ខ្សែបម្រើស្លាបក្លិបមេឃខៀវ Manchester City កីឡាករ Jesus Navas បានបញ្ជាក់ថា គោលដៅដ៏ធំបំផុតរបស់ក្លិបនៅរដូវកាលនេះគឺឈ្នះជើងឯក Champions League ។ ក្លិបមេឃខៀវបានឈ្នះជើងឯក Premier League ចំនួន២លើកក្នុងរយៈពេល៣រដូវកាលចុងក្រោយកាលពីរដូវកាលមុនប៉ុន្តែក្លិបនេះបានធ្លាក់ចេញពីការប្រកួត Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយដោយស្នាដៃរបស់ក្លិបអ្នកមានបុណ្យ Barcelona ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Navas ជឿជាក់ថា រូបគេនិងមិត្តរួមក្រុម Man City នឹងអាចជួយក្លិបឲ្យបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅរដូវកាលនេះបាន ។ Navas ប្រាប់អ្នកសារព័ត៌មានថា “យើងមានកីឡាករល្អៗដែលអាចឈ្នះជើងឯក Premier League និង Champions League បាន ។ វាជារឿងដ៏អស្ចារ្យដែលអាចឈ្នះជើងឯកក្នុងលីក ម្តងទៀតបានប៉ុន្តែគោលដៅដ៏ធំបំផុតនៅរដូវកាលនេះគឺ Champions League” ។ គួរបញ្ជាក់ថា នៅយប់នេះ Manchester City នឹងត្រូវធ្វើការប្រកួតក្នុងពានរង្វាន់ International Champions Cup ជាមួយក្លិប AC Milan ក្នុងទីក្រុង Pittsburgh ៕







































