ក្រុមបាល់ទាត់តោកំណាចអង់គ្លេសបានធ្លាក់ពីលេខរៀងពី១០ទៅកាន់លេខរៀងទី២០នៃ ចំណាត់ថ្នាក់របស់ FIFA បន្ទាប់ពីពួកគេលេងមិនបានល្អក្នុងការប្រកួត World Cup នៅប្រទេស ប្រេស៊ីល ។ កូនក្រុមរបស់លោក Roy Hodgson មិនអាចមានលទ្ធភាពឆ្លងផុតវគ្គចែកពូលឡើយ
ក្នុងការប្រកួពានរង្វាន់ពិភពលោកដែលធ្វើឡើងនៅលើទឹកដីអាមេរិកខាងត្បូងដោយស្ថិតនៅបាតតារាង ពូល D ដែលមានត្រឹម១ពិន្ទុគត់ ។ ជាលទ្ធផល អង់គ្លេសបានឈរពីក្រោមក្រុមបូស្នៀដែលស្ថិតនៅលំដាប់ទី១៩ខណៈម្ចាស់ ជើងឯក World Cup ក្រុមឥន្ទ្រីដែកអាល្លឺម៉ង់បានឡើងឈរទីកំពូលជាលើកដំបូងក្នុងរយៈពេល ប្រមាណ២០ឆ្នាំចុងក្រោយនេះ ។
អាហ្សង់ទីនបានឡើងឈរនៅលេខ២ខណៈដែលហូឡង់ឈរនៅលេខ៣ហើយម្ចាស់ជើងឯក ពានរង្វាន់ពិភពលោកឆ្នាំ ២០១០ គឺគោជល់អេស្ប៉ាញបានធ្លាក់ទៅចំណាត់ថ្នាក់ទី៨ ។ ទន្ទឹមជាមួយគ្នានោះ ក្រុមវ៉េលបានធ្លាក់៣ចំណាត់ថ្នាក់ទៅលេខរៀងទី៤៤ ដោយឡែក ស្កុតឡែននៅតែឈរនៅលំដាប់ទី២៧ចំណែកសាធារណរដ្ឋអៀរឡង់ក៏រក្សានៅចំណាត់ថ្នាក់ទី៧០ផងដែរនិងអៀរឡង់ខាងជើងបានរំកិលឡើងមួយលេខមកនៅលំដាប់ទី ៨៩ ៕







































