ភ្នំពេញៈ បុរស២នាក់បានរងរបួសធ្ងន់ និងស្រាលខណៈដែលពូកគេកំពុងជិះម៉ូតូសេ១២៥មួយគ្រឿងហើយត្រូវបានរថយន្តតាក់ស៊ីរបស់ក្រុមហ៊ុនឆយ បើកបុកកាលពីវេលាម៉ោង២២ និង៤០នាទីយប់ ថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០១៤ នៅចំណុចមុខមន្ទីរពេទ្យព្រះអង្គឌួង ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូសេ១២៥ មួយគ្រឿងពណ៌ខ្មៅ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តតាក់ស៊ីម៉ែត្រក្រុមហ៊ុនឆយ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១១៨ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន បានជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ស្រាល២នាក់ ហើយរថយន្តបង្ក បានព្យាយាមបើករត់រហូតដល់ចំណុចមុខសួនក្តាន់២ ក៏ត្រូវបានសមត្ថកិច្ចឃាត់ជាប់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានសម្របសម្រួល ដោយឲ្យភាគីខាងរថយន្តបង្កចេញថ្លៃខូចខាត ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕