កំពង់ឆ្នាំង៖ ពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ភូមិភាគប្រចាំឆ្នាំ២០១៤ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ នៅក្នុងទីលានបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាក្រសួងអប់រំ លោក ហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីគ្រប់មន្ទីរ អង្គភាពជុំវិញខេត្ត និងសិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនកុះករ។
គណៈកម្មការរៀបចំការប្រកួតកីឡាបានអោយដឹងថា៖ ដំណើរការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ភូមិភាគប្រចាំឆ្នាំ២០១៤នេះ នៅមណ្ឌលខេត្តកំពង់ឆ្នាំងមានខេត្តចំនួន៦បានចូលរួមនិងមានរយៈពេល១២ថ្ងៃគឺចាប់ពីថ្ងៃ០៩ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ ដែលចាប់តាំងផ្តើមដំណើការរហូតដល់ថ្ងៃបញ្ចប់នេះទទួលបានលទ្ធផលល្អ។
ចំពោះប្រភេទកីឡារួមមាន បាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ហើយត្រូវប្រើទីលានប្រកួត២កន្លែងគឺ ទីលានបាល់ទាត់នៅមុខសាលាខេត្ត និងទីលានកីឡាដ្ឋានខេត្តវត្តធម្មយុត្តិ។ ជាលទ្ធផលក្នុងការការប្រកួតរយៈពេល១២ថ្ងៃនេះគឺ កីឡាបាល់ទាត់លេខ១ត្រូវបានទៅលើក្រុមកីឡាករខេត្តកំពង់ឆ្នាំង លេខ២ខេត្តព្រៃវែង និងលេខ៣ខេត្តកំពង់ធំ,កីឡាបាល់ទះ លេខ១បានទៅលើក្រុមកីឡាករខេត្តព្រៃវែង លេខ២ខេត្តកំពង់ចាម និងលេខ៣ខេត្តកំពង់ឆ្នាំង,កីឡាបាល់បោះ លេខ១ត្រូវបានទៅលើក្រុមកីឡាករខេត្តកំពង់ចាម លេខ២ខេត្តកំពង់ឆ្នាំង និងលេខ៣ខេត្តកំពង់ធំ។
ដោយឡែកអត្តពលកម្មវិញលេខ១ត្រូវបានទៅលើក្រុមកីឡាខេត្តកំពង់ធំ លេខ២ខេត្តស្វាយរៀង លេខ៣ខេត្តកំពង់ឆ្នាំង។ ក្នុងពិធីបិតការប្រកួតកីឡានេះលោក លោក អ៊ុក សិទ្ធិជាតិ បានថ្លែងថា៖កម្មវិធីប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ភូមិភាគនេះបានបង្ហាញពីការវិវត្តន៍រីកចំរើនវិស័យកីឡាគ្រប់ខេត្ត ស្របនឹងការរីកចំរើនលើគ្រប់វិស័យផ្សេងៗទៀត ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី ហ៊ុន សែន ជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ។
កីឡាគឺជាសកម្មភាពមិនអាចខ្វះបានក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងធនធានមនុស្ស ព្រោះកីឡាបាននាំមកនូវសុខមាលភាព វប្បធម៌នៃសន្តិភាព ហើយរួមចំណែកបំបាត់អំពើហឹង្សា ការប្រើប្រាស់គ្រឿងញៀន។បច្ចុប្បន្ននេះនៅលើពិភពលោក បានចាត់ទុកវិស័យកីឡាជាឧស្សហកម្មដ៍មានសក្តានុពលនៅក្នុងវិស័យសេដ្ឋកិច្ច មានតួនាទីសំខាន់ក្នុងវិស័យទេសចរណ៍ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។ លោកអគ្គនាយក បានធ្វើការកោតសសើរចំពោះទឹកចិត្តជាកីឡារបស់កីឡាករកីឡាការនីទាំងអស់ ដែលក្នុងពេលប្រកួតបាន និងសាមគ្គីគ្នា យោគយល់គ្នាល្អ ហើយបានធ្វើការប្រកួតកីឡាទៅតាមបច្ចេកទេស បទបញ្ញាតិ និងបទពិសោធន៍ ដោយមិនបាតុភាពអ្វីលើកមានឡើយក្នុងពេលប្រកួត។ 
គណៈអធិបតីបានប្រគល់មេដៃចំណាត់ថ្នាក់ជូនដល់ក្រុមកីឡាករកីឡាការនីដែលទទួលបានជ័យលាភីថ្នាក់លេខ១ លេខ២ និងលេខ៣ គ្រប់វិញ្ញាសារកីឡាមកពី៦ខេត្តក្រុង ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅផងដែរដល់មន្ទីរអង្គភាពជុំវិញខេត្តអាជ្ញាធរខេត្តនិងសមត្ថកិច្ចក្នុងខេត្ត ដែលបានជួយការពារនិងលើកទឹកចិត្តដល់កីឡាករកីឡាការនីក្នុងកម្មវិធីប្រកួតរយះពេល១២ថ្ងៃកន្លងមកនេះដែលបានទទួលលទ្ធផលល្អគួរជាទីមោទនះ។
ក្រុមកីឡាករ កីឡាការនីក្នុងខេត្តកំពង់ឆ្នាំងសូមសំណូមពរដល់លោកអភិបាលខេត្ត និងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្តមេត្តាជួយលើកស្ទួយវិស័យកីឡាក្នុងខេត្តផង ព្រោះថានៅក្នុងការប្រកួតកីឡាថ្នាក់ភូមិភាគពេលនេះ ការឧបត្ថម្ភនិងគិតគូរដល់កីឡាករក្នុងខេត្តមានការថយចុះ ធ្វើអោយក្រុមកីឡាករជួបប្រទះការលំបាកក្នុងការហូបចុកជីវភាពស្នាក់នៅ ការឧបត្ថម្ភមិនគ្រប់គ្រាន់ ខ្វះការលើកទឹតចិត្ត ដែលបញ្ហានេះអាចធ្វើអោយវិស័យកីឡាក្នុងខេត្តមានការធ្លាក់ចុះ ព្រោះតែមិនសូវមានអ្នកគាំទ្រ៕






































