កំពង់ស្ពឺ ៖ ដើមស្លឹករឹតមួយដើម ក្នុងចំណោម៩ដើម បានចេញផ្កាយ៉ាង ចំឡែកដែលធ្លាប់បានជួបប្រទះនាពេលកន្លងមក ទើបបង្ករឱ្យមានភាណភ្ញាក់ផ្អើល ដល់ប្រជាពរដ្ឋ តៗគ្នាពីមនុស្សម្នាក់ទៅម្នាក់ ព្រះសង្ឍនាំគ្នាទៅបន់ស្រន់ អុចធូបសុំសេចក្តីសុខយ៉ាងច្រើន ។ រុក្ខជាតិដែលចេញផ្កា ហើយធ្វើឱ្យមានការភ្ញាក់ផ្អើស សម្រាប់ប្រជាពលរដ្ឋជាអ្នក គោរពបូជាព្រះពុទ្ធសាសនានេះ កើតមាននៅវត្តភ្នំតូច ភូមិក្រាំងស្ពឺ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ដែលដើមឈើនោះ ត្រូវបានប្រជាពលរដ្ឋហៅឈ្មោះថា ដើមស្លឹករឹត ឬដើមរឹត ហើយស្លឹករបស់វាត្រូវបានមនុស្សជំនាន់មុន យកទៅចារឹកជាក្បួន គម្ពីរ និងឯកសារផ្សេងៗជាច្រើនទៀត ទុកសម្រាប់អ្នកជំនាន់ក្រោយរៀនសូត្រ ព្រោះសម័យកាលនោះ គ្មានក្រដាស់ប៊ិច សៀវភៅដូចសព្វថ្ងៃនេះឡើយ ។ ព្រះតេជ្ជគុណព្រះនាមហ៊ុន ខេង ព្រះអនុគុណ ស្រុកសំរោងទង និងជាព្រះចៅអធិកាវត្តភ្នំតូចផងនោះ បានមានសង្ឃដិកាថា ចាប់តាំងពីព្រះអង្គបានមកបូសរៀន រហូតក្លាយជាគ្រូចៅអធិកាវត្តក្នុង ឆ្នាំ ១៩៩២ មកដល់បច្ចុប្បន្ននេះ ទើបប្រទះឃើញដើមរិទ្ធិ មួយដើមនេះចេញផ្កាយ៉ាងចំណែកចំឡែកបំផុត ព្រោះតែដើមរុក្ខជាតិមួយមុននេះ មិនដែលឃើញមានផ្លែ និងផ្កាយដូចដើមរុក្ខជាតិដទៃទៀតទេ ។ 
ចំណែកលោកអាចារ្យឡឹម យ៉ាន អាយុ ៧៣ ឆ្នាំ បានរៀបរាប់ ប្រភពនៃដើមស្លឹករឹត ចេញពីប្រទេស សេរីលង្កា (ឥណ្ឌា) ដោយដំណាលថា អ្នកចារ្យស្លឹករឹត ដំបូងគេបង្អស់ គឺព្រះនាម ពុទ្ធឃោសាចារ្យ បានចារ្យព្រះត្រៃបីដក ទាំងបីរួមមាន ព្រះវិន័យ ,ព្រះសូត្រ ,និងព្រះអភិធម្ម ទាំងបាលី សម្រាយ ក្បួនហោរាស្ត្រ តម្រា សម្រាប់ទស្ស៍ទាយ និងច្បាប់ផងដែរ ។ សម័យដើមក្នុងប្រទេសកម្ពុជាច្បាប់ និងក្បួនទាំងអស់ត្រូវបានចារលើស្លឹករឹត ឬក្រាំងព្រោះវាជាវត្ថុដែលរឹងមាំ អាចរក្សាទុកបានយូអង្វែង ។
សូមបញ្ជាក់ថា ស្លឹករឹតជារុក្ខជាតិព្រៃម្យ៉ាង ដុះលាយឡំជាមួយរុក្ខជាតិដទៃផ្សេងៗទៀត ហើយរុក្ខជាតប្រភេទនេះមានតែដើម ធាងស្លឹកដុះចេញពីកំពូលប៉ុណ្ណោះ ហើយវាគ្មានផ្លែទេក្នុងប្រទេសកម្ពុជាសម្បូរជាងគេ នៅខេត្តក្រចេះតែម្តង ។ សម្រាប់ដើមរឹតដែលដុះ ក្នុងវត្តភ្នំតូច ឃុំរលាំងគ្រើល ស្រុកសំរោងទងនេះ មានចំនួនសរុបចំនួន៩ដើម និងមានអាយុកាលប្រ១០០ឆ្នាំកន្លងមកហើយ ដែលមានកំពស់ចាប់ពី៨ទៅ១០ម៉ែត្រ ហើយដើមដែលចេញផ្កាមានតែមួយដើមប៉ុណ្ណោះ ទើបបង្ករភាពភ្ញាក់ផ្អើលទៅចោមរោមមើល ព្រមទាំងអុចធូមបែរបន់សុំសេចក្តីសុខតាមជំនឿរបស់ប្រជាពលរដ្ឋតែម្តង ។ បច្ចុប្បន្នប្រជាពលរដ្ឋ បាននាំគ្នាមកមើលដើមស្លឹករឹតនោះ ផ្កាតៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ដើម្បីសុំសេចក្តីសុខ និងរកស៊ីមានបានតាមជំនឿរៀងខ្លួន ៕




































