ខ្សែការពារ Thiago Silva បានចេញមកធ្វើការសុំទោសដល់អ្នកគាំទ្ររបស់ប្រេស៊ីលទាំងអស់ បន្ទាប់ពីប្រទេសម្ចាស់ផ្ទះមួយនេះបានបញ្ចប់ការប្រកួត World Cup ទាំងទទួលបាននូវលទ្ធផល មិនល្អ ។ កូនក្រុមរបស់លោក Luiz Felipe Scolari បានធ្លាក់ចេញពីការប្រកួត World Cup នៅវគ្គ៤ក្រុមចុងក្រោយក្រោមថ្វីដៃរបស់ឥន្ទ្រីដែកអាល្លឺម៉ង់ហើយពួកគេមិនទទួលបានសូម្បីលេខ៣បន្ទាប់ពី ប្រកួតចាញ់ក្រុមមច្ចុរាជពណ៌ទឹកក្រូចក្នុងលទ្ធផល៣-០ ។
ប្រធានក្រុមជម្រើសជាតិប្រេស៊ីលរូបនេះប្រាប់ទូរទស្សន៍ TV Globo ថា “វាជាសំណាងអាក្រក់ ក្នុងកីឡាបាល់ទាត់ យើងបានធ្វើការសុំទោសដល់អ្នកគាំទ្រទាំងអស់សម្រាប់ការប្រកយតជាមួយ អាល្លឺម៉ង់និងហូឡង់ ពួកគេបានសើចចំអកដល់យើងពេលការប្រកួតចប់ប៉ុន្តែយើងដឹងពីអារម្មណ៍ របស់ពួកគេដែលស្រឡាញ់ក្រុមបាល់ទាត់ប្រេស៊ីល” ។ គួរបញ្ជាក់ថា ទន្ទឹមជាមួយគ្នានោះសហព័ន្ធបាល់ទាត់របស់ប្រេស៊ីលក៏បានលើកឡើងផងដែរថា គ្រូបង្វឹក Scolari នឹងមិនត្រូវបណ្តេញចេញពីតំណែងឡើយ ៕







































