យោងតាមសារព័ត៌មានកីឡាមួយបានចុះផ្សាយថា ក្លិបចាបស្រុក West Bromwich Albion កំពុងតែបង្ហាញពីចំណាប់អារម្មណ៍លើការចង់បានខ្សែប្រយុទ្ធ Victor Moses របស់ក្លិបតោខៀវ Chelsea ។ កីឡាករវ័យ២៣ឆ្នាំរូបនេះត្រូវបានគេដឹងថា គឺជាគោលដៅរបស់ក្លិបមួយចំនួនក្នុង
ក្របខណ្ឌ Premier League ដោយរួមមានទាំងក្លិបទូកក្តោង Everton និងសារិការព្រៃ Newcastle United ផងដែរនាប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែក្លិប West Brom ត្រូវបានគេជឿជាក់ថា កំពុងមានសង្ឃឹមជាងគេលើការនាំយកកីឡាកររូបនេះមុនបើករដូវកាលថ្មីដែលនៅសល់រយៈពេលត្រឹមតែ៣សប្តាហ៍ទៀតប៉ុណ្ណោះ ។
យោងតាមគេហទំព័រ The Mirror បានចុះផ្សាយថា នាយកប្រតិបត្តិរបស់ក្លិប West Brom គឺលោក Terry Burton កំពុងតែរៀបចំសំណើរការនាំយកកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះដែលកាលពីរដូវកាលមុនរូបគេបានលេង ឲ្យក្លិបហង្សក្រហម Liverpool ក្នុងលក្ខណៈខ្ចីជើង ។ គួរបញ្ជាក់ថា Moses ក៏ធ្លាប់លេងឲ្យក្លិប Crystal Palace និង Wigan Athletic ផងដែរមុនផ្លាស់ទៅលេង នៅទឹកដី Stamford Bridge ក្នុងឆ្នាំ ២០១២ ៕







































