ក្លិបបិសាចក្រហម Manchester United បានសម្រេចចិត្តបញ្ឈប់ការតាមប្រម៉ាញ់ខ្សែបម្រើ Arturo Vidal របស់ក្លិបសេះបង្កង់ Juventus ក្រោយពេលក្លិបបានបដិសេធចំពោះការស្នើសុំរបស់ Juventus ដែលមានបំណងចង់បានតម្លៃខ្លួនរបស់ Vidal រហូតដល់ ៣៤ លានផោន ។
កីឡាករអន្តរជាតិឈីលីរូបនេះមានទំនាក់ទំនងលើការផ្លាស់មកកាន់ប្រទេសអង់គ្លេសនា រយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុន្តែនាយកប្រត្តិបត្តិក្លិប Juventus លោក Giuseppe Marotta បានលើកឡើងថា Vidal គឺមិនសម្រាប់ដាក់លក់ទេ ។ យោងតាមសារព័ត៌មាន The Express បានចុះផ្សាយថា ក្លិបបិសាចក្រហមបានបដិសេធចំពោះសំណើររបស់ Juventus ទាក់ទងនឹងតម្លៃពលកម្មរបស់កីឡាកររូបនេះហើយ Manchester United បានបង្វែរគោលដៅរបស់គេទៅរកកីឡាករផ្សេងវិញ ។ គួរបញ្ជាក់ថា ទន្ទឹមជាមួយគ្នានោះ ប្រធានក្លិប Manchester United ក៏ព្រួយបារម្ភ ចំពោះរបួស ជង្គង់របស់កីឡាករវ័យ២៧ឆ្នាំនេះផងដែរ ដែលត្រូវបានតម្រូវឲ្យរូបគេធ្វើការវះកាត់មុនការប្រកួត World Cup នៅប្រទេសប្រេស៊ីល ៕







































