កំពង់ធំ៖ តាមសេចក្តីរាយការណ៍ ពីឃុំពាមបាង បានឲ្យដឹងថា ក្នុងរដូវបិទនេសាទនេះ សកម្មភាពបង្ករឲ្យមានបទល្មើស ដោយប្រើប្រាស់ឧបករណ៍ នេសាទដោយខុសច្បាប់ ថែមទាំងមានការបើកភ្លើងខៀវពីសំណាក់ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានឃុបឃិតគ្នាជាមួយលោក ប៉ែន ធារ៉ាត់ ប្រធានស្នាក់ការបរិស្ថានបឹងទន្លេច្មារ បើកដៃឲ្យនេសាទត្រីក្នុងបឹងទន្លេច្មារ ក្នុងរដូវបិទនេសាទ។ ទង្វើរបស់លោក ហួន ផល និងលោក ប៉ែន ធារ៉ាត់ បានប្រព្រឹត្តផ្ទុយពីបទបញ្ជារបស់រាជរដ្ឋាភិបាល មិនគោរពតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី និងមិនយកចិត្តទុកដាក់តាមការណែនាំរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឡើង តែផ្ទុយទៅវិញគឺរឹតតែបន្ថែមល្បឿនបទល្មើស កើតឡើងព្រោង ព្រាត ដោយពុំមានការបង្ក្រាបនោះទេ។

តាមការឲ្យដឹងពីប្រភពពត៌មាននៅឃុំពាមបាង បានឲ្យដឹងថាចំណែកអ្នកនេសាទរាប់រយនាក់ទៀត គឺលោក ហួន ផល និងលោក ប៉ែន ធារ៉ាត់ ជាអ្នកឲ្យនេសាទនៅក្នុងដែនទន្លេច្មារ ព្រមទាំងបង្គាប់ឲ្យអ្នកនេសាទបង់ លុយក្នុងវង់ ៣លាន៥សែន រៀល ក្នុងមួយខែ ។សូមបញ្ជាក់ថាពត៌មានពិតដែលបានបែកធ្លាយមកនេះ ក៏ដោយ សារតែការបែងចែកចំនែកមិនស្មើគ្នា ព្រោះក្នុងនោះ ចំណែកធំៗ ត្រូវបង់ឲ្យលោក នាយខណ្ទរដ្ឋបាលជល កំពង់ធំ និងលោកប្រធានបរិស្ថាន ខេត្តកំពង់ធំ និងចំនែករបស់សមត្ថកិច្ចពាក់ព័ន្ឋជាច្រើនទៀត។
តាមប្រភពពត៌មាន ពីប្រជាពលរដ្ឋដែលនេសាទ នៅក្នុងឃុំពាមបាង បាននិយាយថា លោក ហួន ផល បាន ផ្តាំមកថាការសែតទូរទស្សន៍ ចង់ចុះអីក៏ចុះទៅគាត់មិនឈឺក្បាលវិលមុខទេ ព្រោះគាត់អត់បានមើលទូរទស្សន៍ ឬកាសែតក៍ចប់រឿង តែបើចង់រករឿងឲ្យរករឿងមេទៅ ព្រោះគាត់រកលុយ មិនមែនគិតតែពីផលប្រយោជន៍ខ្លួនឯងនោះទេ យកលុយពីអ្នកនេសាទដើម្បីអង្គភាព ។
ដោយ នាគរាជ



































