានសហការការ ជាមួយផ្នែកសឹករងក្រុងស្ទឹងសែន ចុះបង្ក្រាបជនល្មើស ដែលបានលួច ឆក់ត្រី នៅតំបន់ អាងស្នែងក្របី ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបានក្របួច ជនល្មើសបានចំនួន ៤ នាក់ និងវត្ថុតាងមាន ម៉ូតូសង់កូរ៉េ ៤គ្រឿង អាគុយ ៦គ្រឿង ដងឆក់៦គ្រឿង វាំងវិចទ័រ ឆក់ត្រីចំនួន ៣ គ្រឿង កាលពី ព្រឹក វេលាម៉ោង ១០.៣០នាទី ថ្ងៃទី ៥ ខែ កុម្ភះ ឆ្នាំ ២០១៤ ។
ជនសង្ស័យទាំង៤នាក់ ត្រូវបានគេស្គាល់ឈ្មោះ នួន ជា ភេទ ប្រុស ២៨ឆ្នាំ ទី២ ឈ្មោះ ឡាញ់ លីន ភេទ ប្រុស អាយុ ២៨ឆ្នាំ ទី ៣ ឈ្មោះ ចុន រ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ ទី៤ឈ្មោះ ចិក ឡេត ភេទ ប្រុស ២៥ឆ្នាំ អ្នកទាំងបួននាក់ រស់នៅ ភូមិ ម្នាវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ត្រូវបានឃាត់ខ្លួននៅចំនុច អាងសសរមួយ ជនល្មើសទាំងបួននាក់ ត្រូវបានបញ្ជូនមកកាន់ ទីស្នាក់ការ រដ្ឋបាលជលផល ស្ទឹងសែន ។ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាល ជលផលកំពង់ធំ បានថ្លែងអំណរគុណ ចំពោះកំលាំងសឹករង ក្រុងស្ទឹងសែន ដែលបានសហការបង្ក្រាបបទល្មើស រហូរបានជោគជ័យ និងសម្រេចបានជាច្រើនករណី ក្នុង ការចូលរួម ការពារធនធានមឆ្ឆាជាតិ ដោយឡែកកិច្ចការ ទប់ស្កាត់បទល្មើសឆក់ និងការប្រើប្រាស់ ឧបករណ៍ ខុសច្បាប់ ខណ្ទរដ្ឋបាលជលផល បានប្រើប្រាស់ កំលាំងសរុបនៅតាមផ្នែក និងសង្កាត់រួមគ្នា ដើម្បីចុះបង្ក្រាប ដោយបទល្មើស ដែលមានកំលាំងសឹករង ប្រចាំការជាមួយ ជាពិសេស ចាប់ពី ខែ១មករា ឆ្នាំ ២០១៤មកនេះ ខណ្ទរដ្ឋបាលជលផល បានចាប់បទល្មើសឆក់ចំនួន ១១ករណី គិតត្រឹម ថ្ងៃទី ៥ ខែ កុម្ភះ ឆ្នាំ ២០១៤នេះ ។
លោក ប៉ែន វណ្ណរិទ្ធ បានអំពាវនាវ ដល់បង ប្អូនប្រជាពលរដ្ឋ ទាំងអស់ បញ្ឈប់ជាបន្ទាន់ នូវបទល្មើសឆក់ត្រី និងស្បៃមុង ដែលជាហេតុបណ្តាលឲ្យមានគ្រោះដល់ជីវិតដោយសារករណីឆក់ខ្លួនឯង និងសូមឲ្យបងប្អូនយល់ដែលសមត្ថកិច្ច ទប់ស្កាត់ហាមមិនអោយឆក់ត្រីនេះ គឺមិនមែនជាទ្រព្យសម្បត្តិ របស់ជលផលនោះទេ វាជាសម្បត្តិរបស់បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ដែល រាជរដ្ឋាភិបាល បានសម្រេចលុបឡូត៍នេសាទចោល ហើយប្រគល់អោយបងប្អូន ជាអ្នកថែរក្សា ដូច្នេះវាជាធនធានរបស់បងប្អូនៗ ជាម្ចាស់ត្រូវតែថែរក្សាធនធាន របស់បងប្អូន ឈប់ប្រើប្រាស់ស្បៃមុង ឆក់ត្រី រួមទាំងឧបករណ៍ ខុសច្បាប់ទាំងឡាយ ដើម្បីឲ្យមឆ្ឆាជាតិ មាន ឳកាសពងកូន ព្រោះមឆ្ឆាជាតិដែលរួចផុតការឆក់ ត្រូវបានបង្អាក់រហូតដល់ទៅ៣ឆ្នាំ ទើបពងម្តងទៀត ចំណែករដ្ឋបាលជលផល និងសមត្ថកិច្ច គ្រាន់តែជាអ្នកជួយការពារ សម្រួលនូវបច្ចេកទេស អោយមានការ នេសាទដោយស្របច្បាប់តែប៉ុណ្ណោះ ។ ដោយ ប៊ុន រដ្ឋា